ផ្សេងៗ

គ្រាប់បាល់របស់ Vardy មិនអាចបំបែក “បណ្តាសា” អត់ឈ្នះក្នុងដី ២១ ប្រកួតរបស់ Burnley បានឡើយ

បរទេស៖ កីឡាករ Jamie Vardy បានកត់ត្រាការវិលត្រឡប់មកកាន់បាល់ទាត់អង់គ្លេសវិញជាមួយនឹងការស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងតង់ទីមួយ ប៉ុន្តែក្រុម Burnley នៅតែបន្តកំណត់ត្រាមិនដែលឈ្នះដ៏អាក្រក់របស់ខ្លួននៅកីឡដ្ឋាន Turf Moor រហូតដល់ទៅ ២១ ប្រកួតក្នុងលីគ បន្ទាប់ពីរងបរាជ័យយ៉ាងឈឺចាប់ក្រោមថ្វីជើងក្រុម Wolves ក្នុងលទ្ធផល ២-១។ កំហុសឆ្គងជាបន្តបន្ទាប់ក្នុងតំបន់ការពារ បានបើកឱកាសឱ្យ Fer Lopez និង Tawanda Chirewa ឆ្លៀតទាញយកប្រៀប ជួយឱ្យក្រុមភ្ញៀវវាយបកយកជ័យជម្នះយ៉ាងអស្ចារ្យ និងបានធ្វើឱ្យអ្នកគាំទ្រម្ចាស់ផ្ទះផ្ទុះការខឹងសម្បាយ៉ាងខ្លាំង នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។

Vardy បានបង្ហាញឱ្យឃើញថា រូបលោកនៅតែមានសមត្ថភាពខ្ពស់ក្នុងការប្រកួតប្រជែង បើទោះបីជាបច្ចុប្បន្នឈានចូលវ័យ ៣៩ ឆ្នាំហើយក្តី ក្រោយរកគ្រាប់បាល់បើកឆាកកាលពីយប់ថ្ងៃសុក្រ។ ខ្សែប្រយុទ្ធរូបនេះបានសម្រេចទីតាមរយៈការស៊ុតលើកទីពីររបស់ខ្លួនក្នុងការប្រកួត ដែលជាគ្រាប់បាល់ដំបូងបង្អស់របស់គេនៅលើទឹកដីអង់គ្លេស ចាប់តាំងពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៥ មក។

ទោះបីជា Vardy បានជួយឱ្យ Burnley នាំមុខមុនពេលបញ្ចប់តង់ទីមួយយ៉ាងណាក្តី ក្រុមរបស់លោក Nicky Hayen បែរជាដួលរលំទៅវិញដោយសារតែកំហុសឆ្គងផ្ទាល់ខ្លួនរបស់កីឡាករ។ Kyle Walker បានបាត់បង់ការគ្រប់គ្រងបាល់នៅក្រៅតំបន់គ្រោះថ្នាក់របស់ខ្លួន ដែលបង្កឱកាសឱ្យ Sean Neave បញ្ជូនបាល់ទៅឱ្យ Lopez ស៊ុតប៉ះបង្គោលទីខាងឆ្វេងចូលទី តាមស្មើបានសម្រេច។

ឈានចូលដល់តង់ទីពីរ Burnley បានបាត់បង់ម្ចាស់ការលើការប្រកួតទាំងស្រុង ហើយ Wolves ក៏បានរកគ្រាប់បាល់នាំមុខនៅសល់ត្រឹម ១៨ នាទីចុងក្រោយ។ ការប៉ះបាល់មិនបានល្អរបស់កីឡាករ Igor បានប្រគល់ឱកាសយ៉ាងច្បាស់ក្រឡែតឱ្យ Chirewa ស៊ុតបញ្ចូលទី។ ទោះបីជាអ្នកចាំទី Gregoire Coudert បានលូកដៃប៉ះបាល់បន្តិចក្តី ប៉ុន្តែបាល់បានផ្លោងរំលងដៃចូលក្រោមរបារកាត់ទីទៅហើយ។

Burnley ស្ទើរតែគ្មានការឆ្លើយតបអ្វីគួរឱ្យកត់សម្គាល់នោះឡើយ ហើយត្រូវបានទទួលរងសំឡេងស្រែកហ៊ោកញ្ជ្រៀវរិះគន់ (Boos) ពីសំណាក់អ្នកគាំទ្រនៅពេលកញ្ចែបញ្ចប់ការប្រកួតបានបន្លឺឡើង។ នេះជាបរាជ័យក្នុងលីគលើកទី ៥ របស់ពួកគេក្នុងរដូវកាលនេះ ដែលបន្តរុញច្រានពួកគេឱ្យស្ថិតក្នុងស្ថានភាពលំបាកនៅក្បែរបាតតារាងនៃក្របខ័ណ្ឌ Championship។

បរាជ័យនេះមានន័យថា Burnley មិនទាន់ស្គាល់ជ័យជម្នះលើទឹកដីខ្លួនឯងក្នុងក្របខ័ណ្ឌលីគជិត ១២ ខែមកហើយ ដែលជាកំណត់ត្រាដ៏ជូរចត់អូសបន្លាយតាំងពីថ្ងៃទី ១៨ ខែតុលាមក។ ក្នុងអំឡុងពេលនោះ Burnley ចាញ់ ១១ ប្រកួត និងស្មើ ១០ ប្រកួត ដោយបង្កើតជាកំណត់ត្រាមិនដែលឈ្នះក្នុងដីយូរបំផុតក្នុងចំណោមលីគកំពូលទាំង ៤ របស់អង់គ្លេស។

មុនការប្រកួតចាប់ផ្តើម Vardy ត្រូវបានគេចោទសួរថាតើរដូវកាលនេះនឹងក្លាយជារដូវកាលចុងក្រោយរបស់លោកក្នុងនាមជាកីឡាករអាជីពឬយ៉ាងណា។ Vardy បានឆ្លើយតបថា៖ «យើងត្រូវរង់ចាំដល់រដូវក្តៅសិន ហើយទុកឱ្យជើងទាំងពីររបស់ខ្ញុំប្រាប់ទៅខួរក្បាលរបស់ខ្ញុំថា ពួកគេគិតយ៉ាងណា»។

ប្រែសម្រួល៖​ គីរី 

Most Popular

To Top