កីឡា

Joshua Zirkzee និង Teun Koopmeiners ស៊ុតជួយហូឡង់ យកឈ្នះស៊ែប៊ី ២-១ បន្តកំណត់ត្រាមិនដែលចាញ់ក្នុងពាន Nations League

​បរទេស៖ ក្រុមជម្រើសជាតិហូឡង់ បានបន្តរក្សាកំណត់ត្រា មិនដែលចាញ់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ UEFA Nations League បន្ទាប់ពីប្រកួតយកឈ្នះយ៉ាងស្វិតស្វាញលើ ក្រុមជម្រើសជាតិស៊ែប៊ី ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានក្នុងទីក្រុង Eindhoven ។ គ្រាប់បាល់ជ័យជម្នះ ពីកីឡាករ Teun Koopmeiners និង Joshua Zirkzee បានជួយឱ្យក្រុមម្ចាស់ផ្ទះ ដណ្តើមបាន ៣ពិន្ទុដ៏សំខាន់ បន្ទាប់ពីរងការតាមស្មើដោយកីឡាករ Mihajlo Cvetkovic ក្នុងវគ្គទីមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

ភាពបត់បែននៃយុទ្ធសាស្ត្រ និង ការប្រជែងគ្នាក្នុងវគ្គទីមួយ ក្រុមរបស់លោក Xavi Hernandez បានបង្ហាញភាពបត់បែន ផ្នែកយុទ្ធសាស្ត្រយ៉ាងល្អ ដោយគ្រប់គ្រងបាល់រហូតដល់ ៦៥% និងព្យាយាមបំបែកប្រព័ន្ធការពារដ៏រឹងមាំរបស់ស៊ែប៊ី។ នៅនាទីទី៣១ Teun Koopmeiners បានស៊ុតគ្រាប់បើកឆាកយ៉ាង ច្បាស់លាស់នាំមុខឱ្យហូឡង់ ប៉ុន្តែការនាំមុខនេះ រក្សាបានត្រឹមតែ ៤នាទីប៉ុណ្ណោះ ពោល គឺនៅនាទីទី៣៥ Mihajlo Cvetkovic បានទាញយកប្រយោជន៍ពីការ បញ្ជូនបាល់របស់ Aleksa Terzic ស៊ុតតាមស្មើ ១-១ មុនពេលបញ្ចប់តង់ទីមួយ។

​ ការសម្រេចចិត្តដាក់ខ្សែប្រយុទ្ធ Joshua Zirkzee ចូលលេងក្នុងវគ្គទីពីរ បានក្លាយជាចំណុចរបត់ដ៏សំខាន់បំផុត។ រូបគេបានបំពេញបន្ថែមនូវចន្លោះខ្វះខាតនៃតំបន់ប្រយុទ្ធ ហើយនៅនាទីទី៧២ Zirkzee ក៏បានទម្លាយសំណាញ់ទីយ៉ាងស្អាត ក្រោយការបញ្ជូនបាល់យ៉ាងល្អពី Tijjani Reijnders ដើម្បីនាំមុខជាថ្មី ២-១។

ទោះបីជាស៊ែប៊ីបានព្យាយាមវាយបកយ៉ាងខ្លាំងនៅចុងម៉ោងរហូតបង្កើតឱកាសស៊ុតសរុបដល់ទៅ ១៥ដងក៏ដោយ ក៏តំបន់ការពាររបស់ហូឡង់ នៅតែអាចទប់ទល់បានយ៉ាងរឹងមាំរហូតដល់ចប់ការប្រកួត។
​ជ័យជម្នះនេះបានជួយឱ្យហូឡង់ កើនពិន្ទុដល់ ៨ពិន្ទុ ក្នុងការប្រកួតសន្សំពិន្ទុពូល A2 នៃក្របខណ្ឌ UEFA Nations League A និងបន្តប្រដេញតាមពីក្រោយក្រុមកំពូលតារាងក្រិកយ៉ាងប្រកៀកប្រកិត។

ប្រែសម្រួល៖ គីរី

Most Popular

To Top