សិល្បៈ និង កម្សាន្ត

Britney Spears បង្ហាញវត្តមានរួមគ្នា ជាមួយកូនប្រុសទាំងពីរ ក្នុងរូបថតគ្រួសារ ដ៏កម្រអំឡុងពេលដើរកម្សាន្តនៅ Dollywood

​បរទេស៖ តារាចម្រៀងប៉ុប Britney Spears បានចំណាយពេលវេលាដើរកម្សាន្តយ៉ាងរីករាយ ជាមួយកូនប្រុសទាំងពីរ របស់នាង គឺ Sean Preston Federline អាយុ ២១ ឆ្នាំ និង Jayden James Federline អាយុ ២០ ឆ្នាំ នៅសួនកម្សាន្ត Dollywood ក្នុងរដ្ឋ Tennessee ដែលជាសួនកម្សាន្តបង្កើតឡើងដោយតារាចម្រៀងចម្រៀងខោនទ្រី (Country) Dolly Parton នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ម្ចាស់បទ “Lucky” រូបនេះបានចែករំលែករូបភាព អនុស្សាវរីយ៍ ដែលបានឈរថតជាមួយកូនៗ នៅខាងមុខផ្លាកសញ្ញា សួនកម្សាន្ត Dollywood នៅលើគណនី Instagram ផ្លូវការកាលពីថ្ងៃទី៧ ខែតុលា ជាមួយសារបង្ហាញពីអារម្មណ៍រំភើបថា៖ «Wow wow!!! ខ្ញុំមិនដែលដឹងថាមានកន្លែងនេះពីមុនមកទេ ពិតជាអស្ចារ្យ និងគួរឱ្យរំភើបខ្លាំងណាស់។ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ!!! DOLLYWOOD ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់!!!»។

​ក្រៅពីការថតរូបជុំគ្នា គ្រួសារនេះក៏មិនបង្អង់យូរក្នុងការចូលរួមលេងល្បែងកម្សាន្តក្នុងសួននោះដែរ ដោយ Britney និង Jayden បានសាកល្បងជិះឧបករណ៍កម្សាន្តវិលជុំ Scrambler ជាមួយគ្នា។ នៅក្នុងវីដេអូខ្លីមួយ តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍ ភ័យលាយឡំសំណើចពេលឧបករណ៍ចាប់ផ្តើមដំណើរការ ហើយនាងបាននិយាយ លេងសើចទៅកាន់កូនប្រុសថា៖ «ខ្ញុំចាប់ផ្តើមមានអារម្មណ៍វិលមុខចង់ក្អួតហើយ… ខ្ញុំចាស់ហើយ!» ខណៈដែល Jayden មិនមានអារម្មណ៍វិលមុខទាល់តែសោះ ហើយថែមទាំងត្អូញត្អែរលេងសើចពេលឧបករណ៍ឈប់ថា «ចប់តែប៉ុណ្ណឹងមែន?» ទៀតផង។

​គួរបញ្ជាក់ផងដែរថា Sean Preston និង Jayden James គឺជាកូនប្រុសរបស់ Britney Spears ជាមួយអតីតស្វាមី លោក Kevin Federline។ ទោះបីជាបច្ចុប្បន្ន កូនប្រុសទាំងពីរបានចាប់ផ្តើមបោះជំហានលើវិថីការងារផ្ទាល់ខ្លួនរៀងៗខ្លួនក៏ដោយ ក៏ Jayden ធ្លាប់បានទម្លាយនៅក្នុងកិច្ចសម្ភាសន៍កម្រមួយកាលពីខែកន្លងទៅថា ខ្លួននៅតែមានអារម្មណ៍ដូចជាក្មេងនៅឡើយ និងមិនទាន់បានរៀបចំជីវិតឱ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។

​Jayden បានប្រាប់ទស្សនាវដ្តី Interview ថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែត្រូវបង្ហាញអ្វីមួយជានិច្ច ទោះបីជាការពិតខ្ញុំមិនចាំបាច់ ត្រូវបង្ហាញអ្វីសោះក៏ដោយ។ ការស្វែងរកការទទួលស្គាល់ ពីអ្នកដទៃគឺជារឿងមិនចាំ បាច់នោះទេ ព្រោះថាកាលណាអ្នកព្យាយាម ផ្គាប់ចិត្តអ្នកដទៃកាន់តែខ្លាំង អ្នកនឹងបាត់បង់ភាព ជាខ្លួនឯងកាន់តែច្រើន»។

ប្រែសម្រួល៖ គីរី

Most Popular

To Top