សិល្បៈ និង កម្សាន្ត

ពិព័រណ៍វត្ថុបុរាណអេហ្ស៊ីបដ៏កម្រ បើកទ្វារស្វាគមន៍អ្នកទស្សនានៅកូរ៉េខាងត្បូង ជាមួយនឹងទំហំធានារ៉ាប់រងជិត ១២០លានដុល្លារ

​បរទេស៖ វត្ថុបុរាណអេហ្ស៊ីបរាប់រយ រួមទាំងសាកសពម៉ាំមីសត្វឆ្មា និងរូបសំណាកគ្រួសារអភិជន នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ពិសេសមួយ ដែលផ្តល់ឱកាសដ៏កម្រក្នុងការឈ្វេងយល់ពីភាពអស្ចារ្យនៃអរិយធម៌អេស៊ីបបុរាណ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap នាពេលថ្មីៗនេះ ។ ​ពិព័រណ៍ក្រោមប្រធានបទ “ការលាតត្រដាងអាថ៌កំបាំងអេស៊ីបបុរាណ (Unraveling the Mysteries of Ancient Egypt)” នឹងប្រមូលផ្តុំវត្ថុបុរាណប្រមាណ ១៥០ប្រភេទ ពីបណ្តុំសិល្បៈអេស៊ីបបុរាណរបស់សារមន្ទីរ Brooklyn សហរដ្ឋអាមេរិក ក្នុងនោះមានដូចជា សាកសពម៉ាំមី រូបចម្លាក់ និងគ្រឿងអលង្ការជាដើម។ នេះជាការដាក់តាំងបង្ហាញសាកសពម៉ាំមីនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដែលសហការរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន Yonhap, សារមន្ទីរ Brooklyn, កាសែតក្នុងស្រុក Donga…

​បរទេស៖ វត្ថុបុរាណអេហ្ស៊ីបរាប់រយ រួមទាំងសាកសពម៉ាំមីសត្វឆ្មា និងរូបសំណាកគ្រួសារអភិជន នឹងត្រូវដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍ពិសេសមួយ ដែលផ្តល់ឱកាសដ៏កម្រក្នុងការឈ្វេងយល់ពីភាពអស្ចារ្យនៃអរិយធម៌អេស៊ីបបុរាណ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap នាពេលថ្មីៗនេះ ។

​ពិព័រណ៍ក្រោមប្រធានបទ "ការលាតត្រដាងអាថ៌កំបាំងអេស៊ីបបុរាណ (Unraveling the Mysteries of Ancient Egypt)" នឹងប្រមូលផ្តុំវត្ថុបុរាណប្រមាណ ១៥០ប្រភេទ ពីបណ្តុំសិល្បៈអេស៊ីបបុរាណរបស់សារមន្ទីរ Brooklyn សហរដ្ឋអាមេរិក ក្នុងនោះមានដូចជា សាកសពម៉ាំមី រូបចម្លាក់ និងគ្រឿងអលង្ការជាដើម។ នេះជាការដាក់តាំងបង្ហាញសាកសពម៉ាំមីនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល ៤ឆ្នាំ ដែលសហការរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន Yonhap, សារមន្ទីរ Brooklyn, កាសែតក្នុងស្រុក Donga Ilbo និងទូរទស្សន៍ Channel A។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ វត្ថុបុរាណទាំងអស់ដែលត្រូវដាក់តាំងបង្ហាញ មានតម្លៃធានារ៉ាប់រងសរុបជិត ១២០លានដុល្លារអាមេរិក។

​ការតាំងពិព័រណ៍នេះនឹងចាប់ផ្តើមជាមួយនឹងការបង្ហាញពីជីវិតប្រចាំថ្ងៃរបស់ប្រជាជនអេស៊ីបកាលពីរាប់ពាន់ឆ្នាំមុន ដូចជា គំនូរផ្នូរស្ត្រីលុតជង្គង់ វត្ថុបង្ហាញពីម៉ូដសម្លៀកបំពាក់ដ៏ស៊ីវិល័យរបស់ជនអភិជនអាយុកាល ៣ ០០០ឆ្នាំ និងរូបសំណាក Nykara ព្រមទាំងភរិយា និងកូនប្រុសរបស់លោក។

​ដោយសារជនជាតិអេស៊ីបបុរាណមានជំនឿថា សេចក្តីស្លាប់មិនមែនជាទីបញ្ចប់ តែជាការផ្លាស់ប្តូរទៅកាន់ជីវិតអមតៈ វត្ថុបុរាណទាក់ទងនឹងពិធីបុណ្យសព និងសាកសពម៉ាំមី គឺជាចំណុចទាក់ទាញបំផុតនៅក្នុងពិព័រណ៍នេះ។ វត្ថុលេចធ្លោមានដូចជា ម៉ាំមីបូជាចារ្យ Hor (៧៦០ ដល់ ៥៥៨ មុនគ.ស) ដែលស្រោមម៉ាំមីមានរំលេចនិមិត្តសញ្ញាសាសនា និងរូបព្រះផ្សេងៗ ដើម្បីការពារអ្នកស្លាប់ពីគ្រោះថ្នាក់។ បន្ថែមពីនេះ ក៏មានម៉ាំមីសត្វឆ្មា ដែលតំណាងឱ្យទេពធីតា Bastet (ទេពធីតានៃសេចក្តីស្រឡាញ់ ភាពមានកូន និងគ្រួសារ) ដែលត្រូវបានអ្នកជំនាញបញ្ជាក់ពីរចនាសម្ព័ន្ធខាងក្នុងតាមរយៈការប្រើប្រាស់ម៉ាស៊ីនស្កេន CT ផងដែរ។

​ដើម្បីជួយអ្នកទស្សនាឱ្យកាន់តែយល់ច្បាស់ ពិព័រណ៍នេះមានបំពាក់ឧបករណ៍រូបភាព និងសំឡេង ដើម្បីបង្ហាញពីអក្សររូប (Hieroglyphics) និងការបង្កើតសំឡេងភាសាអេស៊ីបបុរាណឡើងវិញ ព្រមទាំងមានចាក់បញ្ចាំងវីដេអូគំនូរជីវចលបង្ហាញពីដំណើរការនៃការធ្វើម៉ាំមីទៀតផង។

​ក្រុមហ៊ុន ENA Partners ដែលជាអ្នករៀបចំកម្មវិធី បានបញ្ជាក់ថា នេះគឺជាឱកាសដ៏ល្អក្នុងការទស្សនាផ្ទាល់នូវសាកសពម៉ាំមី ព្រះចៅផារ៉ោន និងអក្សររូប ដែលធ្លាប់តែឃើញក្នុងសៀវភៅសិក្សា។

​ពិព័រណ៍នេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសិល្បៈសេអ៊ូល (Seoul Arts Center) ភាគខាងត្បូងទីក្រុងសេអ៊ូល ចាប់ពីថ្ងៃទី១១ ខែធ្នូ ឆ្នាំនេះ ដល់ថ្ងៃទី១១ ខែមេសា ឆ្នាំក្រោយ។ សំបុត្រកក់ទុកមុន (Early bird) មានលក់ក្នុងតម្លៃបញ្ចុះពិសេស ធៀបនឹងតម្លៃដើម ២២ ០០០វ៉ុន (ប្រហែល ១៦ដុល្លារ) សម្រាប់មនុស្សពេញវ័យ នៅលើប្រព័ន្ធលក់សំបុត្រដូចជា Ticket Link, Interpark និង Naver៕

ប្រែសម្រួល៖ គីរី

Most Popular

To Top