កីឡា

Declan Rice ស៊ុតគ្រាប់តាមស្មើនៅចុងម៉ោង ជួយ Arsenal ចែកពិន្ទុជាមួយ Bayern យ៉ាងជក់ចិត្ត ២-២ ក្នុងព្រឹត្តការណ៌UCL

​ទីក្រុងមុយនិច (អាល្លឺម៉ង់)៖ ក្រុមកាំភ្លើងធំ Arsenal បានបន្តរក្សាកំណត់ត្រាមិនទាន់ស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ UEFA Champions League បន្ទាប់ពីបានវាយបកតាមស្មើម្ចាស់ផ្ទះ Bayern Munich ក្នុងលទ្ធផល ២-២ យ៉ាងស្វិតស្វាញ នៅកីឡដ្ឋាន Allianz Arena កាលពីរាត្រីកន្លងទៅ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAal ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។

​ការប្រកួតបានចាប់ផ្តើមឡើងជាមួយនឹងការព្រួយបារម្ភសម្រាប់លោក Mikel Arteta នៅពេលខ្សែប្រយុទ្ធស្លាប Bukayo Saka ត្រូវបង្ខំចិត្តចាកចេញពីទីលានទាំងពីដើមនាទីទី១០ ដោយសារបញ្ហារបួស។ យ៉ាងណាក្ដី កីឡាករបម្រុង Eberechi Eze ដែលចូលលេងជំនួស បានក្លាយជាអ្នកបើកការនាំមុខឱ្យក្រុមភ្ញៀវនៅនាទីទី២៥ ក្រោយការបញ្ជូនបាល់យ៉ាងប្រណិតពីប្រធានក្រុម Martin Ødegaard។ មុនពេលចប់តង់ទី១ នៅនាទីទី៤៣ ម្ចាស់ផ្ទះ Bayern បានតាមស្មើមកវិញ ១-១ ដោយការសម្រេចទីរបស់ខ្សែការពារស្លាប Alphonso Davies តាមរយៈការបញ្ជូនបាល់យ៉ាងច្បាស់ពី Harry Kane។

​ឈានចូលវគ្គទី២ ការប្រកួតកាន់តែឡើងកម្តៅខ្លាំង។ នៅនាទីទី៦១ កំហុសប៉ះបាល់ដោយដៃក្នុងប្រអប់គ្រោះថ្នាក់ពីសំណាក់ខ្សែការពារ Jurrien Timber បានផ្តល់ឱកាសបាល់ពិន័យ ១១ម៉ែត្រ ដល់ម្ចាស់ផ្ទះ ហើយ Harry Kane មិនបានបង្អង់ដៃឡើយ ដោយស៊ុតបញ្ចូលទីយ៉ាងត្រជាក់ចិត្ត ជួយ Bayern នាំមុខ ២-១។

​ទោះបីជារងសម្ពាធយ៉ាងខ្លាំងពីក្រុមយក្សអាល្លឺម៉ង់យ៉ាងណាក្តី Arsenal នៅតែរក្សាជំហររឹងមាំ និងមានវិន័យតាក់ទិកខ្ពស់។ នាទីទី៨២ ការខិតខំប្រឹងប្រែងរបស់ក្រុមភ្ញៀវបានទទួលផ្លែផ្កា នៅពេលខ្សែបម្រើ Declan Rice បានឆ្លៀតឱកាសស៊ុតបាល់យ៉ាងស្ងប់ស្ងាត់បញ្ចូលទី តាមស្មើ ២-២ ដែលជាលទ្ធផលផ្លូវការនៃការប្រកួត។

​លទ្ធផលស្មើក្រៅដីនេះ ត្រូវបានចាត់ទុកជាជោគជ័យដ៏សំខាន់មួយសម្រាប់ក្រុមលោក Mikel Arteta ក្នុងការឆ្លងកាត់ការប្រកួតដ៏លំបាកបំផុតមួយនៃទ្វីបអឺរ៉ុប ព្រមទាំងបន្តឈរលើផ្លូវវិជ្ជមានក្នុងវគ្គសន្សំពិន្ទុនៃពានរង្វាន់ទ្វីបអឺរ៉ុបមួយនេះ។

ប្រែសម្រួល៖ គីរី

Most Popular

To Top