កីឡា

UCL៖ សល់សមាជិកត្រឹម ១០នាក់ Carlos Augusto ស៊ុតគ្រាប់ជ័យជម្នះជួយ Inter Milan យកឈ្នះ Shakhtar Donetsk ១-០

បរទេស៖ ក្លឹប Inter Milan ទទួលបានជ័យជម្នះជាលើកដំបូងរបស់ខ្លួនក្នុងវគ្គសន្សំពិន្ទុនៃក្របខ័ណ្ឌ Champions League យ៉ាងប្រផិតប្រផើយបំផុត ក្នុងលទ្ធផល ១-០ ទៅលើក្រុម Shakhtar Donetsk នៅកីឡដ្ឋាន San Siro ទោះបីជាត្រូវលេងក្នុងស្ថានភាពសល់មនុស្សតិចជាងគូប្រកួតក៏ដោយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។
​
ក្រុមម្ចាស់ផ្ទះដែលដឹកនាំដោយអ្នកចាត់ការ Cristian Chivu ត្រូវការជ័យជម្នះជាចាំបាច់បន្ទាប់ពីរងបរាជ័យ ២ប្រកួតដំបូង។ យ៉ាងណាមិញ ស្ថានការណ៍ប្រកួតបានប្រែប្រួលយ៉ាងខ្លាំងនៅនាទីទី៦៨ នៅពេលខ្សែការពារ Alessandro Bastoni ទទួលបានកាតលឿងទី២ (ស្មើនឹងកាតក្រហម) ត្រូវបណ្តេញចេញពីទីលាន។ ទោះបីជាខ្វះកម្លាំង ទម្រង់ការពាររបស់ Inter នៅតែរឹងមាំ ហើយចំណុចរបត់ដ៏សំខាន់បានកើតឡើងនៅនាទីទី៧៧ នៅពេលកីឡាករ Carlos Augusto បានបញ្ចប់ទីយ៉ាងល្អបន្ទាប់ពីទទួលបានការបញ្ជូនបាល់ពីកីឡាករបម្រុង Henrikh Mkhitaryan។ ការសង្គ្រោះបាល់ដ៏ឆ្នើមៗពីសំណាក់អ្នកចាំទី Josep Martínez នៅចុងម៉ោង បានជួយធានា៣ពិន្ទុដ៏មានតម្លៃបំផុតនេះជូន Inter។

​
Carlos Augusto ជាវីរបុរសប្រចាំការប្រកួត ដែលលេងក្នុងតំបន់ការពារ ប៉ុន្តែមានកម្លាំងស៊ុហ្វគ្រប់គ្រាន់ក្នុងការរត់ឡើងទៅគាំទ្រការវាយលុកនៅនាទីទី៧៧ មុនពេលបញ្ចប់ទីយកជ័យជម្នះយ៉ាងអស្ចារ្យ។ ក្រៅពីគ្រាប់បាល់ គេក៏បានឈ្នះការប្រជែងបាល់ទល់មួយនឹងមួយ (Duels) ជាច្រើនលើកផងដែរ។

មានកីឡាករផ្សេងទៀត Manuel Akanji ទទួលបាន ៧/១០ (ការពារបានរឹងមាំ និងជាអ្នករៀបចំការតាំងទ័ពឡើងវិញក្រោយកាតក្រហម), Nicolò Barella (៧/១០), Marcus Thuram (៦/១០), ខណៈកីឡាករផ្សេងៗទៀតទទួលបាន ៥ និង ៦ ភាគច្រើន ដោយបង្ហាញទម្រង់លេងក្នុងកម្រិតមធ្យម។
​
លោក Cristian Chivu និង ការសម្រេចចិត្តផ្លាស់ប្តូរកីឡាកររបស់លោកមានភាពរហ័សរហួន និងត្រឹមត្រូវបំផុត ជាពិសេសការប្តូរ Mkhitaryan ចូល។ ការរៀបចំប្រព័ន្ធការពារឡើងវិញភ្លាមៗក្រោយ Bastoni ទទួលបានកាតក្រហម បង្ហាញពីសមត្ថភាពដឹកនាំដ៏ល្អរបស់លោកក្នុងស្ថានភាពតានតឹង។ ជ័យជម្នះនេះបានជួយស្រោចស្រង់ក្តីសង្ឃឹមរបស់ Inter Milan ក្នុងការប្រជែងយកកៅអីឡើងទៅវគ្គបន្តវិញ។

ប្រែសម្រួល៖ គីរី

Most Popular

To Top