ម៉ាឌ្រីដ/បាសេឡូណា — ការប្រកួតរវាង FC Barcelona និង Real Madrid តែងតែជាជំនួបកីឡា និងវប្បធម៌ដ៏ស្វិតស្វាញបំផុតក្នុងពិភពបាល់ទាត់។ ក៏ប៉ុន្តែ ជំនួប El Clasico នារដូវកាលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសតានតឹង និងពោរពេញដោយភាពចម្រូង ចម្រាសបំផុតមិនធ្លាប់មាន ដោយសារតែស្រមោល អាប់អួរ នៃរឿងអាស្រូវអាជ្ញាកណ្តាលដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់អេស្ប៉ាញ គឺ «សំណុំរឿង Negreira» នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ។
រឿងអាស្រូវនេះបានផ្ទុះឡើងកាលពីដើមឆ្នាំ២០២៣ នៅពេលអាជ្ញាធរពន្ធដារអេស្ប៉ាញបានបើកការស៊ើបអង្កេតលើក្រុមហ៊ុន DASNIL 95 របស់លោក Jose Maria Enriquez Negreira អតីតអនុប្រធានគណៈកម្មាធិការបច្ចេកទេសអាជ្ញាកណ្តាល (CTA) នៃសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ។ យោងតាមឯកសារស៊ើបអង្កេត Barcelona បានផ្ទេរប្រាក់ជាង ៧,៣ លានអឺរ៉ូ ទៅកាន់ក្រុមហ៊ុនពាក់ព័ន្ធនឹងលោក Negreira ចន្លោះពីឆ្នាំ២០០១ ដល់ ២០១៨ ក្នុងអាណត្តិប្រធានក្លឹបជាបន្តបន្ទាប់។
យោងតាមសក្ខីកម្មដែលត្រូវបានបែកធ្លាយ លោក Negreira បានបំភ្លