ភ្នំពេញ៖គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាចំនួន ១០ រូបរបស់សហព័ន្ធកីឡាប៉េតង់កម្ពុជា ត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោកស្រី ជុំ ច័ន្ទថុល គ្រូបង្វឹកនារី បានប្រាប់ឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីប៉េតង់កម្ពុជាចំនួន ១០ រូបបានចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ (The 22 ASEAN University Games) ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។ក្រុមប្រតិភូកីឡាប៉េតង់ កម្ពុជាទំាង ១០ រូប ក្នុងកីឡាករចំនួន ៤ រូប និងកីឡាការិនី ៤ រូប រួមមាន លោក តិប នរ៉ា គ្រូបង្វឹកបុរស លោកស្រី ជុំ ច័ន្ទថុល គ្រូបង្វឹកនារី កីឡាការិនី ហៀង វិជ្ជនី កីឡាការិនី រ៉ន ស្រីពេជ្រ កីឡាការិនី ភៀត ផារីតា កីឡាការិនី សុខ ចាន់រស្មី កីឡាករ ពុធយ៉ុន ច័ន្ទដារ៉ា កីឡាករ កុយ សុភក្រ្តា កីឡាករ ជា ហេងឧត្តមរស្មី និងកីឡាករ ស៊ីចាន់ តារា។

លោកស្រីគ្រូបង្វឹកនារី បានបញ្ជាក់ថា ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំនេះ ក្រុមកីឡាប៉េតង់ប្រកួតលើ ៤ វិញ្ញាសា រួមមាន វិញ្ញាសា ៣ នាក់ទល់ ៣ នាក់ បុរស វិញ្ញាសា ៣ នាក់ទល់ ៣ នាក់ នារី វិញ្ញាសាចម្រុះ ៣ នាក់ទល់ ៣ នាក់ (នារី ១នាក់ បុរស ២ នាក់) និងវិញ្ញាសាចម្រុះ ៣ នាក់ទល់ ៣ នាក់ (នារី ២នាក់ បុរស ១ នាក់) ។

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល៕
ដោយ៖លី ភីលីព







