បរទេស ៖ តារាសម្តែងអាមេរិក Shia LaBeouf បានយល់ព្រមដោះស្រាយ និងបញ្ចប់វិវាទផ្លូវច្បាប់ជាមួយនឹងអតីតមិត្តស្រី គឺតារាចម្រៀង FKA Twigs ពាក់ព័ន្ធនឹងបណ្តឹងដែលចោទប្រកាន់ថាលោកបានប្រើប្រាស់កិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA) ដោយខុសច្បាប់ ដើម្បីបំបិទមាត់នាង នេះបើយោងតាមការចេញ ផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

បញ្ហានេះបានផ្តើមឡើងកាលពីឆ្នាំ២០២៥ នៅពេលដែល FKA Twigs បានផ្តល់បទសម្ភាសន៍ដល់ទស្សនាវដ្តី The Hollywood Reporter។ ពេលត្រូវគេសួរថាតើនាងមានអារម្មណ៍សុវត្ថិភាពឬទេ ក្រោយបណ្តឹងឆ្នាំ២០២០ បានបញ្ចប់ នាងបានឆ្លើយថា៖ “ទេ ខ្ញុំមិនអាចនិយាយថាខ្ញុំមានអារម្មណ៍សុវត្ថិភាពនោះទេ។ គ្រាន់តែដឹងថា ខ្ញុំកំពុងបន្តដំណើរជីវិតទៅមុខ”។
ក្រោយការចុះផ្សាយបទសម្ភាសន៍នេះ ក្រុមមេធាវីរបស់ Shia LaBeouf បានដាក់ពាក្យបណ្តឹងសុំមជ្ឈត្តកម្ម (Arbitration) នៅខែធ្នូ ឆ្នាំ២០២៥ ដោយចោទប្រកាន់ថា ការលើកឡើងរបស់នាងបានបំពានលើលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរក្សាការសម្ងាត់ (NDA) ដែលពួកគេបានព្រមព្រៀងគ្នាកាលពីពេលមុន។
ជាការឆ្លើយតប នៅខែមីនា ឆ្នាំ២០២៦ FKA Twigs បានដាក់ពាក្យបណ្តឹងបកវិញ ដោយចាត់ទុកថាការលើកឡើងរបស់នាងជារឿងទូទៅ និងមិនមានចេតនាអាក្រក់ឡើយ។ នាងបានចោទប្រកាន់លោក LaBeouf ថាកំពុងធ្វើ “យុទ្ធនាការគំរាមកំហែង និងបំពានប្រព័ន្ធតុលាការ” ព្រមទាំងទាមទារឱ្យតុលាការចាត់ទុកកិច្ចព្រមព្រៀង NDA នោះថាខុសច្បាប់ និងទុកជាមោឃៈ ដើម្បីការពារកុំឱ្យជនរងគ្រោះផ្សេងទៀតត្រូវរងការគំរាមកំហែង និងបំបិទមាត់ដូចនាង។
លោកស្រី Shawn Holley ដែលជាមេធាវីរបស់លោក LaBeouf បានថ្លែងប្រាប់សារព័ត៌មាន TMZ ថា៖ “Shia សូមជូនពរ Twigs ឱ្យជួបតែរឿងល្អៗក្នុងជីវិត និងអាជីពរបស់នាង ហើយដើម្បីសម្រេចគោលបំណងនេះ លោកបានយល់ព្រមបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។ ពេលនេះ គ្មានអ្វីរារាំងនាងពីការបន្តនិយាយពីបញ្ហានេះទៀតនោះទេ”។
លោក Mathew Rosengart មេធាវីរបស់ FKA Twigs បានចាត់ទុកលទ្ធផលនេះថាជាជ័យជម្នះមួយ មិនត្រឹមតែសម្រាប់កូនក្តីលោកប៉ុណ្ណោះទេ តែសម្រាប់ជនរងគ្រោះជាស្ត្រីទាំងអស់ ដោយបញ្ជាក់ថា “ស្ត្រីដែលហ៊ាននិយាយពីការបំពានផ្លូវភេទ មិនគួរត្រូវបានគេបំបិទមាត់” តាមរយៈការប្រើប្រាស់ NDA ខុសច្បាប់ឡើយ។ ក្រោមការព្រមព្រៀងថ្មីនេះ Twigs មានសេរីភាពពេញលេញក្នុងការនិយាយពីបទពិសោធន៍របស់នាង ដោយមិនបារម្ភពីការសងសឹកផ្លូវច្បាប់ទៀតទេ។
គួររំឭកផងដែរថា កាលពីឆ្នាំ២០២០ FKA Twigs (ឈ្មោះពិត Tahliah Debrett Barnett) ធ្លាប់បានប្តឹង Shia LaBeouf ម្តងរួចមកហើយ ពីបទបំពានផ្លូវកាយ ផ្លូវចិត្ត និងចម្លងជំងឺផ្លូវភេទដោយចេតនា អំឡុងពេលពួកគេទាក់ទងគ្នាពីឆ្នាំ២០១៨ ដល់២០១៩។ LaBeouf បានបដិសេធការចោទប្រកាន់ ប៉ុន្តែបានសារភាពពីបញ្ហាញៀន និងអាកប្បកិរិយាហិង្សារបស់ខ្លួន ហើយពួកគេទាំងពីរបានយល់ព្រមសម្រុះសម្រួលគ្នាក្រៅប្រព័ន្ធតុលាការកាលពីឆ្នាំ២០២៥។
ប្រែសម្រួល៖ គីរី
