ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក «តាមដានយ៉ាងយកចិត្តទុកដាក់» បន្ទាប់ពីបុគ្គលិកមន្ទីរពិសោធន៍រុស្ស៊ី «ស្លាប់ដោយសង្ស័យថា ឆ្លងជំងឺប៉េស្តសួត»

បរទេស ៖ វិធានការចត្តាឡីស័កត្រូវបានដាក់ឱ្យអនុវត្ត បន្ទាប់ពីអ្នកស្រាវជ្រាវស្ត្រីម្នាក់នៅវិទ្យាស្ថានប្រឆាំងជំងឺប៉េស្ត បានស្លាប់ដោយសារ «ជំងឺរលាកសួតដែលមិនដឹងប្រភពច្បាស់លាស់»។ អាជ្ញាធររុស្ស៊ីមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដ នៃការស្លាប់របស់គាត់នៅឡើយទេ។

សហរដ្ឋអាមេរិកបានឱ្យដឹងថា ខ្លួនកំពុង «តាមដានយ៉ាងយកចិត្តទុកដាក់» លើស្ថានភាពនេះ បន្ទាប់ពីមានការស្លាប់បុគ្គលិក មន្ទីរពិសោធន៍ម្នាក់នៅប្រទេសរុស្ស៊ី ដែលអាចបានប្រឈមនឹងការឆ្លងជំងឺប៉េស្តសួត (Pneumonic Plague) នេះបើតាមការចេញផ្សាយពីសារព័ត៌មាន Sky news ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦។

យោងតាមសេវាកម្មសុខុមាលភាពអ្នកប្រើប្រាស់របស់ប្រទេសរុស្ស៊ី អ្នកស្រាវជ្រាវស្ត្រីប្រចាំវិទ្យាស្ថានស្រាវជ្រាវប្រឆាំងជំងឺប៉េស្ត Irkutsk នៃតំបន់ស៊ីបេរី និងចុងបូព៌ា បានស្លាប់កាលពីសប្តាហ៍មុនដោយសារ «ជំងឺរលាកសួតដែលមិនដឹងពីមូលហេតុ» ឬប្រភពដើម។ ស្ថាប័ននេះបានបញ្ជាក់ថា «ស្ថានភាពអនាម័យនិងរោគរាតត្បាត» នៅក្នុងតំបន់ Irkutsk ទីក្រុង Irkutsk និងទីក្រុង Shelekhov គឺ «មានស្ថិរភាព»។

អាជ្ញាធររុស្ស៊ីបានថ្លែងថា ពួកគេរកមិនឃើញភស្តុតាងណាមួយបញ្ជាក់ថា ជំងឺរបស់អ្នកស្រាវជ្រាវរូបនេះ បណ្តាលមកពីមេរោគណាមួយដែលនាងធ្លាប់បានធ្វើការជាមួយនោះទេ។
របាយការណ៍ដែលដកស្រង់សម្តីថ្នាក់ដឹកនាំតំបន់បានឱ្យដឹងថា មនុស្សជិត ២០០នាក់ ដែលបានប៉ះពាល់ជាមួយអ្នកស្រាវជ្រាវរូបនេះ កំពុងស្ថិតក្រោមការតាមដាន។
លោក Maksim Modin អភិបាលស្រុក Shelekhov ដែលនៅជិតព្រំដែនប្រទេសម៉ុងហ្គោលី បាននិយាយថា កន្លែងសម្រាកព្យាបាលដែលអ្នកស្រាវជ្រាវរូបនេះបានសម្រាក ត្រូវបានបិទដើម្បីធ្វើចត្តាឡីស័ក។

អាជ្ញាធររុស្ស៊ីមិនទាន់បានបញ្ជាក់ពីមូលហេតុពិតប្រាកដនៃការស្លាប់របស់អ្នកស្រាវជ្រាវវ័យ ២៨ឆ្នាំ រូបនេះនៅឡើយទេ។ អង្គការសុខភាពពិភពលោក (WHO) បានថ្លែងថា ជំងឺប៉េស្តទម្រង់ជាប៉េស្តសួតនេះ គឺងាយនឹងឆ្លងខ្លាំងណាស់ ហើយ «អាចបង្កឱ្យមានការរាតត្បាតធ្ងន់ធ្ងរតាមរយៈការចម្លងពីមនុស្សទៅមនុស្សដោយដំណក់ទឹកមាត់ផ្លូវដង្ហើម»។
នៅពេលសួរឱ្យបញ្ចេញមតិជុំវិញករណីនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគួរតែតាមដានព័ត៌មានផ្លូវការ។

យោងតាមអង្គការ WHO នេះគឺជាទម្រង់នៃជំងឺប៉េស្តដែលកាចសាហាវបំផុត ហើយរយៈពេលសម្ងំនៃមេរោគអាចមានរយៈពេលខ្លីត្រឹមតែ ២៤ម៉ោងប៉ុណ្ណោះ។
រោគសញ្ញាលេចឡើងយ៉ាងឆាប់រហ័ស ដែលជួនកាលតិចជាង ២៤ម៉ោង បន្ទាប់ពីការឆ្លង។ រោគសញ្ញាទាំងនោះរួមមាន បញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ ដូចជាថប់ដង្ហើម និងក្អក ដែលច្រើនតែមានស្លេស្មប្រឡាក់ឈាម។

