ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលឥណ្ឌាតបតការចោទប្រកាន់របស់ Elon Musk ជុំវិញការពន្យារពេលដាក់ឱ្យដំណើរការ Starlink

បេងហ្គាឡូរូ៖ ប្រទេសឥណ្ឌាបានចេញមុខការពារដំណើរការអនុម័តសេវាអ៊ីនធឺណិតតាមផ្កាយរណបរបស់ខ្លួនថា មានភាពយុត្តិធម៌ និងគ្មានការរើសអើងកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានចោទប្រកាន់ «ក្រុមមហាសេដ្ឋីផ្តាច់មុខ (Oligarchs)» ដែលមិនបញ្ចេញឈ្មោះ ពីរឿងរារាំងដំណើរការដាក់ឱ្យប្រើប្រាស់បណ្តាញ Starlink នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។

​លោក Musk បានបង្ហោះសារនៅលើបណ្តាញសង្គម X ដោយមិនបានបញ្ចេញឈ្មោះបុគ្គលណាម្នាក់ថា Starlink កំពុងត្រូវបានរារាំងដោយ «មហាសេដ្ឋីផ្តាច់មុខមួយចំនួន ដើម្បីបន្តក្តោបក្តាប់ទីផ្សារផ្តាច់មុខលើប្រជាជនឥណ្ឌា» នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន  Reuters ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦។

​ទីផ្សារទូរគមនាគមន៍របស់ប្រទេសឥណ្ឌាបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Reliance Jio របស់មហាសេដ្ឋី Mukesh Ambani និងក្រុមហ៊ុន Bharti Airtel របស់មហាសេដ្ឋី Sunil Mittal។ គម្រោងអ៊ីនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុនទាំងពីរ រួមជាមួយក្រុមហ៊ុន Starlink របស់លោក Musk ទទួលបានការយល់ព្រមបឋមដើម្បីដំណើរការនៅក្នុងប្រទេសឥណ្ឌារួចហើយ ប៉ុន្តែនៅតែបន្តរង់ចាំការបែងចែករលកសញ្ញា (Spectrum assignment) និងការអនុញ្ញាតចុងក្រោយពីអាជ្ញាធរ។ ក្រុមហ៊ុន Airtel និង Jio មិនបានឆ្លើយតបភ្លាមៗចំពោះការស្នើសុំការបំភ្លឺនោះទេ។

​សម្រាប់ Starlink ការរង់ចាំនេះបានអូសបន្លាយពេលរហូតដល់ ៤ ឆ្នាំមកហើយ ដោយសារតែការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើលក្ខខណ្ឌតម្រូវផ្នែកសន្តិសុខ និងការទទួលបានរលកសញ្ញា។

​ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក Musk ក្រសួងទូរគមនាគមន៍ឥណ្ឌាបានបញ្ជាក់ថា ស្ថាប័នទាំងបីស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យបទប្បញ្ញត្តិស្មើៗគ្នា ហើយការវាយតម្លៃផ្នែកសន្តិសុខកំពុងបន្តអនុវត្តចំពោះភាគីនីមួយៗ ដោយក្រសួងមិនបានបញ្ជាក់ឈ្មោះក្រុមហ៊ុន ឬឈ្មោះលោក Musk ឡើយ។ ក្រសួងបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា៖ «ការចោទប្រកាន់ថា ក្របខ័ណ្ឌការងារ ឬការអនុវត្តមានភាពអយុត្តិធម៌ ឬរើសអើង គឺជារឿងគ្មានមូលដ្ឋាន និងជាការយល់ច្រឡំទាំងស្រុង»។

​ភាពចម្រូងចម្រាសនេះមិនមែនជារឿងថ្មីនោះទេ។ កាលពីមុន លោក Musk ធ្លាប់មានការខ្វែងគំនិតជាមួយលោក Mittal និងលោក Ambani ជុំវិញរបៀបដែលឥណ្ឌាគួរផ្តល់រលកសញ្ញា មុនពេលភាគីទាំងបីបានសម្របសម្រួល និងចុះកិច្ចព្រមព្រៀងដាច់ដោយឡែកពីគ្នាកាលពីឆ្នាំ ២០២៥ ដើម្បីចែកចាយឧបករណ៍ Starlink នៅក្នុងប្រទេសឥណ្ឌា។ ទីផ្សារឥណ្ឌាផ្ដល់ឱកាសឱ្យ Starlink ដែលជាបុត្រសម្ព័ន្ធរបស់ SpaceX ចូលទៅកាន់ទីផ្សារអ៊ីនធឺណិតផ្កាយរណប ដែលក្រុមហ៊ុន Deloitte ព្យាករថានឹងមានតម្លៃរហូតដល់ ១,៩ ពាន់លានដុល្លារត្រឹមឆ្នាំ ២០៣០។

​ពេលវេលានៃជម្លោះនេះក៏បានបង្កប់នូវទិដ្ឋភាពការទូតផងដែរ ខណៈសហរដ្ឋអាមេរិកបានជំរុញឱ្យឥណ្ឌាបើកទីផ្សារសម្រាប់ Starlink ជាផ្នែកមួយនៃសុច្ឆន្ទៈក្នុងកិច្ចចរចាពាណិជ្ជកម្ម ប៉ុន្តែទីក្រុងញូវដែលី និងវ៉ាស៊ីនតោននៅតែបន្តជួបការលំបាកក្នុងការឈានទៅបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ចាប់តាំងពីបានព្រមព្រៀងលើក្របខ័ណ្ឌការងារកាលពីខែកុម្ភៈ។

​ក្តីបារម្ភផ្នែកសន្តិសុខក៏បានកើតឡើងផងដែរ បន្ទាប់ពីមានការរកឃើញឧបករណ៍ Starlink នៅក្នុងប្រទេសឥណ្ឌា។ អាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ពួកគេបានរកឃើញឧបករណ៍ Starlink ក្នុងប្រតិបត្តិការដាច់ដោយឡែកចំនួនពីរ កាលពីចុងឆ្នាំ ២០២៤ រួមមាន ការបង្ក្រាបគ្រឿងញៀនដោយប៉ូលិសនៅកោះ Andaman and Nicobar និងប្រតិបត្តិការរុករករបស់កងទ័ពនៅក្នុងរដ្ឋ Manipur។

​ជុំវិញករណីនេះ លោក Musk បានអះអាងថារលកសញ្ញាផ្កាយរណប Starlink ត្រូវបាន «បិទដំណើរការលើដែនដីឥណ្ឌា» និង «មិនដែលបានបើកដំណើរការទាល់តែសោះតាំងពីដំបូង» ដែលជាការលើកឡើងដែលលោកបានបញ្ជាក់ឡើងវិញកាលពីថ្ងៃពុធ៕

ប្រែសម្រួល៖ គីរី 

Most Popular

To Top