បរទេសើ៖ ក្រោយពីបានវិភាគទិន្នន័យរបស់ប្រព័ន្ធ សេវាសុខភាពជាតិ (NHS) ក្នុងប្រទេសអង់គ្លេស ដើម្បីប្រៀបធៀបអត្រា នៃការធ្វើរោគវិនិច្ឆ័យជំងឺមហារីក រួចមក អ្នកជំនាញបានលើកឡើងថា និន្នាការនេះគួរតែធ្វើឱ្យមនុស្សគ្រប់គ្នា «ផ្អាកសិន និងគិតពិចារណា» នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Sky news ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦។
មូលនិធិស្រាវជ្រាវជំងឺមហារីកពិភពលោក (WCRF) បានប្រាប់ថា ទោះបីជាជំងឺមហារីកភាគច្រើននៅតែបន្តកើតមានលើមនុស្សចាស់ក៏ដោយ ក៏និន្នាការនៃការកើនឡើងនេះគឺ «គួរឱ្យព្រួយបារម្ភ» ហើយគួរតែធ្វើឱ្យមនុស្សគ្រប់គ្នា «ផ្អាកសិន និងគិតពិចារណា»។
ស្ថាប័ននេះបានធ្វើការវិភាគទិន្នន័យ NHS នៅក្នុងប្រទេសអង់គ្លេស និងបានប្រៀបធៀបអត្រានៃការរកឃើញជំងឺនេះក្នុងចំណោមប្រជាជននៅចន្លោះឆ្នាំ២០០១ និងឆ្នាំ២០២៣។
យោងតាមអង្គការសប្បុរសធម៌ខាងលើ បានឱ្យដឹងថា ករណីជំងឺមហារីកក្រពេញប្រូស្តាតមានចំនួន ៣,៦ករណី ក្នុងចំណោមបុរស ១០០.០០០នាក់ ដែលមានអាយុក្រោម ៥០ឆ្នាំ ក្នុងឆ្នាំ២០២៣ ប្រៀបធៀបនឹងចំនួនត្រឹមតែ ១ករណីប៉ុណ្ណោះ ក្នុងចំណោម ១០០.០០០នាក់ កាលពីឆ្នាំ២០០១។
អត្រាស្ត្រីអាយុក្រោម ៥០ឆ្នាំ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញជំងឺមហារីកស្បូន បានកើនឡើងពី ១,៨ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០០១ ដល់ ៣,៩ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០២៣។
ចំណែកឯស្ត្រីអាយុក្រោម ៥០ឆ្នាំ ដែលមានជំងឺមហារីកសុដន់ បានកើនឡើងពី ៤២ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០០១ ដល់ ៤៧,៥ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០២៣។
ករណីជំងឺមហារីកពោះវៀនធំ ក្នុងចំណោមមនុស្សពេញវ័យវ័យក្មេង បានកើនឡើងពី ៣,៩ករណី ក្នុងចំណោមមនុស្សពេញវ័យ ១០០.០០០នាក់ (អាយុក្រោម ៥០ឆ្នាំ) ក្នុងឆ្នាំ២០០១ ដល់ ៨,៤ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០២៣។
ជំងឺមហារីកតម្រងនោម បានកើនឡើងពី ១,៥ករណី ក្នុងចំណោមមនុស្សពេញវ័យ ១០០.០០០នាក់ (អាយុក្រោម ៥០ឆ្នាំ) ក្នុងឆ្នាំ២០០១ ដល់ ៣ករណី ក្នុងឆ្នាំ២០២៣។
អត្រាជំងឺមហារីកថ្លើមក្នុងចំណោមមនុស្សពេញវ័យអាយុក្រោម ៥០ឆ្នាំ បានកើនឡើងពី ០,៥ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០០១ ដល់ ០,៨ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០២៣។
ក្នុងអំឡុងពេលដូចគ្នានេះដែរ ករណីនៃជំងឺមហារីកលំពែង (ដំណាក់កាលដំបូង) បានកើនឡើងពី ០,៨ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០០១ ដល់ ១ករណី ក្នុងចំណោម ១០០.០០០នាក់ ក្នុងឆ្នាំ២០២៣។
ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវជំងឺមហារីកចក្រភពអង់គ្លេស (Cancer Research UK) បានបង្ហាញថា នៅចន្លោះដើមទសវត្សរ៍ឆ្នាំ១៩៩០ និងឆ្នាំ២០១៩ អត្រានៃការកើតជំងឺមហារីកសរុប ក្នុងចំណោមអ្នកដែលមានអាយុចន្លោះពី ២៥ ទៅ ៤៩ឆ្នាំ នៅចក្រភពអង់គ្លេស បានកើនឡើង ២៤%។
លោកវេជ្ជបណ្ឌិត Giota Mitrou នាយកប្រតិបត្តិផ្នែកស្រាវជ្រាវ និងគោលនយោបាយនៃមូលនិធិ WCRF បានមានប្រសាសន៍ថា៖ «តួលេខទាំងនេះគួរតែធ្វើឱ្យយើងផ្អាកសិន និងគិតពិចារណា ពីព្រោះនិន្នាការបច្ចុប្បន្ននេះពិតជាគួរឱ្យព្រួយបារម្ភ»។
«នៅពីក្រោយតួលេខនីមួយៗ គឺសុទ្ធសឹងតែជាបុគ្គលដែលកំពុងប្រឈមមុខនឹងជំងឺមហារីកក្នុងវ័យក្មេង ជាងអ្វីដែលពួកគេ ក្រុមគ្រួសារ និងវេជ្ជបណ្ឌិតរបស់ពួកគេបានរំពឹងទុក»។
«ការរកឃើញទាំងនេះបង្ហាញថា ទិដ្ឋភាពនៃការកើតជំងឺមហារីកក្នុងវ័យក្មេងនៅក្នុងប្រទេសអង់គ្លេសគឺកាន់តែទូលំទូលាយ និងស្មុគស្មាញ ដែលពាក់ព័ន្ធនឹងប្រភេទមហារីកជាច្រើន មិនមែនត្រឹមតែមហារីកពោះវៀនធំតែមួយមុខនោះទេ»។
«ទោះបីជាជំងឺមហារីកនៅតែជាជំងឺដែលកើតមានជាទូទៅលើមនុស្សចាស់ក៏ដោយ ការផ្លាស់ប្តូរនិន្នាការក្នុងចំណោមមនុស្សជំនាន់ក្រោយនេះ ចាំបាច់ត្រូវតែចាត់ទុកជាអាទិភាពដ៏សំខាន់មួយសម្រាប់ការស្រាវជ្រាវ និងការទប់ស្កាត់ជំងឺមហារីក»។
ប្រៃសម្រួល៖ គីរី
