បរទេស៖ អតីតអ្នកចាត់ការទូទៅលោក Pep Guardiola នឹងបង្ហាញវត្តមានត្រឡប់មកកាន់កីឡដ្ឋាន Etihad ជាលើកដំបូងនៅសប្តាហ៍ក្រោយ សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League ដែល Manchester City ត្រូវបើកទ្វារទទួលស្វាគមន៍ក្រុម Paris Saint-Germain (PSG)។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ មានគម្រោងចូលរួមទស្សនាការប្រកួត ដ៏សំខាន់នេះ ដើម្បីបង្ហាញសាមគ្គីភាពយ៉ាងរឹងមាំ ជាមួយអតីតក្លឹបរបស់ លោក បន្ទាប់ពី Man City ទើបតែរងការសម្រេច កាត់ទោសពាក់ព័ន្ធនឹង បទចោទប្រកាន់ផ្នែកហិរញ្ញវត្ថុ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។។
យោងតាមសារព័ត៌មាន Daily Mail លោក Guardiola នឹងចូលរួមទស្សនាការប្រកួតទល់នឹង PSG នៅថ្ងៃពុធ ដែលនេះជាការត្រឡប់មកវិញជាលើកដំបូងចាប់តាំងពីលោកបានចាកចេញកាលពីរដូវក្តៅ។ លោកនឹងអង្គុយទស្សនាជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ក្លឹប រួមមានប្រធានក្លឹបលោក Khaldoon Al Mubarak ផងដែរ។
គណៈកម្មការឯករាជ្យបានរកឃើញថា Man City មានកំហុសក្នុងការបំប៉ោងប្រាក់ចំណូលពាណិជ្ជកម្មរហូតដល់ ៨៣០ លានផោន តាមរយៈកិច្ចសន្យាក្លែងបន្លំ។ ទោះជាយ៉ាងណា ក្លឹបបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍រួចរាល់ហើយ និងនៅតែបន្តបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។
ភ្លាមៗក្រោយការប្រកាសសេចក្តីសម្រេច លោក Guardiola ដែលធ្លាប់ដឹកនាំក្លឹបទទួលបានជោគជ័យយ៉ាងធំធេងរយៈពេល ១០ ឆ្នាំ បានបង្ហោះសារគាំទ្រយ៉ាងមុតមាំថា៖ “ខ្ញុំចង់ឱ្យអ្នកគាំទ្រ Manchester City នៅទូទាំងពិភពលោកដឹងថា ខ្ញុំនៅទីនេះ ខ្លាំងជាងពេលណាៗទាំងអស់។ ខ្ញុំតែងតែ និងបន្តនៅពីក្រោយក្លឹប ម្ចាស់ក្លឹប ប្រធានក្លឹប លោក Ferran (Soriano) កីឡាករ បុគ្គលិក លោក Enzo (Maresca) និងអ្នកគាំទ្រដ៏អស្ចារ្យរបស់យើងជានិច្ច។ សូមបញ្ជាក់ឱ្យច្បាស់ថា៖ យើងនឹងឆ្លងកាត់រឿងនេះជាមួយគ្នា។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។”
នាយកប្រតិបត្តិក្លឹប លោក Ferran Soriano ធ្លាប់បានចាត់ទុកការចោទប្រកាន់នេះថាជា “ទ្រឹស្តីសមគំនិត” ដែលរៀបចំឡើងដោយ Premier League។ ការត្រឡប់មកវិញរបស់លោក Pep នឹងក្លាយជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បុគ្គលិក និងអ្នកចាត់ការបច្ចុប្បន្នលោក Enzo Maresca ដែលធ្លាប់ជាជំនួយការរបស់លោក Pep ផ្ទាល់។ អតីតសហការីជិតស្និទ្ធម្នាក់ទៀតគឺលោក Manel Estiarte ក៏ត្រូវបានរំពឹងថានឹងមានវត្តមានក្នុងការប្រកួតនេះដែរ។
បញ្ហាប្រឈមនៅលើទីលាន៖ ស្របពេលកំពុង ដោះស្រាយបញ្ហាក្រៅទីលាន លោក Maresca ត្រូវធានាថាកូនក្រុមរបស់លោកផ្តោតអារម្មណ៍១០០% សម្រាប់ការប្រកួត។ មុនពេលបើកទ្វារទទួល PSG នៅថ្ងៃពុធ Man City ត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Anfield ដើម្បីតតាំងជាមួយក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃអាទិត្យនេះ ដែលជាការប្រកួតដ៏សំខាន់ ដើម្បីសាកល្បងកម្លាំង ចិត្តរបស់ពួកគេ។
ប្រែសម្រួល៖ គីរី
