សិង្ហបុរី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនានា នៅតែបន្តបង្កើនការចំណាយយ៉ាងសន្ធឹកសន្ធាប់លើបញ្ញាសិប្បនិម្មិត (AI) ខណៈតម្រូវការបន្ទះឈីប កម្រិតខ្ពស់ នៅតែមានភាពរឹងមាំ ហើយក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុត របស់ពិភពលោកក៏ទើបតែប្រកាសពីប្រាក់ចំណេញបំបែកកំណត់ត្រា។ ផ្ទុយទៅវិញ ភាគហ៊ុនក្រុមហ៊ុនបន្ទះឈីប (Semiconductor) ដែលជាបេះដូងនៃភាពរីកចម្រើនរបស់ AI បែរជាកំពុងប្រឈមនឹងការធ្លាក់ចុះយ៉ាងគំហុក នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន CNA ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។
ខាងក្រោមនេះគឺជាការវិភាគរបស់សារព័ត៌មាន CNA ជុំវិញមូលហេតុនៃភាពផ្ទុយគ្នានេះ ការធ្លាក់ចុះជាប្រវត្តិសាស្ត្រនៅក្នុងទីផ្សារអាមេរិក និងអាស៊ី សន្ទស្សន៍ភាគហ៊ុនបន្ទះឈីប Philadelphia (SOX) ដែលតាមដានក្រុមហ៊ុនបន្ទះឈីបធំបំផុតទាំង៣០ ដែលចុះបញ្ជីនៅសហរដ្ឋអាមេរិក (រួមមាន Nvidia និង AMD) បានធ្លាក់ចុះ ៨វគ្គជាប់ៗគ្នារហូតដល់ថ្ងៃសុក្រ (ទី១៦ តុលា) ដោយបានបាត់បង់តម្លៃប្រមាណ ១៦ភាគរយ។ នេះគឺជាការធ្លាក់ចុះដ៏យូរបំផុតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ មក។
រលកនៃការលក់ចេញនេះ ក៏បានជះឥទ្ធិពលដល់ទីផ្សារអាស៊ីផងដែរ ដោយក្រុមហ៊ុនធំៗនៅកូរ៉េខាងត្បូងដូចជា Samsung Electronics បានធ្លាក់ចុះ ១៨ភាគរយ និង SK hynix ធ្លាក់ចុះ ២៤ភាគរយ កាលពីសប្តាហ៍មុន។ នៅប្រទេសជប៉ុន ក្រុមហ៊ុន Kioxia Holdings បានធ្លាក់ចុះជិត ២៤ភាគរយ ចំណែកក្រុមហ៊ុន TSMC របស់តៃវ៉ាន់បានធ្លាក់ចុះប្រមាណ ៥ភាគរយ ទោះបីជាទើបប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសបំបែកកំណត់ត្រាក៏ដោយ។
តម្រូវការខ្ពស់ តែអ្នកវិនិយោគចាប់ផ្តើមសង្ស័យពីប្រាក់ចំណេញ
ការធ្លាក់ចុះនេះកើតឡើង ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សដូចជា Microsoft, Amazon, Alphabet និង Meta ត្រូវបានរំពឹងថានឹងចំណាយប្រាក់ប្រមាណ ៦០០ពាន់លានដុល្លារនៅឆ្នាំនេះ លើមជ្ឈមណ្ឌលទិន្នន័យ បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ AI ក៏ដោយ។
អ្នកជំនាញបានប្រាប់ CNA ថា ទោះបីជាតម្រូវការ AI មានកម្រិតខ្ពស់ ប៉ុន្តែអ្នកវិនិយោគកំពុងចោទសួរកាន់តែខ្លាំងថា តើការចំណាយដ៏មហាសាលទាំងនេះនឹងអាចបង្កើតប្រាក់ចំណេញត្រឡប់មកវិញគ្រប់គ្រាន់ដែរឬទេ ហើយតើត្រូវចំណាយពេលយូរប៉ុណ្ណាទើបទទួលបានផលជាក់ស្តែង។
លោក Anthony Tung សាស្ត្រាចារ្យនៅសាលាកុំព្យូទ័រនៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បានលើកឡើងថា៖ “សម្រាប់ AI តម្លៃរបស់វាគឺពិតប្រាកដមែន ប៉ុន្តែការរំពឹងទុកលើពេលវេលាទទួលបានផល គឺដើរលឿនជាងការពិត។”
សម្ពាធអតិផរណា និងអត្រាការប្រាក់ អ្នកស្រី Charu Chanana ប្រធានយុទ្ធសាស្ត្រវិនិយោគនៅក្រុមហ៊ុន Saxo Singapore បានពន្យល់ថា កត្តាជំរុញដ៏សំខាន់មួយទៀតគឺ អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងខ្ពស់ជាងការរំពឹងទុក ដែលធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារកណ្តាលអាមេរិក (Fed) អាចនឹងរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ឬបន្តរឹតបន្តឹងគោលនយោបាយបន្ថែមទៀត។ កាលពីខែមុន Fed ទើបតែបានដំឡើងអត្រាការប្រាក់ ០,២៥ភាគរយ ដែលជាការដំឡើងលើកដំបូងចាប់តាំងពីឆ្នាំ២០២៣។
អ្នកស្រីបានបន្តថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ AI ត្រូវការដើមទុនយ៉ាងច្រើនសន្ធឹកសន្ធាប់។ “អត្រាការប្រាក់ខ្ពស់ធ្វើឱ្យប្រាក់ចំណេញនៅថ្ងៃអនាគតមានតម្លៃថយចុះនៅក្នុងបរិបទបច្ចុប្បន្ន… វាក៏បង្កើនថ្លៃដើមហិរញ្ញប្បទាន (ការខ្ចីប្រាក់) សម្រាប់ក្រុមហ៊ុនដែលត្រូវខ្ចីប្រាក់យ៉ាងច្រើនដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យផងដែរ។”
ការផ្លាស់ប្តូរផ្នត់គំនិតទីផ្សារ ប៉ុន្មានឆ្នាំនៃក្តីរំភើបចំពោះបដិវត្តន៍ AI បានរុញច្រានឱ្យតម្លៃភាគហ៊ុនកើនឡើងយ៉ាងខ្លាំងហួសពីតម្លៃពិតរួចទៅហើយ។ អ្នកវិនិយោគបច្ចុប្បន្ន កំពុងមានភាពម៉ត់ចត់ជាងមុនក្នុងការជ្រើសរើសក្រុមហ៊ុនដែលអាចប្រែក្លាយតម្រូវការ ទៅជាប្រាក់ចំណេញប្រកបដោយចីរភាព។
អ្នកស្រី Chanana បានសង្កត់ធ្ងន់ជាចុងក្រោយថា៖ “ទោះបីជាក្រុមហ៊ុនបង្ហាញពីប្រាក់ចំណេញខ្ពស់ក៏ដោយ ក៏វាប្រហែលជាលែងគ្រប់គ្រាន់ទៀតហើយ នៅពេលដែលអ្នកវិនិយោគបានទិញភាគហ៊ុនក្នុងតម្លៃដ៏ថ្លៃដោយរំពឹងទុកពីកំណើនដ៏អស្ចារ្យរួចទៅហើយនោះ។ ការជួញដូរលើវិស័យ AI ពេលនេះ កំពុងផ្លាស់ប្តូរពី ‘ក្តីរំភើបអំពីកំណើន’ ទៅជា ‘ការចោទសួរអំពីការចំណាយដើម្បីសម្រេចបានកំណើននោះ’ វិញ។”
ប្រែសម្រួល៖ គីរី
