កីឡា

អាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក Klopp លេងបានត្រឹមស្មើ ក្រិក ០-០ ជាមួយនឹងទម្រង់លេងប្រយុទ្ធ “គ្មានចង្កូម”

​បរទេស៖ ក្រុមជម្រើសជាតិអាល្លឺម៉ង់ ដែលកំពុងស្ថិតក្រោមការរៀបចំយុទ្ធសាស្ត្រសាកល្បងរបស់គ្រូបង្វឹកលោក Jurgen Klopp បានទទួលលទ្ធផលស្មើ ០-០ យ៉ាងគួរឱ្យខកចិត្ត ពេលតទល់នឹងប្រព័ន្ធការពារដ៏រឹងមាំរបស់ក្រុមម្ចាស់ផ្ទះក្រិក នៅកីឡដ្ឋាន Toumba ក្នុងទីក្រុង Thessaloniki នៃព្រឹត្តិការណ៍ UEFA Nations League នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
​
ការគ្រប់គ្រងបាល់លើសលុប តែខ្វះប្រសិទ្ធភាព ក្នុងការប្រកួតនេះបង្ហាញយ៉ាងច្បាស់ ពីការគ្រប់គ្រងបាល់ស្ទើរតែទាំងស្រុង របស់ក្រុមភ្ញៀវអាល្លឺម៉ង់ ដែលត្រូវប្រឈមមុខនឹងជញ្ជាំងការពារដ៏រឹងរូសរបស់ក្រិក។ អាល្លឺម៉ង់គ្រប់គ្រងបាល់រហូតដល់ ៧០,១% និងបញ្ជូនបាល់បានយ៉ាងច្រើនរហូតដល់ ៦៤០ដង បើធៀបនឹងក្រិកដែលបញ្ជូនបាល់បានត្រឹម ២៦៧ដង។

ថ្វីបើអាល្លឺម៉ង់មានឱកាសស៊ុតរហូតដល់ ២១ដង និងអាចប៉ះបាល់ក្នុងតំបន់គ្រោះថ្នាក់ (Penalty Box) របស់គូប្រកួតដល់ទៅ ៤៥ដងក៏ដោយ ប៉ុន្តែភាពទន់ខ្សោយក្នុងការវាយលុកសម្រុកនៅតំបន់ខាងលើរបស់ពួកគេនៅតែស្តែងចេញយ៉ាងច្បាស់។ ពួកគេអាចស៊ុតចំគោលដៅឱ្យអ្នកចាំទីក្រិកសង្គ្រោះបានត្រឹមតែ ៤ដងប៉ុណ្ណោះ។

តារាឆ្នើម Florian Wirtz ហាក់បង្ហាញទម្រង់លេងធ្លាក់ចុះដូចពីមុន (បង្ហាញមុខមាត់ចាស់) ខណៈដែលបញ្ហាចម្បងរបស់អាល្លឺម៉ង់នៅពេលនេះ គឺការបំប្លែងទម្រង់លេងគ្រប់គ្រងបាល់ដ៏ល្អអស្ចារ្យ ឱ្យទៅជាលទ្ធផលគ្រាប់បាល់ជាក់ស្តែង។ ក្រោយការប្រកួតស្មើនេះ អាល្លឺម៉ង់បានបន្តឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងពូល A2។

ប្រែសម្រួល៖ គីរី

Most Popular

To Top