អង្គការ WHO បានបញ្ជាក់ថា ជំងឺប៉េស្តសួតនេះអាចបណ្តាលឱ្យស្លាប់ក្នុងរយៈពេលពី ១៨ ទៅ ២៤ម៉ោង បន្ទាប់ពីចេញរោគសញ្ញា ប្រសិនបើមិនបានទទួលការព្យាបាល។ ប៉ុន្តែថ្នាំអង់ទីប៊ីយោទិច (ថ្នាំផ្សះ) ទូទៅសម្រាប់បាក់តេរីពោះវៀន (Enterobacteria) អាចព្យាបាលជំងឺនេះយ៉ាងមានប្រសិទ្ធភាព ប្រសិនបើផ្តល់ឱ្យអ្នកជំងឺបានឆាប់រហ័ស។

អង្គការ WHO បានបន្ថែមថា «បុគ្គលណាដែលមានជំងឺប៉េស្តសួត អាចចម្លងជំងឺនេះតាមរយៈដំណក់ទឹកមាត់ផ្លូវដង្ហើមទៅកាន់មនុស្សផ្សេងទៀត។ ជំងឺប៉េស្តសួតដែលមិនបានព្យាបាល ប្រសិនបើមិនត្រូវបានធ្វើរោគវិនិច្ឆ័យ និងព្យាបាលទាន់ពេលទេ អាចបណ្តាលឱ្យស្លាប់បាន។ ទោះជាយ៉ាងណាក៏ដោយ អត្រានៃការជាសះស្បើយគឺមានកម្រិតខ្ពស់ ប្រសិនបើត្រូវបានរកឃើញ និងព្យាបាលទាន់ពេលវេលា ពោលគឺក្នុងរយៈពេល ២៤ម៉ោង នៃការចាប់ផ្តើមចេញរោគសញ្ញា។»

លោកវេជ្ជបណ្ឌិត Ashish Jha ដែលជាអ្នកសម្របសម្រួលការឆ្លើយតបជំងឺកូវីដ-១៩ របស់សេតវិមានពីឆ្នាំ២០២២ ដល់ ២០២៣ បានមានប្រសាសន៍ថា «តាមពិតវាមានការលំបាកខ្លាំងណាស់» សម្រាប់ជំងឺប៉េស្តសួតក្នុងការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ លោកវេជ្ជបណ្ឌិត Jha បាននិយាយថា គេត្រូវការព័ត៌មាន និងតម្លាភាព “បន្ថែមទៀត” ពីរដ្ឋាភិបាលទីក្រុងម៉ូស្គូ។ លោកបានប្រាប់សារព័ត៌មាន NBC News ថា ប្រសិនបើនេះជាករណីដាច់ដោយឡែកនៃជំងឺប៉េស្តសួត ហើយគ្មាននរណាម្នាក់ផ្សេងទៀតស្លាប់នោះទេ នោះ “វាប្រហែលជានឹងបញ្ចប់ត្រឹមនេះ”។ លោកបានមានប្រសាសន៍បន្តថា៖ «ប្រសិនបើមានកម្មវិធីអាវុធជីវសាស្ត្រ នៅក្នុងមន្ទីរពិសោធន៍ទាំងនេះ នោះទើបជារឿងដែលគួរឱ្យព្រួយបារម្ភខ្លាំងសម្រាប់ខ្ញុំ។ យើងចាំបាច់ត្រូវតែដឹងពីរឿងនេះនៅពេលឥឡូវ។»

លោក Ian Jones សាស្ត្រាចារ្យផ្នែកមេរោគសាស្រ្តនៅសាកលវិទ្យាល័យ Reading បានមានប្រសាសន៍ថា៖ «ករណីនៅទីនេះមើលទៅហាក់ដូចជាគ្រោះថ្នាក់ក្នុងមន្ទីរពិសោធន៍ដ៏កម្រមួយ ហើយទំនងជានឹងមិនរាលដាលតទៅទៀតទេ។» «ទោះបីជាវាជាការពិតដែលថាជំងឺប៉េស្តសួតអាចឆ្លងដោយផ្ទាល់ក៏ដោយ ក៏អ្នកដែលបានប៉ះពាល់ជាមួយអ្នកជំងឺដំបូងត្រូវបានគេស្គាល់អត្តសញ្ញាណអស់ហើយ និងអាចព្យាបាលបាន ប្រសិនបើពួកគេបង្ហាញសញ្ញាណាមួយនៃការឆ្លង។
«ជំងឺប៉េស្តមានប្រវត្តិដ៏យូរលង់ និងនៅតែមានវត្តមាននៅតាមតំបន់ជាច្រើននៃពិភពលោក រួមទាំងប្រទេសរុស្ស៊ីផងដែរ ប៉ុន្តែលក្ខខណ្ឌរស់នៅដែលពាក់ព័ន្ធនឹងរបៀបដែលវាធ្លាប់ឆ្លងរាលដាលកាលពីមុន លែងមានទៀតហើយជាទូទៅ ហើយថ្នាំអង់ទីប៊ីយោទិច (ថ្នាំផ្សះ) ក៏មានស្រាប់ ដែលធ្វើឱ្យសក្តានុពលនៃការឆ្លងរបស់វាត្រូវបានកម្រិត។»

អង្គការ WHO បានឱ្យដឹងកាលពីសប្តាហ៍មុនថា ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ មានប្រទេសចំនួន ១០ បានរាយការណ៍ពីករណីសង្ស័យថាមានមនុស្សឆ្លងជំងឺប៉េស្តជាង ៣.៨០០ ករណី។
ប្រទេសចំនួនប្រាំមួយក្នុងចំណោមប្រទេសទាំងនោះមានករណីបញ្ជាក់ច្បាស់លាស់ ដោយករណីភាគច្រើនស្ថិតនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងម៉ាដាហ្គាស្ការ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន ៤២៣ នាក់។

ប្រៃសម្រួល៖ គីរី

Most Popular

To Top