កីឡា

ព័រទុយហ្គាល់ វាយបកយកឈ្នះ ន័រវែស ២-១ បន្តរក្សាកំណត់ត្រាឈ្នះ ១០០% ក្នុងពានរង្វាន់ Nations League

បរទេស៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបន្តរក្សាកំណត់ត្រាឈ្នះ១០០% របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ UEFA Nations League (ពូល A4) ក្រោយប្រកួតវាយបកយកឈ្នះយ៉ាងស្វិតស្វាញលើក្រុមភ្ញៀវន័រវែស ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋាន Estadio do Dragao។ គ្រាប់បាល់វាយបករបស់ Joao Cancelo និង Goncalo Ramos បានជួយស្រោចស្រង់កំហុសរបស់ Francisco Conceicao ដែលទទួលបានកាតក្រហមនៅចុងម៉ោង នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ការប្រកួតបានចាប់ផ្តើមឡើងក្រោមទម្រង់លេងបែបរឹតបន្តឹងយុទ្ធសាស្ត្រពីសំណាក់ក្រុមទាំងពីរ។ ទោះជាយ៉ាងណា ន័រវែសបានបំបែកពងមាន់មុននៅនាទីទី៣៦ តាមរយៈការតែតបញ្ចូលទីរបស់ខ្សែការពារ Kristoffer Ajer ក្រោយទទួលបានការបញ្ជូនបាល់យ៉ាងល្អពីប្រធានក្រុម Martin Odegaard។ ប៉ុន្តែការអបអររបស់ក្រុមភ្ញៀវមានរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺត្រឹមតែ២នាទីក្រោយមក ខ្សែការពារ Joao Cancelo បានស៊ុតតាមស្មើឱ្យព័រទុយហ្គាល់វិញ ក្រោយទទួលបានការបញ្ជូនបាល់ពី Nuno Mendes ដែលធ្វើឱ្យលទ្ធផលបញ្ចប់ត្រឹម ១-១ ក្នុងវគ្គទីមួយ។

​ឈានចូលវគ្គទីពីរ ព័រទុយហ្គាល់បានដាក់សម្ពាធ និងគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង ដោយមានស្ថិតិឱកាសរំពឹងទុកក្នុងការស៊ុតបញ្ចូលទី ដល់ទៅ ១,៩៥ ធៀបនឹងន័រវែសដែលមានត្រឹម ០,៥៩ ប៉ុណ្ណោះ។ ការដាក់សម្ពាធជាបន្តបន្ទាប់នេះបានហុចផ្លែផ្កានៅនាទីទី៧៩ នៅពេលដែលខ្សែប្រយុទ្ធ Goncalo Ramos បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះ ក្រោយការបញ្ជូនបាល់ដោយ Joao Felix។

​យ៉ាងណាមិញ ស្ថានការណ៍ចុងម៉ោងហាក់មានភាពតានតឹងបន្តិច បន្ទាប់ពីកីឡាករវ័យក្មេង Francisco Conceicao ទទួលបានកាតលឿងពីរផ្ទួនៗគ្នា និងត្រូវបណ្តេញចេញពីទីលាននៅនាទីទី៨៦។

ការណ៍នេះតម្រូវឱ្យព័រទុយហ្គាល់ត្រូវលេងការពារលទ្ធផលទាំងភ័យអរជាមួយសមាជិកត្រឹម ១០នាក់នៅលើទីលាន (រួមទាំងការទទួលបានកាតលឿងនៅចុងម៉ោងរបស់ប្រធានក្រុម Bruno Fernandes ផងដែរ) ប៉ុន្តែទីបំផុតពួកគេនៅតែអាចរក្សាជ័យជម្នះ ២-១ នេះរហូតដល់ចប់ការប្រកួត៕

ប្រែសម្រួល៖ គីរី

Most Popular

To Top