ខេត្តសៀមរាប ៖ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតី ពិធីបើកកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២៧នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារអង្គរអេមព្រីសអង្គរ ខេត្តសៀមរាប រៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអគ្គនាយកដ្ឋានកីឡា និងនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន។

លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់ និងបានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំនេះ ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកីឡាក្នុងតំបន់អាស៊ាន។ កិច្ចប្រជុំឧត្តមមន្រ្តីកីឡា អាស៊ានលើកទី១៧ គឺជាវេទិកាដ៏សំខាន់សម្រាប់ពិនិត្យវឌ្ឍនភាពការងារកន្លងមក កំណត់អាទិភាព និងទិសដៅយុទ្ធសាស្ត្ររួម ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាអាស៊ានឱ្យដែលឆ្លើយតបទៅនឹងបរិបទ និងតម្រូវការនាពេលអនាគត។

ជាមួយគ្នានេះ កិច្ចប្រជុំនឹងបន្តពិភាក្សាពីសមិទ្ធផលនៃការសម្រេចរបស់កិច្ចប្រជុំ SOMS-16 និង AMMS-8 ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែតុលា ឆ្នាំ២០២៥ ជាពិសេសការវាយតម្លៃផែនការការងារកីឡាអាស៊ានឆ្នាំ២០២១–២០២៥ និងការអនុម័តផែនការការងារកីឡាអាស៊ានឆ្នាំ២០២៦–២០៣០។ ផែនការការងារកីឡាអាស៊ាននេះ បានកំណត់វិស័យកីឡាជាកត្តាជំរុញអន្តរវិស័យសម្រាប់សន្តិភាព សុខភាព បរិយាបន្ន ការអប់រំ អត្តសញ្ញាណវប្បធម៌ និងកំណើន សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានបន្ថែមទៀតថា កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរវិស័យលើវិទ្យាសាស្ត្រកីឡា ការគ្រប់គ្រងកីឡា និងការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីលើកកម្ពស់សមត្ថភាពអត្តពលិក។ ជាមួយគ្នានេះ កម្ពុជាក៏បានគូសបញ្ជាក់ពីសារសំខាន់នៃការពង្រឹងក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិ ដើម្បីគាំទ្រដល់កីឡាកម្រិតខ្ពស់ ឧស្សាហកម្មកីឡា និងបូរណភាពកីឡា កីឡាស្អាតស្អំ និងកីឡាបរិយាបន្ន ព្រមទាំងការជំរុញគោលការណ៍ «កីឡាសម្រាប់ទាំងអស់គ្នា» ដោយធានាការចូលរួមរបស់ស្ត្រី ជនមានពិការភាព និងក្រុមជនងាយរងគ្រោះ ដើម្បីលើកកម្ពស់សុខភាព និងភាពសកម្មនៅក្នុងសហគមន៍អាស៊ាន។

ជាមួយនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ កម្ពុជាក៏បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់នាពេលអនាគត រួមមាន ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៨ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ និងការប្រកួតកីឡាយុវជនអាស៊ាន ឆ្នាំ២០៣១ ព្រមទាំងអំពាវនាវឲ្យបណ្តាប្រទេសសមាជិកអាស៊ានបន្តផ្តល់កិច្ចសហការ និងការគាំទ្រដើម្បីធានាភាពជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ។








