សិល្បៈ និង កម្សាន្ត

Jihyo សមាជិកក្រុម TWICE ចាកចេញពី JYP ក្រោយរួមរស់២១ឆ្នាំ ដើម្បីបង្កើតផលិតកម្មផ្ទាល់ខ្លួន

បរទេស៖ នាង Jihyo សមាជិកក្រុមតារាចម្រៀង K-pop នារី TWICE បានប្រកាសជាផ្លូវការថា នាងបានចាកចេញពីផលិតកម្ម JYP Entertainment ដើម្បីទៅបង្កើតទីភ្នាក់ងារ ឬផលិតកម្មគ្រប់គ្រងផ្ទាល់ខ្លួន នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

​តាមរយៈសំបុត្រសរសេរដោយផ្ទាល់ដៃដែលបានបង្ហោះនៅលើបណ្តាញសង្គម តារាចម្រៀងវ័យ ២៩ឆ្នាំរូបនេះ បានបញ្ជាក់ពីការបញ្ចប់កុងត្រាជាមួយ JYP ដែលជាទ្រនំនាងបានរួមរស់តាំងពីកុមារភាព អស់រយៈពេល ២១ឆ្នាំមកហើយ។

​នាងបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំបានបង្កើតផលិតកម្ម ‘Emithaus’។ តាមរយៈផ្ទះថ្មីមួយនេះ ខ្ញុំសង្ឃឹមថានឹងអាចស្វែងយល់ដោយសេរីនូវសមត្ថភាពផ្សេងៗទៀតនៅក្នុងខ្លួនខ្ញុំ ដែលខ្ញុំមិនទាន់បានរកឃើញ។”

​នាងបានបន្ថែមទៀតថា៖ “ខ្ញុំនឹងប្រុងប្រយ័ត្នចំពោះរាល់ជម្រើស និងសកម្មភាពនាពេលអនាគត ហើយមានស្មារតីទទួលខុសត្រូវខ្ពស់ជាងមុន ខណៈដែលខ្ញុំកំពុងឈានជើងចេញពីបរិយាកាសដែលធ្លាប់តែស៊ាំ ហើយបន្តការងាររបស់ខ្ញុំតាមរបៀបថ្មីមួយ។”
​ជុំវិញការសម្រេចចិត្តនេះ Jihyo មានគម្រោងបន្តពង្រីកអាជីពជាសិល្បការិនីទោល (Solo) ក្រោមការគ្រប់គ្រងរបស់ផលិតកម្មថ្មីរបស់នាង ប៉ុន្តែនាងនឹងនៅតែបន្តចូលរួមគ្រប់សកម្មភាពជាមួយក្រុម TWICE ដដែល។

​គួរបញ្ជាក់ថា JYP Entertainment ដែលជាផលិតកម្មយក្សមួយរបស់កូរ៉េខាងត្បូង បានគ្រប់គ្រង និងមើលថែ Jihyo តាំងពីនាងចូលធ្វើជាយុវជនហ្វឹកហាត់ (Trainee) មុនពេលបង្ហាញខ្លួនជាផ្លូវការ (Debut) ជាមួយក្រុម TWICE ក្នុងឆ្នាំ២០១៥ មកម្ល៉េះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top