ភ្នំពេញ ៖ លោក អ៊ុក សិទ្ធជាតិ បានក្លាយប្រធានសហព័ន្ធបញ្ចកីឡាកម្ពុជា អាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតទំនុកចិត្ត ជ្រើសតាំងជាដឹកនាំ និងអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន ក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើស សមាជិកប្រត្តិបតិអាណត្តិទី១ ឆ្នាំ២០២៦-២០៣០ ជាផ្លូវការ ដែលព្រឹត្តិការណ៍រៀបចំ ដោយសហព័ន្ធបញ្ចកីឡាកម្ពុជា។

ក្នុងមហាសន្និបាតបោះឆ្នោតជ្រើសរើសសមាជិកប្រត្តិបតិអាណត្តិទី១ ឆ្នាំ២០២៦-២០៣០ នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញពិសំណាក់លោក អ៊ុក សិទ្ធជាតិ សមាជិកសភា តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ា វណ្ណៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា តំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងប្រតិភូ សមាជិក-សមាជិកាពាក់ព័ន្ធជា កីឡាករ-កីឡាការិនីច្រើនរូប។

លោក អ៊ុក សិទ្ធជាតិ បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមាជិកអង្គមហាសន្និបាតទាំងអស់ ដែលបានផ្តល់សេចក្តីទុក្ខចិត្ត ដល់រូបឯកឧត្តម ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដឹកនាំសហព័ន្ធបញ្ចកីឡាកម្ពុជា ដោយពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ការបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រម ព្រមទាំងរៀបចំ ផែនការយុទ្ធសាស្ត្រថ្មីៗ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតប្រជែង លើឆាកអន្តរជាតិ នាពេលខាងមុខ។ ការទទួលបានតំណែង ជាប្រធានសហព័ន្ធនាពេលនេះ ត្រូវបានរំពឹងថានឹងក្លាយ ជាចលករយ៉ាងសំខាន់ ក្នុងការរុញច្រាន «កីឡាបញ្ចកីឡា» (Modern Pentathlon) នៅកម្ពុជា ឱ្យកាន់តែមានសក្ដានុពល និងទទួលបានលទ្ធផលកាន់តែប្រសើរនៅលើឆាកជាតិ និងអន្តរជាតិ ។

សមាជិកប្រត្តិបតិអាណត្តិទី១ ឆ្នាំ២០២៦-២០៣០រួមមាន លោក អ៊ុក សិទ្ធជាតិ ជាប្រធានសហព័ន្ធបញ្ចកីឡាកម្ពុជាលោក លី ភក្តី លោក យិត ភីរៈ លោក ខ្លូត រតនា លោក កៅ វណ្ណារិន លោក យិន វុទ្ធី លោក លឹម មេធី លោកស្រី Maria Isabelita Manzon Cabrera លោក វ៉ា គ្រី អនុប្រធាន លោក ឡុង វណ្ណតារ៉ា អគ្គហេរញ្ញឹក លោកស្រី ហេង គាង អគ្គហេរញ្ញឹករង លោក ខ្ចៅ សុភាព អគ្គលេខាធិការ លោក ខៃ វណ្ណៈ លោក សុខ អាង អគ្គលេខាធិការរង និងសមាជិកជាច្រើនរូប៕








