សិល្បៈ និង កម្សាន្ត

តារាសម្ដែង Tilda Swinton ត្រៀមចេញផ្សាយសៀវភៅជីវប្រវត្តិដំបូង «Material Evidence» ក្នុងទម្រង់ដ៏ប្លែកមិនធ្លាប់មាន

​បរទេស៖ តារាសម្ដែងជើងចាស់ និងជាម្ចាស់ពានរង្វាន់អូស្ការ អ្នកស្រី Tilda Swinton បានប្រកាសពីការត្រៀមចេញផ្សាយសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួន (Memoir) ជាលើកដំបូង ដែលមានចំណងជើងថា «Material Evidence» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Repoter ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦។

​អ្វីដែលធ្វើឱ្យសៀវភៅនេះមានភាពលេចធ្លោ និងខុសប្លែកពីសៀវភៅ ជីវប្រវត្តិរបស់តារាល្បីៗទូទៅនោះគឺ អ្នកស្រីនឹងមិនសរសេររៀបរាប់ពីប្រវត្តិជីវិត តាមលំដាប់លំដោយពេលវេលា ពីកុមារភាព រហូតដល់ទទួលបានភាពល្បីល្បាញនោះទេ។ ផ្ទុយទៅវិញ តារាសម្ដែងរូបនេះបានជ្រើសរើសការ និទានរឿងរ៉ាវជីវិតរបស់ខ្លួនតាមរយៈ “វត្ថុ” ផ្សេងៗ។

សៀវភៅ «Material Evidence» នឹងប្រើប្រាស់វត្ថុនានាដូចជា អាវយឺត (Sweatshirt) រូបថត សំបុត្រ រ៉ូប និងជើងឈើសិប្បនិម្មិត ជាដើម ដើម្បីជាចំណុចចាប់ផ្ដើមក្នុងការរំលឹកអនុស្សាវរីយ៍ និងសាច់រឿងនីមួយៗរបស់គាត់។ អ្នកស្រី Swinton បានរៀបរាប់អំពីសៀវភៅនេះថា វាគឺជា “សៀវភៅដែលនិយាយពីការចង់ដឹងចង់ឃើញ” និងប្រៀបបានទៅនឹង “ស្នាមកម្ទេចនំប៉័ងដែលបន្សល់ទុកជាផ្លូវនៅក្នុងព្រៃ”។ អ្នកស្រីសង្ឃឹមថា សៀវភៅនេះនឹងជំរុញឱ្យអ្នកអានទទួលបាននូវថាមពល និងចេះតម្លៃនៃការផ្លាស់ប្តូរក្នុងជីវិត។

សៀវភៅនេះត្រូវបានកំណត់កាលវិភាគចេញផ្សាយជាសកលនៅរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៨ ខាងមុខ (ប្រហែលខែកញ្ញា-វិច្ឆិកា ឆ្នាំ២០២៨)។

គ្រឹះស្ថានបោះពុម្ព សៀវភៅនេះនឹងបោះពុម្ពផ្សាយដោយគ្រឹះស្ថាន Canongate សម្រាប់ចក្រភពអង់គ្លេស និងគ្រឹះស្ថាន Farrar, Straus and Giroux (FSG) សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
​ការជ្រើសរើសរបៀបនិពន្ធដ៏កម្រនេះ ត្រូវបានអ្នកជំនាញមើលឃើញថា គឺពិតជាស័ក្តិសមបំផុតទៅនឹងអត្តចរិត និងស្ទីលរបស់ Swinton ដែលតែងតែមានភាពបត់បែនខ្ពស់ និងផ្លាស់ប្តូរអត្តសញ្ញាណប្លែកៗជាច្រើនរាប់មិនអស់នៅក្នុងពិភពភាពយន្តកន្លងមក។

ប្រែសម្រួល៖ គីរី

Most Popular

To Top