សិល្បៈ និង កម្សាន្ត

Justin Timberlake សុំទោសលាយឡំ នឹងការលេងសើច ចំពោះចំណូលចិត្តលេង Beatbox កាលពីអតីតកាល ដោយបញ្ជាក់ថា “មិនហ៊ានសន្យាថា នឹងមិនធ្វើវាទៀតនោះទេ”

​បរទេស៖ តារាចម្រៀងប៉ុបដ៏ល្បីល្បាញ លោក Justin Timberlake កំពុងតែរំឭកពីអតីតកាលទាក់ទង នឹងចំណូលចិត្តរបស់លោក ក្នុងការបង្កើតសំឡេងចង្វាក់ភ្លេងតាមមាត់ ឬហៅថា Beatboxin នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន The Hollywood Reporter នាពេលថ្មីៗនេះ។

​ម្ចាស់បទ “SexyBack” រូបនេះបានឆ្លើយតបទៅនឹងវីដេអូដ៏មានប្រជាប្រិយភាពមួយ (Viral Video) នៅលើបណ្តាញសង្គម Instagram ដែលបានចោទសួរពីចំណង់ចំណូលចិត្តផ្នែកតន្ត្រីរបស់លោក កាលពីដើមទសវត្សរ៍ឆ្នាំ ២០០០។

នៅក្នុងវីដេអូនោះ អ្នកបង្កើតមាតិកាឈ្មោះ Hannah Young បានលើកឡើងថា អ្នកគាំទ្រហាក់ដូចជា “មិនសូវបាននិយាយពីការលេង Beatbox របស់លោក Justin Timberlake ឱ្យបានច្រើននោះទេ”។

​អ្នកនាង Hannah បានរៀបរាប់ថា៖ “មានពេលមួយនោះ បុរសម្នាក់នេះកំពុងច្រៀងសុខៗ ស្រាប់តែបញ្ចេញសំឡេង Beatbox (boots and cats) នៅកណ្តាលបទតែម្តង។ ពេលនោះគ្មាននរណាម្នាក់សួរនាំអ្វីទេ គឺគ្មានអ្នកណានិយាយថា ‘Justin ពួកយើងមានស្គរវាយហើយតើ’ នោះឡើយ”។

អ្នកនាងបានបន្ថែមទៀតថា៖ “ហើយពួកយើងបែរជាចូលចិត្តវាទៅវិញ… ពួកយើងបានមើលគាត់បង្កើតសំឡេងស្គរចេញពីមាត់របស់គាត់ ហើយលាន់មាត់ថា ‘ព្រះអើយ តើមានអ្វីដែលគាត់ធ្វើមិនបាននោះ?'”
​ជាការឆ្លើយតប លោក Timberlake បានឆ្លៀតឱកាសចូលទៅបញ្ចេញមតិ (Comment) ក្នុងវីដេអូនោះ ដោយសុំទោសក្នុងន័យលេងសើចចំពោះប្រវត្តិនៃការលេង Beatbox ក្នុងអាជីពរបស់លោក។

​លោកបានសរសេរថា៖ “ខ្ញុំតែងតែនឹកគិតដល់ពេលវេលានោះដូចគ្នា។ មកទល់ពេលនេះ ខ្ញុំនៅតែរកចម្លើយមិនទាន់ឃើញសោះ។ ខ្ញុំមិនដឹងថាត្រូវសុំទោសយ៉ាងម៉េចទើបស័ក្តិសម ចំពោះមហិច្ឆតារបស់ខ្ញុំកាលពីពេលនោះទេ… សង្ឃឹមថាអ្នកទាំងអស់គ្នានឹងអាចអភ័យទោសឱ្យខ្ញុំ”។ លោកបានបន្ថែមទាំងកំប្លែងទៀតថា៖ “ម៉្យាងវិញទៀត ខ្ញុំក៏មិនអាចសន្យាបានដែរថា ខ្ញុំនឹងមិនធ្វើវាម្ដងទៀតនោះ។ សូមព្រះជាម្ចាស់ជួយយើងផងចុះ”។

​ទោះបីជាតារាចម្រៀងម្ចាស់បទ “Suit & Tie” រូបនេះហាក់និយាយក្នុងន័យលេងសើចក៏ដោយ ប៉ុន្តែប្រវត្តិលេង Beatbox របស់លោកគឺពិតជាមានភាពល្បីល្បាញជាយូរមកហើយ។ លោកធ្លាប់បានសម្ដែងការ Beatbox នេះកំឡុងពេលប្រគំតន្ត្រី No Strings Attached របស់ក្រុមចម្រៀង NSYNC កាលពីឆ្នាំ ២០០០ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ហើយមួយឆ្នាំក្រោយមក ជំនាញនេះក៏ត្រូវបានបញ្ចូលទៅក្នុងបទចម្រៀងដ៏ពេញនិយម “Pop” ក្នុងអាល់ប៊ុម Celebrity (២០០១) របស់ពួកគេផងដែរ។

​គួររំឭកផងដែរថា កាលពីឆ្នាំ ២០២៣ កន្លងទៅ ក្នុងកម្មវិធី Hot Ones ដែលលោកបានចូលរួមជាមួយអតីតសមាជិកក្រុម NSYNC លោក Timberlake ធ្លាប់បានលើកឡើងថា ការបង្ហាញសមត្ថភាពប្រកួត Beatbox កំឡុងពេលប្រគំតន្ត្រី របស់ពួកគេ គឺជារឿងដែល “គួរឱ្យស្តាយក្រោយបន្តិចបន្តួច (Slightly regrettable)” ខណៈដែលមិត្តរួមក្រុមគឺលោក Lance Bass បែរជាចាត់ទុកថាវាជាទិដ្ឋភាពដ៏ “អស្ចារ្យនិងជានិមិត្តរូប (Iconic)” ទៅវិញ៕

ប្រែសម្រួល៖ គីរី

Most Popular

To Top