សេអ៊ូល ៖ បទចម្រៀងទោលសហការគ្នាមានចំណងជើងថា “Dracula” រវាង Jennie សមាជិកក្រុមតារាចម្រៀង K-pop នារី BLACKPINK និងក្រុមតន្ត្រីអូស្ត្រាលី Tame Impala បានវិលត្រឡប់មកកាន់ចំណាត់ថ្នាក់កំពូលទាំង ៥ (Top 5) នៃតារាង Billboard Hot 100 ឡើងវិញ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Yonhap ថ្ងៃទី ២២ខែតុលា ឆ្នាំ២០២៦ ។
យោងតាមការប្រកាសរបស់ស្ថាប័ន Billboard កាលពីថ្ងៃអង្គារ (ម៉ោងនៅសហរដ្ឋអាមេរិក) បទ “Dracula” បានកើនឡើង ១ លេខធៀបនឹងសប្តាហ៍មុន ដោយឡើងមកឈរនៅលេខរៀងទី ៥ លើតារាងបទចម្រៀងទោលដ៏មានឥទ្ធិពលបំផុតមួយនេះ ដែលជាការតាមស្មើកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានរបស់បទនេះរហូតមកដល់បច្ចុប្បន្ន។
ជាមួយគ្នានេះ បទ “Animal” របស់ក្រុមចម្រៀងនារី Katseye ក៏បានហក់ឡើង ៤ លេខ មកឈរនៅចំណាត់ថ្នាក់ទី ២៨ ផងដែរ។
ក្រៅពីតារាងបទចម្រៀងទោល សិល្បករ K-pop ជាច្រើនរូបផ្សេងទៀតក៏បានបង្ហាញវត្តមានលើតារាងអាល់ប៊ុមធំ Billboard 200 ក្នុងសប្តាហ៍នេះផងដែរ៖
អាល់ប៊ុម “This & That” ទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងចំណោមសិល្បករ K-pop ដោយឈរនៅលេខរៀងទី ៣៥។
អាល់ប៊ុមចម្រៀងដើម (OST) នៃគំនូរជីវចលដ៏ល្បីលើ Netflix “KPop Demon Hunters” ឈរនៅលេខរៀងទី ៣៧ ខណៈអាល់ប៊ុម “Wild” របស់ក្រុម Katseye ឈរនៅលេខរៀងទី ៣៨។
អាល់ប៊ុមពេញទី ៥ មានចំណងជើងថា “Arirang” បានឈរនៅចំណាត់ថ្នាក់ទី ៤១ ដោយបន្តមានវត្តមាននៅលើតារាងនេះបានចំនួន ៣០ សប្តាហ៍ជាប់ៗគ្នា។
អាល់ប៊ុម “The Sin: Bliss” របស់ក្រុមបុរស Enhypen នៅតែរក្សាចំណាត់ថ្នាក់ដដែលនៅលេខរៀងទី ១២២ ខណៈអាល់ប៊ុម “Beautiful Chaos” របស់ក្រុម Katseye ស្ថិតនៅលេខរៀងទី ១៧៦។
ប្រែសម្រួល៖ គីរី
