សិល្បៈ និង កម្សាន្ត

តារាចម្រៀង និងអ្នកនិពន្ធបទភ្លេង អាមេរិកកាត់កូរ៉េ Ejae រៀបអាពាហ៍ពិពាហ៍ ជាមួយផលិតករតន្ត្រី Sam Kim

​ទីក្រុងសេអ៊ូល ៖ តារាចម្រៀង និងអ្នកនិពន្ធបទភ្លេងអាមេរិកកាត់កូរ៉េ អ្នកនាង Ejae ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងតាមរយៈបទ “Golden” ពីខ្សែភាពយន្តគំនូរជីវចលរបស់ Netflix “KPop Demon Hunters” បានរៀបអាពាហ៍ពិពាហ៍ជាមួយផលិតករតន្ត្រី និងជាអ្នកនិពន្ធបទភ្លេង លោក Sam Kim ហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​យោងតាមទស្សនាវដ្ដីម៉ូដសម្លៀកបំពាក់អាមេរិក Vogue បានរាយការណ៍កាលពីថ្ងៃចន្ទ (ម៉ោងនៅសហរដ្ឋអាមេរិក) ថា អ្នកទាំងពីរបានរៀបចំពិធីមង្គលការ ក្រៅអាគារកាលពីថ្ងៃសៅរ៍ នៅឯមជ្ឈមណ្ឌលវប្បធម៌ចម្រុះ (Stage 28) ក្នុងទីក្រុងសេអ៊ូល ដែលជាអតីតលំនៅដ្ឋាន របស់លោកតាខាងម្តាយរបស់ Ejae គឺលោក Shin Young-kyun ដែលជាតារាសម្ដែងជើងចាស់ដ៏ល្បីល្បាញ។

​ដើមឡើយ គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ គ្រោងនឹងរៀបការនៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា ខាងមុខនេះ ប៉ុន្តែក្រោយមកបានសម្រេចចិត្តផ្លាស់ប្តូរទីតាំងមកកាន់ប្រទេសកូរ៉េខាងត្បូងវិញ និងបានលើកថ្ងៃរៀបការឱ្យលឿនជាងមុនប្រហែលមួយខែ។ ការផ្លាស់ប្តូរនេះធ្វើឡើងបន្ទាប់ពីពួកគេត្រូវពន្យារពេលរៀបការជាបណ្តោះអាសន្ន ដោយសារតែភាពមមាញឹកក្នុងកាលវិភាគផ្សព្វផ្សាយ និងការចូលរួមកម្មវិធីប្រគល់ពានរង្វាន់ផ្សេងៗ បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងខ្លាំងពីភាពយន្ត “KPop Demon Hunters”។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ពួកគេចំណាយពេលរៀបចំពិធីមង្គលការនេះត្រឹមតែ ៤ខែប៉ុណ្ណោះ។

​Ejae បានរៀបរាប់ប្រាប់ទស្សនាវដ្ដី Vogue អំពីដំណើរការរៀបចំមង្គលការរបស់នាងថា៖ “វាពិតជារវល់ និងតានតឹងបន្តិចមែន ប៉ុន្តែដោយសារតែការសហការគ្នាយ៉ាងល្អ អ្វីៗក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងល្អឥតខ្ចោះ។

​គួរបញ្ជាក់ផងដែរថា Ejae និង Sam Kim បានជួបគ្នាជាលើកដំបូងកំឡុងពេលធ្វើការរួមគ្នាក្នុងឆ្នាំ ២០១៧ ហើយបានបន្តទំនាក់ទំនងក្នុងនាមជាមិត្តរួមអាជីព និងជាគូស្នេហ៍ មុនពេលសម្រេចចិត្តភ្ជាប់ពាក្យកាលពីខែមិថុនា ឆ្នាំមុន។

​Ejae គឺជាអតីតសិក្ខាកាមរបស់ផលិតកម្ម SM Entertainment ហើយនាងក៏ធ្លាប់បាននិពន្ធបទចម្រៀង K-pop ដ៏ល្បីល្បាញជាច្រើនបទ ដូចជាបទ “Psycho” របស់ក្រុម Red Velvet និងបទ “Drama” ព្រមទាំង “Armageddon” របស់ក្រុម aespa ផងដែរ។ លើសពីនេះ នាងទើបតែឈ្នះពានរង្វាន់ Oscar និង Grammy តាមរយៈបទ “Golden” ដែលជាបទចម្រៀងគោលក្នុងរឿង “KPop Demon Hunters” ទៀតផង៕

ប្រែសម្រួល៖ គីរី

Most Popular

To Top