សិល្បៈ និង កម្សាន្ត

Taylor Swift បង្ហាញខ្លួនយ៉ាងភ្ញាក់ផ្អើល ក្នុងកម្មវិធី SNL របស់ Dakota Johnson ខណៈអ្នកទាំងពីរ ទើបសហការគ្នាក្នុងវីដេអូចម្រៀងថ្មី

​បរទេស៖ តារាចម្រៀងល្បីឈ្មោះ Taylor Swift បានបង្ហាញខ្លួនយ៉ាងគួរឱ្យភ្ញាក់ផ្អើល ក្នុងអំឡុងពេលដែលតារាសម្តែង Dakota Johnson កំពុងថ្លែងសុន្ទរកថាបើកកម្មវិធី (Monologue) “Saturday Night Live” (SNL) កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Life នាពេលថ្មីៗនេះ។

នៅក្នុងសុន្ទរកថាបើកកម្មវិធី តារាសម្តែង ក្នុងរឿង Verity ខាងលើ បាននិយាយលេងសើចអំពីការបែកបាក់ ស្នេហាជាសាធារណៈរបស់នាងជាមួយនឹង “តារាតន្ត្រីដ៏អស្ចារ្យពីររូប” ចាប់តាំងពីការបង្ហាញខ្លួនលើក ចុងក្រោយរបស់នាងក្នុងកម្មវិធី SNL។ នាងបានលើកឡើងថា នាងមានមិត្តភក្តិដ៏ល្អដែលតែងតែគាំទ្រ និងមិនវិនិច្ឆ័យរូបនាងចំពោះការទាក់ទងបុរសទាំងនោះឡើយ។

​ភ្លាមៗនោះ Taylor Swift ក៏បានបង្ហាញខ្លួន ដោយ Johnson បានហៅតារាចម្រៀងរូបនេះថាជា “អ្នកប្រឹក្សាផ្លូវចិត្តផ្ទាល់ខ្លួន” របស់នាង។ ជាការឆ្លើយតប ម្ចាស់ពានរង្វាន់ Grammy រូបនេះបានបដិសេធ ដោយនិយាយលេងសើចវិញថា៖ “ខ្ញុំមិនមែនជាអ្នកប្រឹក្សាផ្លូវចិត្តរបស់អ្នកទេ។ តាមពិត អ្នកគ្រាន់តែមកផ្ទះខ្ញុំម្តងក្នុងមួយសប្តាហ៍ ជាមួយនឹងដបស្រាទទេរ… រួចក៏ទម្លាក់ខ្លួនលើសាឡុងរបស់ខ្ញុំ និងរៀបរាប់រឿងរ៉ាវផ្ទាល់ខ្លួនហួសហេតុ ហើយខ្ញុំគ្រាន់តែឆ្លើយតបថា ‘យីកូ! ជារឿងឆ្កួតមែន’ ប៉ុណ្ណោះ។” Johnson ក៏បានតបវិញយ៉ាងកំប្លែងថា៖ “ចុះហ្នឹង មិនមែនហៅថាអ្នកប្រឹក្សាផ្លូវចិត្តទេឬ?”
​ដើម្បីបញ្ចប់សុន្ទរកថារបស់នាង Johnson បានលេងសើចបន្ថែមថា ការដែលនាងទាក់ទងជាមួយអ្នកតន្ត្រី គឺជាការជួយសង្គមមួយ ព្រោះនាងបានជួយសន្សំប្រាក់ស្ត្រីដទៃជាច្រើនក្នុងការទិញថ្នាំបំបាត់ភាពតានតឹង។ នាងបន្ថែមថា៖ “មិនបាច់គួរសមទេ អាមេរិក! ព្រមទាំងអង់គ្លេស អៀរឡង់ និងទីក្រុង Cleveland!” ដែលភ្លាមៗនោះ Swift ក៏បានបន្លឺសំឡេង “Woo-woo!” គាំទ្រពីក្រោយផងដែរ។

​
គួររំលឹកថា ការលើកឡើងពី “ទីក្រុង Cleveland” គឺសំដៅទៅលើបទចម្រៀងថ្មីមួយរបស់ Swift ដែលមានចំណងជើងថា Cleveland ដែលនាងច្រៀងរៀបរាប់ពីស្វាមីរបស់នាង គឺកីឡាករ Travis Kelce និងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ ដោយមានឃ្លាបញ្ជាក់ពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅថា “នេះគឺជាមនុស្សជាទីស្រឡាញ់ប្រចាំជីវិតរបស់ខ្ញុំ”។

​កាលពីថ្ងៃអាទិត្យ Swift ក៏បានបញ្ចេញវីដេអូចម្រៀងថ្មី សម្រាប់បទ “Patient Zero” ដែលមានការចូលរួមសម្តែង ផ្ទាល់ពីសំណាក់ Dakota Johnson និងតារាសម្តែង Colin Farrell។ វីដេអូនេះត្រូវបានចាក់បញ្ចាំងជាលើកដំបូងក្នុងកម្មវិធីពានរង្វាន់ MTV VMAs។ បទនេះគឺជា ១ ក្នុងចំណោមបទចម្រៀងថ្មីទាំង ៤ នៃអាល់ប៊ុម “The Life of a Showgirl: Encore Edition” ដែលទើបតែចេញផ្សាយកាលពីថ្ងៃសុក្រ។

ប្រែសម្រួល៖ គីរី

Most Popular

To Top