សិល្បៈ និង កម្សាន្ត

ភាពយន្ត «Avengers: Endgame» វិលត្រឡប់គ្រងតំណែងលេខ១ ជាភាពយន្តរកចំណូល បានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយផ្តួលរឿង «Avatar»

​បរទេស៖ ភាពយន្តកំពូលវីរបុរស «Avengers: Endgame» បានវាយលុកឡើងវិញដើម្បីគ្រងតំណែងកំពូលនៅលើតារាង Box Office ពិភពលោកជាថ្មីម្ដងទៀត ក្នុងនាមជាភាពយន្ត ដែលរកចំណូលបានខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រ។
​កំណើនចំណូលពីការចាក់បញ្ចាំងឡើងវិញ (Rerelease)
នៅក្នុងសប្តាហ៍ទី២ នៃការចាក់បញ្ចាំងឡើងវិញ ក្រោមចំណងជើងថា «Avengers Endgame: Encore» ដែលរៀបចំឡើងដោយក្រុមហ៊ុន Disney ដើម្បីដាស់អារម្មណ៍អ្នកគាំទ្រសម្រាប់ភាពយន្ត «Avengers: Doomsday» នាចុងឆ្នាំនេះ ភាពយន្តដែលធ្លាប់ចេញផ្សាយកាលពីឆ្នាំ២០១៩ មួយនេះ រកចំណូលបន្ថែមបាន ៤,៤ លានដុល្លារក្នុងស្រុក (អាមេរិក) និង ១៤,៤ លានដុល្លារនៅទីផ្សារអន្តរជាតិ ។

យោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Roporter នាពេលថ្មីៗនេះ តួលេខនេះបានរុញច្រានចំណូលសរុបរបស់វាទូទាំងពិភពលោកកើនដល់ ២,៩២៥៥ ពាន់លានដុល្លារ ដែលល្មមអាចផ្តួលកំណត់ត្រាសរុបរបស់រឿង «Avatar» (២,៩២៣៧ ពាន់លានដុល្លារ) បានដោយប្រផិតប្រផើយ។

គួររំលឹកថា បន្ទាប់ពីចាក់បញ្ចាំងដោយក្រុមហ៊ុន Twentieth Century Fox ក្នុងឆ្នាំ២០០៩ រឿង «Avatar» របស់អ្នកដឹកនាំលោក James Cameron បានគ្រងតំណែងជាភាពយន្តរកចំណូលបានខ្ពស់បំផុតលើលោកអស់រយៈពេលមួយទសវត្សរ៍ មុនពេលរឿង «Avengers: Endgame» ដណ្តើមបានតំណែងនេះក្នុងឆ្នាំ២០១៩។ ប៉ុន្តែពីរឆ្នាំក្រោយមក (២០២១) «Avatar» បានដណ្តើមតំណែងនេះមកវិញ តាមរយៈការចាក់បញ្ចាំងឡើងវិញមុនពេលចេញវគ្គ២ «Avatar: The Way of Water» ហើយពេលនេះ តំណែងកំពូលក៏បានធ្លាក់ទៅដៃ «Endgame» ជាថ្មីម្តងទៀត។

​
កាលពីចុងសប្តាហ៍មុន ចំណូល ៨៦លានដុល្លារទូទាំងពិភពលោករបស់ «Endgame: Encore» បានធ្វើឱ្យវាក្លាយជាភាពយន្តចាក់បញ្ចាំងឡើងវិញ (Rerelease) រកចំណូលបានច្រើនបំផុតទី២ ក្នុងប្រវត្តិសាស្ត្រពិភពលោក ពោលគឺឈរនៅពីក្រោយតែរឿង «Titanic 3D» (ឆ្នាំ២០១២) ប៉ុណ្ណោះ។ វាក៏បានឈរនៅកំពូលតារាង Box Office ក្នុងស្រុកដោយរកបាន ២៦លានដុល្លារ ក្នុងសប្តាហ៍ទីមួយនៃការចាក់បញ្ចាំងឡើងវិញ ដោយយកឈ្នះភាពយន្តថ្មីៗជាច្រើនរួមមាន «Heart of the Beast», «Primetime» និង «Forgotten Island»។

​
ភាពយន្ត «Avengers: Endgame» ដឹកនាំដោយលោក Anthony Russo និង Joe Russo ផលិតដោយស្ទូឌីយោ Marvel ដែលប្រមូលផ្តុំដោយតារាល្បីៗដូចជា Robert Downey Jr., Chris Evans, Mark Ruffalo, Chris Hemsworth, Scarlett Johansson និង Jeremy Renner។

​ភាពជោគជ័យ នៃការចាក់បញ្ចាំងឡើងវិញនេះ គឺជាសញ្ញាដ៏វិជ្ជមាន និងជាការបើកផ្លូវដ៏ល្អមួយ សម្រាប់គម្រោងភាពយន្តខ្នាតធំ «Avengers: Doomsday» ដែលដឹកនាំដោយបងប្អូនត្រកូល Russo ដដែល ដោយត្រៀមចាក់បញ្ចាំងនៅថ្ងៃទី១៨ ខែធ្នូ ខាងមុខ ស្របពេលជាមួយគ្នានឹងភាពយន្តដ៏ល្បីរបស់ Warner Bros. គឺរឿង «Dune: Part Three» ផងដែរ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top