បរទេស៖ ក្លិប Bayern Munich បានឆ្លងកាត់រាត្រីដ៏ច្របូកច្របល់មួយ នៅប្រទេសន័រវែស ដោយបានវាយបក តាមស្មើពីការដាច់២គ្រាប់ ប៉ុន្តែបែរជារបូតគ្រាប់បាល់ ស្មើនៅចុងម៉ោងវិញ ក្នុងលទ្ធផល ៣-៣ ជាមួយក្រុម Viking។ ទោះបីជាខ្សែប្រយុទ្ធ Harry Kane បានបង្ហាញទម្រង់លេងផ្ទាល់ខ្លួនយ៉ាងឆ្នើម ដើម្បីដឹកនាំការវាយបកក៏ដោយ ក៏ភាពទន់ខ្សោយនៃតំបន់ការពារនៅតែបន្ត តាមលងបន្លាចក្រុមរបស់លោកអ្នកចាត់ការ Vincent Kompany ដដែល នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ដំណើរប្រជែងក្នុងក្របខ័ណ្ឌ Champions League របស់ក្រុម Bayern Munich បានជួបប្រទះនូវភាពតានតឹង និងគួរឱ្យងឿងឆ្ងល់យ៉ាងខ្លាំងនៅកីឡដ្ឋាន Lyse Arena ខណៈដែលពួកគេបញ្ចប់ការប្រកួតក្នុងលទ្ធផលស្មើ ៣-៣ យ៉ាងស្វិតស្វាញជាមួយក្រុម Viking។ ក្រុមយក្សអាល្លឺម៉ង់មួយនេះ ហាក់ដូចជាលេងក្នុងសភាពខ្វះការប្រុងប្រយ័ត្ន (ដូចងងុយដេក) នៅដើមវគ្គទីមួយ ដោយបានបណ្តោយឱ្យគូប្រកួតនាំមុខដល់ទៅ២គ្រាប់ មុនពេលបញ្ចប់តង់ទី១។ ការធ្វេសប្រហែសនៅតំបន់ការពារ បានបើកដៃឱ្យកីឡាករ Gianni Stensness ស៊ុតបញ្ចូលទីបើកឆាកនៅនាទីទី២ មុនពេលកីឡាករ Peter Christiansen បន្ថែមគ្រាប់ទី២ នៅចុងតង់។ ទោះបីជា Bayern អាចគ្រប់គ្រងបាល់បានរហូតដល់ ៦៦% ក៏ដោយ ក៏ពួកគេនៅតែជួបការលំបាកក្នុងការស្វែងរកចង្វាក់លេងតាមយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងរយៈពេល ៤៥ នាទីដំបូងដែលលេងយ៉ាងទន់ខ្សោយនេះ។
ឈានចូលដល់តង់ទីពីរ ស្ថានភាពប្រកួតមានការប្រែប្រួលយ៉ាងខ្លាំង ខណៈដែលការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់លោក Kompany ចាប់ផ្តើមហុចផ្លែផ្កា ។ កីឡាករ Harry Kane បានក្លាយជាអ្នកដឹកនាំការវាយបកនេះ ដោយចាប់ផ្តើមពីការ ស៊ុតបាល់ប៉េណាល់ទីសម្រេចនៅនាទីទី៥៤ មុនពេលបញ្ចប់ទីតាមស្មើវិញយ៉ាងល្អឥតខ្ចោះ ក្នុងរយៈពេលត្រឹមតែ ៦ នាទីបន្ទាប់។ នៅពេលដែល Luis Diaz ស៊ុតបញ្ចូលទីឱ្យ Bayern នាំមុខនៅនាទីទី៧១ ការវាយបកយកឈ្នះទាំងស្រុង ហាក់ដូចជារឿងដែលប្រាកដទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ ក្រុម Bayern បានបរាជ័យក្នុងការគ្រប់គ្រង ស្ថានការណ៍នៅចុងម៉ោង ទោះបីជាពួកគេមានឱកាសស៊ុតសរុបដល់ទៅ ២៥ ដងក៏ដោយ ដោយបានបណ្តោយឱ្យកីឡាករ Herman Haugen អាចរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៩០ សម្រាប់ក្រុមម្ចាស់ផ្ទះដែលលេងដោយស្មារតីប្រយុទ្ធដ៏មុតមាំ។
ប្រែសម្រួល៖ គីរី
