បរទេស៖ ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ លើក្រុម Galatasaray ដែលលេងយ៉ាងស្វាហាប់ នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដោយបានបំប្លែងលទ្ធផលស្មើគ្នានៅតង់ទីមួយ ទៅជាជ័យជម្នះ ៤-១។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រតូចៗ នៅតង់ទីពីររបស់គ្រូបង្វឹកលោក Hansi Flick បានទាញយកអត្ថប្រយោជន៍ ពីចន្លោះប្រហោងរវាងខ្សែការពារ និងបម្រើ ដើម្បីបំបិទសំឡេងអ្នកគាំទ្រម្ចាស់ផ្ទះនៅកីឡដ្ឋាន Rams Global Stadyumu ទាំងស្រុង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦។
ដំណើររឿងនៃយុទ្ធសាស្ត្រ ក្នុងការប្រកួតពានរង្វាន់ Champions League មួយនេះ គឺជាទិដ្ឋភាពដែលខុសគ្នាស្រឡះ រវាងតង់ទាំងពីរ ដែលត្រូវបានកំណត់ដោយការលេងការពារតំបន់ទាប (Low-block) ប្រកបដោយវិន័យខ្ពស់របស់លោក Okan Buruk និងភាពប៉ិនប្រសប់ក្នុងការទាញយកប្រយោជន៍ពីលំហទំនេររបស់លោក Hansi Flick នៅទីបញ្ចប់។ Galatasaray បានចូលទីលានជាមួយនឹងគោលដៅច្បាស់លាស់មួយ៖ គឺធ្វើឱ្យតំបន់បម្រើដែលពូកែគ្រប់គ្រងបាល់របស់ Barcelona ជួបការលំបាក និងបើកការវាយបកតាមរយៈការបញ្ជូនបាល់លឿនៗទៅមុខ ។
ក្នុងរយៈពេល ៤០ នាទីដំបូង ផែនការនេះដំណើរការបានយ៉ាងល្អឥតខ្ចោះ ខណៈដែលក្រុមម្ចាស់ជើងឯកតួកគីមួយនេះ បានរឹតត្បិតក្រុមភ្ញៀវឱ្យត្រឹមតែអាចគ្រប់គ្រងបាល់ តែមិនអាចធ្វើអ្វីបាន (Sterile possession) ស្របពេលដែលពួកគេបែរជារកឃើញឱកាសវាយលុកតាមរយៈល្បឿនដ៏លឿនស្លេវរបស់កីឡាករ Rafael Leao និងការបញ្ចប់ទីរបស់ Aleksei Batrakov ទៅវិញ។
ផ្ទុយទៅវិញ ក្រុម Barcelona បានព្យាយាមបង្កើតការគ្រប់គ្រងការប្រកួតទាំងស្រុង តាមរយៈការរុញខ្សែការពារឱ្យឡើងខ្ពស់ និងការបញ្ជូនបាល់ចុះឡើងដោយអំណត់។ គោលបំណងរបស់លោក Flick គឺដើម្បីទុកឱកាសឱ្យយុវជន Lamine Yamal មានស្ថានភាពតទល់មួយទល់នឹងមួយ (1v1) នៅតំបន់ស្លាបស្តាំ ដោយប្រើប្រាស់ Pedri និង Rodri ជាអ្នកបញ្ជាចង្វាក់លេងកណ្តាលទីលាន ដើម្បីទាញបំបែកទម្រង់ការពាររបស់ក្រុម Galatasaray ។ ទោះបីជាពួកគេគ្រប់គ្រង បាល់បានរហូតដល់ ៧១% ក៏ដោយ ក៏ពួកគេនៅខ្វះខាតភាពមុតស្រួច ក្នុងការបញ្ជូនបាល់កាត់ សាច់ការពារ នៅតំបន់ប្រយុទ្ធ (Final third) ក្នុងអំឡុងតង់ទីមួយ ដោយជារឿយៗតែងតែធ្លាក់ចូលទៅក្នុងអន្ទាក់កំហុសក្រៅល្បែង (Offside trap) ដែលរៀបចំដោយខ្សែការពារ Davinson Sanchez និងមិត្តរួមក្រុមរបស់គេ។
ប្រែសម្រួល៖ គីរី
