បរទេស៖ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងជុំវិញបញ្ហារបួស បន្ទាប់ពីរូបគេត្រូវដើរខ្ចើចជើងចេញពីទីលាន នៅក្នុងជំនួបដែលន័រវែសបានរងបរាជ័យ ២-១ ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់ នៃក្របខណ្ឌ UEFA Nations League នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។
ខ្សែប្រយុទ្ធរបស់ក្លិប Manchester City រូបនេះ បានធ្វើសញ្ញាហៅទៅកាន់កៅអីបម្រុងដើម្បីសុំប្តូរចេញនៅនាទីទី៦៧ នៃការប្រកួតពូល A4។ ក្លិប Manchester City ដែលត្រៀមធ្វើដំណើរទៅប្រកួតជាមួយ Liverpool នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះក្នុងក្របខណ្ឌ Premier League កំពុងទន្ទឹងរង់ចាំដំណឹងបន្ថែមស្តីពីស្ថានភាពរបួសរបស់ Haaland (ដែលរកបាន ៧គ្រាប់ហើយក្នុងរដូវកាលនេះ)។ ការប្រកួតទល់នឹង Liverpool នេះ ក៏នឹងក្លាយជាការប្រកួតដំបូងរបស់ City ចាប់តាំងពីក្លិបត្រូវបានរកឃើញថាមានកំហុសលើគ្រប់បទចោទប្រកាន់ពាក់ព័ន្ធនឹងការបំពានបទបញ្ជាហិរញ្ញវត្ថុរបស់ Premier League ដែលបច្ចុប្បន្ន City កំពុងដាក់ពាក្យប្តឹងឧទ្ធរណ៍។
ការបរាជ័យនេះ គឺជាការចាញ់លើកទី៣ ផ្ទួនៗគ្នារបស់ Haaland និងក្រុមជម្រើសជាតិន័រវែស ក្នុងពានរង្វាន់ Nations League ខណៈដែលគ្រាប់បាល់ជ័យជម្នះនៅចុងម៉ោងរបស់ Goncalo Ramos បានជួយឱ្យព័រទុយហ្គាល់កក់កៅអីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ។
ន័រវែសបានរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣៦ នៅពេលដែលខ្សែការពារ Kristoffer Ajer របស់ក្លិប Brentford បានយកទ្រូងរារងបាល់បញ្ជូនកាត់របស់ Martin Odegaard មុននឹងទាត់បាល់មួយជើងយ៉ាងស្អាតចូលជ្រុងខាងលើនៃសំណាញ់ទី។ ប៉ុន្តែត្រឹមតែ ២នាទីក្រោយមក Joao Cancelo បានស៊ុតបាល់កន្ត្រាក់មួយជើងយ៉ាងអស្ចារ្យតាមស្មើឱ្យព័រទុយហ្គាល់វិញ ក្រោយការបោះបាល់វែងចូលពីខ្សែបន្ទាត់ដោយ Nuno Mendes។
Haaland ស្ទើរតែរកគ្រាប់បាល់បានឱ្យន័រវែស តាមរយៈការស៊ុតមួយជើងរំលងខុសគោលដៅបន្តិច មុនពេលរូបគេត្រូវបានប្តូរចេញ ដោយដាក់ជំនួសដោយកីឡាករ Jorgen Strand Larsen។ នៅនាទីទី៧៩ (សល់ ១១នាទីចុងក្រោយ) Ramos បានស៊ុតផ្តាច់ព្រ័ត្រចម្ងាយជិត ក្រោយការបញ្ជូនបាល់ពី Joao Felix ដើម្បីជួយឱ្យព័រទុយហ្គាល់រក្សាជ័យជម្នះជាលើកទី៤ ជាប់ៗគ្នា។
ព័រទុយហ្គាល់ត្រូវបញ្ចប់ការប្រកួតជាមួយនឹងសមាជិកត្រឹម ១០នាក់ បន្ទាប់ពីខ្សែស្លាប Francisco Conceicao ត្រូវបានពិន័យកាតក្រហមបណ្តេញចេញនៅនាទីទី៨៧ ដោយសារទទួលបានកាតលឿងពីរផ្ទួនៗជុំវិញការតវ៉ាប្រឆាំងនឹងអាជ្ញាកណ្តាល។
នេះជាការប្រកួតទី៣ ជាប់ៗគ្នាដែលព័រទុយហ្គាល់លេងដោយគ្មានវត្តមានរបស់ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរកគ្រាប់បាល់បានច្រើនជាងគេរូបនេះ បានចាកចេញពីជំរំប្រមូលផ្តុំកាលពីសប្តាហ៍មុន ក្រោយពីមិនត្រូវបានជ្រើសរើសឱ្យចូលលេង។ គ្រូបង្វឹកលោក Jorge Jesus បានគ្រោងនឹងពិភាក្សាលើបញ្ហានេះជាមួយខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ ដោយលោកបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា៖ “ប្រសិនបើគាត់មានបំណងចង់វិលត្រឡប់ គាត់នឹងវិលត្រឡប់មកកាន់ក្រុមជម្រើសជាតិវិញហើយ”។
នៅសល់ពីរប្រកួតទៀតក្នុងការប្រកួតជុំតាមពូល ក្រុមការពារតំណែងជើងឯក Nations League ព័រទុយហ្គាល់ បច្ចុប្បន្នកំពុងឈរលើកំពូលតារាងដោយដាច់ ៦ពិន្ទុ ពីក្រុមលេខពីរ ដាណឺម៉ាក (ដែលបានយកឈ្នះ វែលស៍ ១-០) ខណៈដែលន័រវែសកំពុងបន្តឈរបាតតារាងក្នុងពូល A4 នេះ៕
ប្រែសម្រួល៖ គីរី
