ភ្នំពេញ ៖ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីវាយសីកម្ពុជា ចំនួន ៤ រូប របស់សហព័ន្ធ ដែលកំពុងធ្វើការហ្វឹកហាត់ យ៉ាងសកម្មរៀងរាល់ថ្ងៃ ដើម្បីត្រៀខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោក ឈិត សាមនា គ្រូបងឹ្វកកីឡាវាយសី បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រូបង្វឹក និងកីឡាករ-កីឡាការិនីវាយសីរបស់សហព័ន្ធចំនួន ៤ រូប បានចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។ ក្រុមប្រតិភូទំាង៤ រូប រួមមាន លោក ឈិត សាមាន គ្រូបង្វឹក កីឡាករ វ៉ាត វណ្ណធុន កីឡាករ ឡាវ ជា និងកីឡាករ សន លីហ្សា។ កីឡាករ វ៉ាត វណ្ណធុន និងកីឡាករ ឡាវ ជា ប្រកួតលើវិញ្ញាសាឯកត្តជនបុរស និងកីឡាករ វ៉ាត វណ្ណធុន និងកីឡាករ សន លីហ្សា ប្រកួតលើវិញ្ញាសាគូបុរស។

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល៕
ដោយ៖លី ភីលីព



