សិល្បៈ និង កម្សាន្ត

Tzuyu សមាជិកក្រុម Twice បើកចំហរពីអាជីពទោល និងកិច្ចសហការដ៏គួរឱ្យភ្ញាក់ផ្អើល ៖ «វាជារឿងគួរឱ្យខ្លាច តែរំភើប»

សិង្ហបុរី ៖ បន្ទាប់ពីបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក ដ៏ជោគជ័យបំផុត របស់ក្រុមចម្រៀងខេប៉ុប (K-pop) Twice រួចមក តារាចម្រៀងសញ្ជាតិដៃវ៉ាន់ Tzuyu ពេលនេះកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការការពង្រីកអាជីពជាសិល្បករទោលរបស់ខ្លួន តាមរយៈការចូលរួម ក្នុងគម្រោងចម្រុះជាច្រើន នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី១៣​ ខែតុលា ឆ្នាំ២០២៦។

គម្រោងទាំងនោះរួមមាន ការធ្វើជាពិធីករក្នុងកម្មវិធីប្រគល់ពានរង្វាន់ Asia Artist Awards ឆ្នាំនេះ និងអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ កិច្ចសហការរវាងក្រុមប្រណាំងឡាន Atlassian Williams F1 និងរឿងគំនូរជីវចលជប៉ុន (Anime) ដ៏ល្បីល្បាញ “Dan Da Dan”។

តាមរយៈកិច្ចសហការនេះ Tzuyu នឹងច្រៀងបទចម្រៀងគោល ដែលគ្រោងនឹងចេញផ្សាយនៅដើមឆ្នាំក្រោយ ព្រមជាមួយវីដេអូចម្រៀង (MV) ផងដែរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានជាមួយ CNA Lifestyle នៅប្រទេសសិង្ហបុរីកាលពីថ្ងៃសុក្រ (ទី៩ តុលា) Tzuyu បានបញ្ជាក់ថា គំនិតនៃបទចម្រៀងនេះគឺ “ការប៉ះគ្នារវាងល្បឿន និងអរូបី (Speed meets the supernatural)” ដែលតំណាងឱ្យកីឡាប្រណាំងឡាន F1 និងសាច់រឿង Dan Da Dan។ បទនេះរំពឹងថានឹងចេញមុនការប្រកួត Japanese Grand Prix នាខែមេសា ឆ្នាំ២០២៧។

ទស្សនៈចំពោះកិច្ចសហការ៖ ជុំវិញការរួមបញ្ចូលគ្នាដ៏ប្លែកនេះ តារាស្រីវ័យ ២៧ឆ្នាំរូបនេះបានលើកឡើងថា៖ “ទោះបីជាវាជាការរួមបញ្ចូលគ្នានូវស្នាដៃពីវិស័យផ្សេងៗគ្នា ប៉ុន្តែអ្វីដែលពួកគេមានដូចគ្នាគឺ ស្មារតីនៃការច្នៃប្រឌិត ចំណង់ចំណូលចិត្ត និងភាពក្លាហាន ដែលទាំងនេះជាតម្លៃមួយខ្ញុំពិតជាជឿជាក់ និងស្រឡាញ់។”

ក្នុងខែនេះ ក្រុម Twice ក៏នឹងប្រារព្ធខួបទី១១ ឆ្នាំនៃការបង្ហាញខ្លួន (Debut) របស់ពួកគេផងដែរ។ បើទោះជាស្ថានភាពកិច្ចសន្យារបស់នាងជាមួយនឹងផលិតកម្ម JYP Entertainment មិនទាន់មានការប្រកាសជាផ្លូវការក៏ដោយ ក៏ Tzuyu មិនបណ្តោយឱ្យពេលវេលាខាតបង់ឡើយ ក្នុងការសាងកេរ្តិ៍ឈ្មោះរបស់នាងជាសិល្បករទោល។

ឆ្លើយតបនឹងសំណួរអំពីដំណើរផ្លូវជាសិល្បករទោល នាងបានរៀបរាប់យ៉ាងស្មោះត្រង់ថា៖ “ខ្ញុំត្រូវធ្វើរឿងជាច្រើនដោយខ្លួនឯង ហើយវាភ្ជាប់មកជាមួយនូវបញ្ហាប្រឈមជាច្រើន។ វាជារឿងគួរឱ្យខ្លាច ប៉ុន្តែវាក៏គួរឱ្យរំភើបផងដែរ។ ខ្ញុំគិតថាវាគឺជាដំណើរការនៃការស្វែងរកនូវអ្វីដែលខ្ញុំពិតជាពូកែ។”

នាពេលបច្ចុប្បន្ន Tzuyu កំពុងបន្តបោះជំហានទៅមុខយ៉ាងស្វាហាប់ ជាមួយនឹងកិច្ចការងាររបស់នាង ដោយបានបង្ហើបប្រាប់ថា នាងនៅមានគម្រោងជាច្រើនទៀតដែលត្រៀមនឹងបង្ហាញជូនអ្នកគាំទ្រនាពេលខាងមុខ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top