ផ្សេងៗ

អាជ្ញាធរសហព័ន្ធអាមេរិកប្តឹងក្រុមហ៊ុនលក់សំបុត្របន្ត ជុំវិញការបន្លំប្រព័ន្ធកើបប្រាក់ចំណេញជាង ១២០ លានដុល្លារលើសំបុត្រប្រគំតន្ត្រី Beyoncé និង Pitbull

បរទេស៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DOJ) សហការជាមួយគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បានដាក់ពាក្យប្តឹងក្រុមហ៊ុនជើងសា និងលក់សំបុត្របន្ត REPS & Co ដែលមានមូលដ្ឋាននៅទីក្រុង San Diego ពីបទរំលោភលើច្បាប់សហព័ន្ធ BOTS Act (Better Online Ticket Sales Act) តាមរយៈការប្រើប្រាស់គណនីរាប់ពាន់ដើម្បីបន្លំប្រព័ន្ធទិញសំបុត្រយកមកលក់បន្តក្នុងតម្លៃកប់ពពក និងកើបប្រាក់ចំណេញសរុបជាង ១២០ លានដុល្លារ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន The Hollywood Reporter ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។   

យោងតាមពាក្យបណ្តឹង ក្រុមហ៊ុន REPS & Co បានបង្កើតគណនីក្លែងក្លាយរាប់ពាន់នៅលើថ្នាល Ticketmaster, AXS និងសេវាកម្មដទៃទៀត ដើម្បីបំពានលើដែនកំណត់នៃការទិញសំបុត្រ។ ក្រុមហ៊ុននេះត្រូវបានចោទប្រកាន់ថាបានទិញសំបុត្រច្រើនជាង ១៨,៦ លានសន្លឹក សម្រាប់ព្រឹត្តិការណ៍ប្រមាណ ៨៣,៥០០ កម្មវិធី រួមទាំងការប្រគំតន្ត្រីរបស់តារាល្បីៗដូចជា Beyoncé, Post Malone និង Pitbull ជាដើម។ ជាឧទាហរណ៍ជាក់ស្តែង ក្នុងដំណើរទេសចរណ៍ Renaissance របស់ Beyoncé កាលពីឆ្នាំ ២០២៣ ក្រុមហ៊ុនបានប្រើគណនីប្រមាណ ១,៣០០ ដើម្បីប្រមូលទិញសំបុត្រចំនួន ៧,៦២៤ សន្លឹក ដោយកើបប្រាក់ចំណេញបានជាង ៨៣ ម៉ឺនដុល្លារ ខណៈការប្រគំតន្ត្រីរបស់ Pitbull ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនបានប្រើ ៧០០ គណនី ទិញសំបុត្រ ៥,៤៣០ សន្លឹក និងចំណេញជាង ១២ ម៉ឺនដុល្លារ។   

ដើម្បីសម្រេចផែនការនេះ ក្រុមហ៊ុនបានជួលអ្នកបញ្ជាទិញសំបុត្រនៅប្រទេសហ្វីលីពីន ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាបិទបាំង IP address និង VPN ដើម្បីគេចពីការតាមដាន។ នាយកផ្នែកការពារអ្នកប្រើប្រាស់របស់ FTC បានគូសបញ្ជាក់ថា គំរូអាជីវកម្មបែបនេះបានបំផ្លាញសិទ្ធិ និងផលប្រយោជន៍របស់អ្នកគាំទ្រទូទៅ ដែលគួរតែទទួលបានសំបុត្រក្នុងតម្លៃដើមសមរម្យ។   

ចំណាត់ការផ្លូវច្បាប់នេះ ធ្វើឡើងស្របពេលដែលរដ្ឋាភិបាលសហព័ន្ធអាមេរិកកំពុងបង្កើនការត្រួតពិនិត្យ និងរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើទីផ្សារលក់សំបុត្របន្ទាប់បន្សំ (Secondary Ticketing) ដើម្បីទប់ស្កាត់ការកេងចំណេញ និងការប្រកួតប្រជែងមិនស្មោះត្រង់ក្នុងឧស្សាហកម្មកម្សាន្ត។

ប្រែសម្រួល៖​ គីរី

Most Popular

To Top