លោក Gianni Infantino ទទួលបានប្រៀបយ៉ាងខ្លាំងក្នុងការបន្តកាន់តំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បន្ទាប់ពីគូប្រជែងដ៏លេចធ្លោម្នាក់ គឺលោក Victor បរទេស៖ Montagliani បានប្រកាសជាផ្លូវការថានឹងមិនចូលរួមប្រកួតប្រជែងដណ្តើមតំណែងនេះឡើយ។ លោក Montagliani ដែលបច្ចុប្បន្នជាប្រធានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង មជ្ឈិម និងការ៉ាប៊ីន (Concacaf) បានបញ្ជាក់ថា លោកនឹងបន្តឈរឈ្មោះដឹកនាំស្ថាប័ន Concacaf មួយអាណត្តិទៀត ដែលការណ៍នេះបានបញ្ចប់ពាក្យចចាមអារ៉ាមជុំវិញការដឹកនាំចលនាកំណែទម្រង់ប្រឆាំងនឹងលោក Infantino នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។
Montagliani ជ្រើសរើសដឹកនាំ Concacaf បន្ត ជាជាងប្រជែងយកតំណែងកំពូល FIFA យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian លោក Montagliani វ័យ ៦១ ឆ្នាំ បានជូនដំណឹងដល់បុគ្គលិក និងសមាជិកភាគច្រើននៃសមាគមទាំង ៤១ របស់ Concacaf ថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនៅដើមឆ្នាំក្រោយ។
កន្លងមក បណ្តាញកីឡាបាល់ទាត់ជាច្រើន ជាពិសេសនៅតំបន់អឺរ៉ុប បានចាត់ទុកអ្នកជំនួញសញ្ជាតិកាណាដារូបនេះថាជាបេក្ខភាពដ៏ស័ក្តិសមបំផុតក្នុងការប្រជែងតំណែងជាមួយលោក Infantino។ ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយបុគ្គលិក លោក Montagliani បានបញ្ជាក់ជំហរចង់បន្តដឹកនាំ និងអភិវឌ្ឍន៍តំបន់អាមេរិកខាងជើង មជ្ឈិម និងការ៉ាប៊ីន ជាជាងចូលរួមក្នុងការប្រកួតប្រជែងនយោបាយបាល់ទាត់ពិភពលោក។
ការសម្រេចចិត្តនេះកើតឡើងចំពេលដ៏សំខាន់ ដោយសារការបោះឆ្នោតជ្រើសរើសប្រធាន Concacaf គ្រោងធ្វើឡើងនៅត្រីមាសទីមួយ មុនការបោះឆ្នោតជ្រើសរើសប្រធាន FIFA នៅថ្ងៃទី ១៨ ខែមីនា នៅទីក្រុងរ៉ាបាត (Rabat) ប្រទេសម៉ារ៉ុក។ ការដកខ្លួនរបស់លោកបានធ្វើឱ្យលោក Infantino កាន់តែមានផ្លូវរលូនក្នុងការបន្តដឹកនាំ FIFA ដែលលោកបានកាន់កាប់តាំងពីឆ្នាំ ២០១៦ មក។
Aleksander Ceferin បន្តពង្រឹងជំហរដឹកនាំនៅ UEFA
ទន្ទឹមនឹងនេះដែរ លោក Aleksander Ceferin បានបញ្ជាក់ជំហររឹងមាំក្នុងការបន្តដឹកនាំសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។ ក្នុងកិច្ចប្រជុំជាមួយសមាគមសមាជិកទាំង ៥៥ របស់ UEFA នៅទីក្រុងប៊ែរឡាំង លោក Ceferin បានប្រកាសពីបំណងឈរឈ្មោះសម្រាប់អាណត្តិទី ៤ ដែលនេះជាការផ្លាស់ប្តូរជំហរទាំងស្រុងធៀបនឹងការលើកឡើងកាលពីខែកុម្ភៈ ឆ្នាំ ២០២៤ ដែលថាលោកនឹងមិនបន្តតំណែងទៀតឡើយ។
ការប្តេជ្ញាចិត្តដឹកនាំ UEFA បន្តរបស់លោក Ceferin ក៏បានបញ្ចប់ពាក្យចចាមអារ៉ាមដែលថាលោកអាចនឹងឈរឈ្មោះប្រជែងនឹងលោក Infantino ផងដែរ។ បច្ចុប្បន្ន UEFA កំពុងប្រឈមនឹងបញ្ហាក្នុងការស្វែងរកបេក្ខជនរួមមួយរូបដើម្បីប្រកួតប្រជែង ខណៈលោក Ramon Vega អតីតខ្សែការពារក្លិប Tottenham បានបង្ហាញបំណងចង់ឈរឈ្មោះ ប៉ុន្តែត្រូវប្រឈមនឹងឧបសគ្គធំក្នុងការស្វែងរកការគាំទ្រជាផ្លូវការពីសមាគមយ៉ាងហោចណាស់ ៥ ដើម្បីគ្រប់លក្ខខណ្ឌ។
សម្ព័ន្ធភាពជំរុញកំណែទម្រង់ស្ថាប័ននៅ FIFA
បើទោះបីជាលោក Montagliani និងលោក Ceferin មិនចូលរួមប្រកួតប្រជែងយកតំណែងប្រធាន FIFA ក៏ដោយ មេដឹកនាំទាំងពីរបន្តសហការគ្នាយ៉ាងជិតស្និទ្ធលើរបៀបវារៈកំណែទម្រង់ ដើម្បីកាត់បន្ថយអំណាចផ្តាច់មុខនៃតំណែងប្រធាន FIFA។
ដោយមានការចូលរួមពីប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) លោក Salman bin Ibrahim al-Khalifa មេដឹកនាំបាល់ទាត់ទាំងបីរូបកំពុងទាមទារឱ្យមានការត្រួតពិនិត្យឯករាជ្យលើគម្រោង FIFA Forward Enterprise (FFE) ព្រមទាំងទាមទារឱ្យមានការកែទម្រង់រចនាសម្ព័ន្ធអភិបាលកិច្ច ដើម្បីបង្កើនតួនាទីជាផ្លូវការរបស់ក្រុមប្រឹក្សា FIFA (FIFA Council) ក្នុងការសម្រេចចិត្ត និងបើកផ្លូវឱ្យភាគីពាក់ព័ន្ធនានាមានសិទ្ធិបញ្ចេញមតិកាន់តែទូលំទូលាយ។
ប្រែសម្រួល៖ គីរី
