បរទេស៖ តារាចម្រៀងប៉ុប Britney Spears បានចំណាយពេលវេលាដើរកម្សាន្តយ៉ាងរីករាយ ជាមួយកូនប្រុសទាំងពីរ របស់នាង គឺ Sean Preston Federline អាយុ ២១ ឆ្នាំ និង Jayden James Federline អាយុ ២០ ឆ្នាំ នៅសួនកម្សាន្ត Dollywood ក្នុងរដ្ឋ Tennessee ដែលជាសួនកម្សាន្តបង្កើតឡើងដោយតារាចម្រៀងចម្រៀងខោនទ្រី (Country) Dolly Parton នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ម្ចាស់បទ “Lucky” រូបនេះបានចែករំលែករូបភាព អនុស្សាវរីយ៍ ដែលបានឈរថតជាមួយកូនៗ នៅខាងមុខផ្លាកសញ្ញា សួនកម្សាន្ត Dollywood នៅលើគណនី Instagram ផ្លូវការកាលពីថ្ងៃទី៧ ខែតុលា ជាមួយសារបង្ហាញពីអារម្មណ៍រំភើបថា៖ «Wow wow!!! ខ្ញុំមិនដែលដឹងថាមានកន្លែងនេះពីមុនមកទេ ពិតជាអស្ចារ្យ និងគួរឱ្យរំភើបខ្លាំងណាស់។ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារ!!! DOLLYWOOD ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់!!!»។
ក្រៅពីការថតរូបជុំគ្នា គ្រួសារនេះក៏មិនបង្អង់យូរក្នុងការចូលរួមលេងល្បែងកម្សាន្តក្នុងសួននោះដែរ ដោយ Britney និង Jayden បានសាកល្បងជិះឧបករណ៍កម្សាន្តវិលជុំ Scrambler ជាមួយគ្នា។ នៅក្នុងវីដេអូខ្លីមួយ តារាចម្រៀងវ័យ ៤៤ ឆ្នាំរូបនេះ បានបង្ហាញអារម្មណ៍ ភ័យលាយឡំសំណើចពេលឧបករណ៍ចាប់ផ្តើមដំណើរការ ហើយនាងបាននិយាយ លេងសើចទៅកាន់កូនប្រុសថា៖ «ខ្ញុំចាប់ផ្តើមមានអារម្មណ៍វិលមុខចង់ក្អួតហើយ… ខ្ញុំចាស់ហើយ!» ខណៈដែល Jayden មិនមានអារម្មណ៍វិលមុខទាល់តែសោះ ហើយថែមទាំងត្អូញត្អែរលេងសើចពេលឧបករណ៍ឈប់ថា «ចប់តែប៉ុណ្ណឹងមែន?» ទៀតផង។
គួរបញ្ជាក់ផងដែរថា Sean Preston និង Jayden James គឺជាកូនប្រុសរបស់ Britney Spears ជាមួយអតីតស្វាមី លោក Kevin Federline។ ទោះបីជាបច្ចុប្បន្ន កូនប្រុសទាំងពីរបានចាប់ផ្តើមបោះជំហានលើវិថីការងារផ្ទាល់ខ្លួនរៀងៗខ្លួនក៏ដោយ ក៏ Jayden ធ្លាប់បានទម្លាយនៅក្នុងកិច្ចសម្ភាសន៍កម្រមួយកាលពីខែកន្លងទៅថា ខ្លួននៅតែមានអារម្មណ៍ដូចជាក្មេងនៅឡើយ និងមិនទាន់បានរៀបចំជីវិតឱ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។
Jayden បានប្រាប់ទស្សនាវដ្តី Interview ថា៖ «ខ្ញុំមានអារម្មណ៍ថា ខ្ញុំតែងតែត្រូវបង្ហាញអ្វីមួយជានិច្ច ទោះបីជាការពិតខ្ញុំមិនចាំបាច់ ត្រូវបង្ហាញអ្វីសោះក៏ដោយ។ ការស្វែងរកការទទួលស្គាល់ ពីអ្នកដទៃគឺជារឿងមិនចាំ បាច់នោះទេ ព្រោះថាកាលណាអ្នកព្យាយាម ផ្គាប់ចិត្តអ្នកដទៃកាន់តែខ្លាំង អ្នកនឹងបាត់បង់ភាព ជាខ្លួនឯងកាន់តែច្រើន»។
ប្រែសម្រួល៖ គីរី
