កីឡា

Atletico Madrid ប្រើប្រព័ន្ធវាយលុកល្បឿនលឿន បំបែកទម្រង់លេង Man Utd ក្នុងជ័យជម្នះ ២-០

បរទេស៖ ក្រុម Atletico Madrid បានទទួលជ័យជម្នះ យ៉ាងលេចធ្លោក្នុងលទ្ធផល ២-០ លើក្រុម Manchester United តាមរយៈការរួមបញ្ចូលគ្នានូវការដាក់សម្ពាធយ៉ាងចាស់ដៃតាំងពីដើមទី និងវិន័យនៃយុទ្ធសាស្ត្រ។ ក្រុមរបស់លោក Michael Carrick បានជួបការលំបាកយ៉ាងខ្លាំងក្នុងការស្តារស្ថានភាពឡើងវិញ បន្ទាប់ពីរបូតគ្រាប់បាល់តាំងពីនាទីទីមួយ ហើយទីបំផុតត្រូវដួលរលំទាំងស្រុង ក្រោយពេលខ្សែការពារ Leny Yoro ទទួលបានកាតក្រហមនៅវគ្គទីពីរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៤​ ខែតុលា ឆ្នាំ២០២៦។

ការប្រកួតក្នុងក្របខ័ណ្ឌ Champions League មួយនេះ គឺជាការសិក្សាដ៏គួរឱ្យចាប់អារម្មណ៍ មួយរវាងអត្តសញ្ញាណ នៃយុទ្ធសាស្ត្រច្បាស់លាស់ និងភាពផុយស្រួយនៃរចនាសម្ព័ន្ធទម្រង់លេង។ អ្នកចាត់ការលោក Diego Simeone បានចូលទីលានដោយមានគោលដៅយ៉ាងច្បាស់លាស់៖ គឺការវាយប្រហារលើចំណុចខ្សោយរបស់ Manchester United ក្នុងការទប់ទល់នឹងការផ្លាស់ប្តូរចង្វាក់លេងល្បឿនលឿន (High-intensity transitions) និងការដណ្តើមគ្រប់គ្រងបាល់ទីពីរ (Second-ball)។

តាមរយៈការដាក់ពង្រាយប្រព័ន្ធលេង ដែលរក្សាតុល្យភាពរវាងភាពរឹងមាំនៃតំបន់ការពារបែបប្រពៃណី និងការផ្លាស់ប្តូរទីតាំងវាយលុកបែបទំនើប ក្រុម Atleti បានព្យាយាមធ្វើឱ្យក្រុម United ជ្រួលច្របល់ ខណៈបិសាចក្រហមជារឿយៗតែងតែងាយរងគ្រោះ នៅពេលត្រូវបង្ខំឱ្យការពារនៅតំបន់ជ្រៅក្នុងរយៈពេលយូរ។ គ្រាប់បាល់តាំងពីដើមទីរបស់កីឡាករ Pablo Barrios បានដើរតួជាកត្តាជំរុញដ៏ល្អឥតខ្ចោះ ដែលអនុញ្ញាតឱ្យក្រុមម្ចាស់ផ្ទះអាចគ្រប់គ្រងចង្វាក់លេង និងទាញយកប្រយោជន៍ពីចន្លោះប្រហោង តាមរយៈបច្ចេកទេសគ្រប់គ្រងបាល់ដ៏ល្អប្រសើររបស់ពួកគេ ដែលស្តែងចេញតាមរយៈអត្រាគ្រប់គ្រងបាល់ដល់ទៅ ៥៨%។

ផ្ទុយទៅវិញ លោក Carrick បានព្យាយាមអនុវត្តទម្រង់លេង ៤-២-៣-១ ដែលរៀបចំឡើងដើម្បីស្រូបយកសម្ពាធ និងបើកការវាយបកយ៉ាងលឿនតាមរយៈខ្សែប្រយុទ្ធ Marcus Rashford និង Bryan Mbeumo។ គោលបំណងនៃយុទ្ធសាស្ត្រនេះ គឺដើម្បីរំលងតំបន់ការពារកណ្តាលទីលាន (Mid-block) ដ៏រឹងមាំរបស់ Atletico ដោយប្រើប្រាស់ការបញ្ជូនបាល់កាត់វែងៗទៅមុខ (Vertical passing) ពីសំណាក់កីឡាករ Youri Tielemans និង Bruno Fernandes។

ទោះជាយ៉ាងណាក៏ដោយ ផែនការនេះត្រូវបានបំផ្លាញត្រឹមរយៈពេល ៦០ វិនាទីដំបូងប៉ុណ្ណោះ។ ក្រុម United ត្រូវបានបង្ខំឱ្យស្ថិតក្នុងស្ថានភាពត្រឹមតែរង់ចាំទប់ទល់ ដោយជួបការលំបាកក្នុងការស្វែងរកតុល្យភាពទម្រង់លេង ដើម្បីទម្លុះតំបន់ការពារ របស់លោក Simeone ដែលនៅតែជាប្រព័ន្ធការពារដ៏រឹងមាំ និងសហការគ្នាបានល្អបំផុត មួយនៅអឺរ៉ុប។ ទីបំផុត ការប្រកួតនេះបានប្រែក្លាយពីការប្រជែងខាងយុទ្ធសាស្ត្រ ទៅជាវិបត្តិវិន័យសម្រាប់ក្រុមភ្ញៀវ បន្ទាប់ពីកីឡាករ Yoro ត្រូវបានបណ្តេញចេញពីទីលាន។

ប្រែសម្រួល៖​ គីរី

Most Popular

To Top