បរទេស៖ តារាចម្រៀងល្បីឈ្មោះ Justin Timberlake បានឆ្លើយតបដោយភាពលេងសើចចំពោះរូបថតមួយសន្លឹកដែលថតដោយក្រុមអ្នកប្រមាញ់រូបថត ដោយសារតែមុំកាមេរ៉ា និងឥទ្ធិពលបន្លំភ្នែក បានធ្វើឱ្យរូបនោះមើលទៅហាក់ដូចជាលោកកំពុងថើបក្បាលអ្នកបើកបររបស់ខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

ហេតុការណ៍នេះបានកើតឡើងបន្ទាប់ពីទីភ្នាក់ងាររូបថត Backgrid បានបង្ហោះរូបភាពមួយសន្លឹកដែលបង្ហាញពីអតីតសមាជិកក្រុម *NSYNC រូបនេះ ស្លៀកអាវក្រៅខូវប៊យ ពាក់វ៉ែនតាខ្មៅ អំឡុងពេលដើរចេញពីសណ្ឋាគារមួយកន្លែងក្នុងទីក្រុងញូវយ៉ក។ នៅក្នុងរូបថតនោះ មុំនៃការថតបានបង្កើតឱ្យមានការភាន់ច្រឡំ ហាក់ដូចជាមាត់របស់លោកកំពុងប៉ះផ្ទាល់នឹងក្បាលរបស់បុរសម្នាក់ដែលឈរនៅពីក្រោយ។
ឆ្លើយតបនឹងការបង្ហោះនេះ Justin Timberlake បានចូលទៅបញ្ចេញមតិលេងសើចនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃទី៧ ខែតុលា ថា ខ្ញុំគោរពការងាររបស់អ្នកទាំងអស់គ្នាដែលបានថតរូបខ្ញុំពេលដើរចេញពីសណ្ឋាគារ ប៉ុន្តែហេតុអ្វីបានជាធ្វើឱ្យរូបខ្ញុំមើលទៅដូចជាកំពុងថើបក្បាលបុរសម្នាក់នេះទៅវិញ??
សាររបស់លោកត្រូវបានភ្ជាប់មកជាមួយនូវរូបសញ្ញាអារម្មណ៍សើចហូរទឹកភ្នែកចំនួនបី (Emojis) ដែលបង្ហាញយ៉ាងច្បាស់ថាលោកមិនមានការអាក់អន់ចិត្តនោះឡើយ។
ប្រតិកម្មប្រកបដោយភាពកំប្លុកកំប្លែងរបស់តារាចម្រៀងរូបនេះ បានទាក់ទាញការចាប់អារម្មណ៍ និងបង្កើតសំណើចយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។ អ្នកគាំទ្រមួយចំនួនបានចូលទៅបញ្ចេញមតិចំអន់លេង ដូចជា «តើអ្នកពិតជាបានថើបមែនឬអត់?» និងម្នាក់ទៀតបានសរសេរថា «គាត់ (អ្នកបើកបរ) មើលទៅក៏មិនសូវសប្បាយចិត្តនឹងរឿងហ្នឹងដែរ… លើកក្រោយប្រយ័ត្នបបូរមាត់ផង JT!!»។ លើសពីនេះ អ្នកគាំទ្រជាច្រើនផ្សេងទៀតបានកោតសរសើរចំពោះភាពឆ្លាតវៃ និងភាពរួសរាយរាក់ទាក់ក្នុងការឆ្លើយតបរបស់លោកផងដែរ។
ប្រែសម្រួល៖ គីរី
