បរទេស៖ កីឡាករពានរង្វាន់បាល់ឱបអាមេរិក (NFL) Travis Kelce បានចែករំលែកនូវ «ដំណឹងល្អបំផុត» ក្នុងថ្ងៃគម្រប់ខួបកំណើតអាយុ ៣៧ ឆ្នាំរបស់លោក ដែលបានប្រារព្ធឡើងយ៉ាងកក់ក្តៅជាមួយ Taylor Swift អំឡុងពេលញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានអ៊ីតាលី Torrisi ក្នុងទីក្រុងញូវយ៉ក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន ENews ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

កីឡាករតំណែង Tight End របស់ក្រុម Kansas City Chiefs រូបនេះ បានបង្ហាញអារម្មណ៍រំភើបចំពោះថ្ងៃកំណើតរបស់ខ្លួន ដោយសារតែមានវត្តមានមនុស្សជាទីស្រឡាញ់នៅក្បែរ ជាពិសេស Taylor Swift ដែលបានរួមដំណើរជាមួយលោកក្នុងទីក្រុងញូវយ៉ក។
នៅក្នុងភាគនៃកម្មវិធីផតខាស New Heights កាលពីថ្ងៃទី ៧ ខែតុលា ដែលលោកជជែកជាមួយបងប្រុសគឺលោក Jason Kelce នោះ Travis បានរៀបរាប់ថា វាជាអារម្មណ៍ដ៏ល្អមួយ ពីព្រោះមានមនុស្សជាច្រើនបានផ្ញើសារជូនពរថ្ងៃកំណើតដល់ខ្ញុំ។ វាជាថ្ងៃដ៏ល្អ និងសប្បាយរីករាយមួយ។ យើងបានទៅញ៉ាំអាហារនៅទីក្រុងញូវយ៉ក។
ក្រៅពីការរីករាយនឹងអាហារនៅភោជនីយដ្ឋានអ៊ីតាលី Torrisi ក្នុងតំបន់ Soho ដែលជាកន្លែងសំណព្វចិត្តមួយរបស់លោក និងការចំណាយពេលវេលាជាមួយ Taylor លោក Travis បានទម្លាយថា រឿងដែលលោកពេញចិត្តបំផុតក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ពិតប្រាកដណាស់បានកើតឡើងមួយថ្ងៃមុននោះទៅទៀត។ នោះគឺនៅពេលដែលក្រុម Chiefs យកឈ្នះលើក្រុម Las Vegas Raiders ក្នុងលទ្ធផល ៣០ ទល់នឹង ២៧ ក្នុងការប្រកួតសប្តាហ៍ទី ៤ នៃក្របខ័ណ្ឌ NFL។
Travis បានបញ្ជាក់បន្ថែមថា៖ «ដំណឹងល្អបំផុតដែលខ្ញុំទទួលបាននៅថ្ងៃខួបកំណើត គឺពួកយើងទទួលបានជ័យជម្នះ។ នោះហើយជាសេចក្តីសុខដ៏ពិតប្រាកដរបស់ខ្ញុំក្នុងថ្ងៃកំណើត។ ពួកយើងទទួលបានជ័យជម្នះមុនពេលឈានចូលសប្តាហ៍សម្រាក (Bye week) ហើយបច្ចុប្បន្នក្រុមយើងរក្សាបានកំណត់ត្រាឈ្នះ ៤ ប្រកួតជាប់គ្នា (៤-០)»។
សម្រាប់កីឡាករអាជីពរូបនេះ លទ្ធផលនៃការប្រកួតពិតជាមានឥទ្ធិពលខ្លាំងចំពោះអារម្មណ៍ផ្ទាល់ខ្លួន ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «ការបរាជ័យបំផ្លាញអារម្មណ៍មនុស្សគ្រប់គ្នា។
វាជារឿងដ៏អាក្រក់បំផុត។ ដូច្នេះ ប្រសិនបើខ្ញុំចាញ់ការប្រកួតនោះ វានឹងបំផ្លាញបរិយាកាសថ្ងៃខួបកំណើតរបស់ខ្ញុំជាក់ជាមិនខាន»។
ប្រែសម្រួល៖ គីរី
