ព័ត៌មានអន្តរជាតិ

កាលបរិច្ឆេទដោះលែង លោក Sean “Diddy” Combs ពីពន្ធនាគារ ត្រូវបានពន្យារពេល រហូតដល់ខែមីនា ឆ្នាំ២០២៨

​បរទេស៖ កាលបរិច្ឆេទ នៃការដោះលែងតារាចម្រៀងរ៉េបដ៏ល្បីល្បាញ Sean “Diddy” Combs ត្រូវបានពន្យារពេល បន្ថែមទៀត ដោយរំកិលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៨ ទៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៨ វិញ នេះបើយោងតាមទិន្នន័យផ្លូវការរបស់ការិយាល័យពន្ធនាគារសហព័ន្ធអាមេរិក (BOP) នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ការកែប្រែកាលបរិច្ឆេទនេះកើតឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News ដែលបានអះអាងថា លោក Combs ដែលបច្ចុប្បន្នកំពុងអនុវត្តទោសពាក់ព័ន្ធនឹងបទចោទជួញដូរផ្លូវភេទ នៅពន្ធនាគារ FCI Fort Dix ក្នុងរដ្ឋ New Jersey នោះ បានចំណាយប្រាក់រាប់ពាន់ដុល្លារទៅឱ្យទណ្ឌិតដទៃទៀត ដើម្បីទទួលបានទំនិញហាមឃាត់ក្នុងពន្ធនាគារ ដូចជា ស្រា Hennessy និងទូរសព្ទដៃជាដើម។

លើសពីនេះ ប្រភពដដែលបានចោទប្រកាន់ទៀតថា លោកបានជួលទណ្ឌិតដទៃឱ្យចម្អិនអាហារ និងបោសសម្អាតឱ្យលោក ព្រមទាំងមានបុរសម្នាក់ធ្វើការ “ម៉ាស្សាបែបចិន” ជូនលោកថែមទៀតផង។

​ជុំវិញការផ្លាស់ប្តូរកាលបរិច្ឆេទដោះលែងនេះ តំណាងរបស់លោក Combs មិនបានធ្វើអត្ថាធិប្បាយឆ្លើយតបទៅកាន់ E! News នោះទេ។ ប៉ុន្តែចំពោះការចោទប្រកាន់ពីការរស់នៅយ៉ាងសុខស្រួលខុសប្រក្រតីក្នុងពន្ធនាគារ លោក Juda Engelmayer ដែលជាអ្នកតំណាងរបស់លោក Combs បានប្រាប់ទៅស្ថាប័ន Oxygen ថា ការបន្តតាមដានរាល់ព័ត៌មានលម្អិតតូចតាចក្នុងជីវិតរបស់ Sean Combs នៅក្នុងពន្ធនាគារ បានឈានដល់ចំណុចដែលប្រព័ន្ធផ្សព្វផ្សាយយកជីវិតសាមញ្ញក្នុងពន្ធនាគារមកធ្វើជាព័ត៌មាន។ ព័ត៌មានពិតជាក់ស្តែងតែមួយគត់ គឺ Sean នៅតែបន្តអនុវត្តទោសរបស់ខ្លួនស្របតាមបទបញ្ជាផ្ទៃក្នុងយ៉ាងត្រឹមត្រូវ ហើយលោកកំពុងរង់ចាំសេចក្តីសម្រេចរបស់តុលាការលើបណ្តឹងឧទ្ធរណ៍របស់លោកដោយអត់ធ្មត់។

ដោយឡែក មន្ត្រីនៃការិយាល័យពន្ធនាគារសហព័ន្ធ (BOP) បានបញ្ជាក់ថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ដែលគ្មានប្រភពច្បាស់លាស់បែបនេះឡើយ ប៉ុន្តែស្ថាប័ននៅតែបន្តដោះស្រាយបញ្ហាការនាំចូលទំនិញហាមឃាត់ចូលក្នុងពន្ធនាគារយ៉ាងម៉ឺងម៉ាត់។

​BOP បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ផ្ញើជូន Oxygen ថា៖ «ដូចស្ថាប័នកែប្រែដទៃទៀតដែរ បញ្ហាទំនិញហាមឃាត់ ជាពិសេសទូរសព្ទដៃ គ្រឿងញៀន និងអាវុធ នៅតែជាបញ្ហាប្រឈមជាប្រចាំ។ យើងប្តេជ្ញាយ៉ាងមុតមាំក្នុងការ ធានាសុវត្ថិភាពដល់ជនជាប់ឃុំទាំងអស់ និងការរក្សាសន្តិសុខដល់បុគ្គលិក ព្រមទាំងសហគមន៍ជុំវិញ ដោយគ្រប់គ្រងក្រោមបរិយាកាសដែលមានសុវត្ថិភាព និងលក្ខណៈមនុស្សធម៌»។

ប្រែសម្រួល៖ គីរី

Most Popular

To Top