ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឧ្យដឹងថា ប្រទេសចិនសង្ឃឹមថា បារាំង និងអាល្លឺម៉ង់នឹងរក្សា នូវកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពបើកចំហ និង ពាណិជ្ជកម្មសេរី ព្រមទាំងគោរពតាមច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោក និងជៀសវាងការជំរុញឱ្យសហភាពអឺរ៉ុប ប្រើប្រាស់វិធានការការពារពាណិជ្ជកម្ម គ្រប់ពេលវេលា។
នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលថា បារាំង និងអាល្លឺម៉ង់ បានជំរុញឱ្យសហភាពអឺរ៉ុប បង្កើនការប្រើប្រាស់វិធានការ ការពារពាណិជ្ជកម្ម និងដាក់ចេញនូវឧបករណ៍ ការពារពាណិជ្ជកម្មថ្មីៗមួយចំនួននោះ អ្នកនាំពាក្យរូបនេះបានឧ្យដឹងថា ចិនតែងតែរក្សាជំហរថា ការពឹងអាស្រ័យគ្នាទៅវិញទៅមក មិនមែនជាហានិភ័យនោះទេ ហើយផលប្រយោជន៍ ដែលជាប់ពាក់ព័ន្ធគ្នាទៅវិញទៅមក ក៏មិនបង្កជាការគំរាមកំហែងដែរ ខណៈដែលកិច្ចសហប្រតិបត្តិការ ប្រកបដោយភាពបើកចំហ គឺជាមាគ៌ាដ៏ត្រឹមត្រូវឆ្ពោះទៅរកការអភិវឌ្ឍ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា គោលនយោបាយការពារពាណិជ្ជកម្ម មិនអាចបង្កើនសមត្ថភាពប្រកួតប្រជែងបានឡើយ ហើយការផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ច និងការកាត់ផ្តាច់ខ្សែសង្វាក់ផ្គត់ផ្គង់ នឹងគ្រាន់តែបង្កគ្រោះថ្នាក់ដល់អ្នកដទៃប៉ុណ្ណោះ ដោយមិនផ្តល់ផលប្រយោជន៍អ្វីដល់ខ្លួនឯងឡើយ។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំៗ បារាំង និងអាល្លឺម៉ង់ មិនគួរធ្វើនយោបាយភាវូបនីយកម្មលើបញ្ហាពាណិជ្ជកម្ម និងសេដ្ឋកិច្ច ឬពង្រីកការបកស្រាយអំពីគំនិតនៃសន្តិសុខជាតិហួសហេតុពេកនោះទេ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា ពួកគេគួរតែជៀសវាងការដើរលើផ្លូវខុស ដែលទីបំផុតនឹងបង្កផលប៉ះពាល់អវិជ្ជមានត្រឡប់មកលើខ្លួនឯងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
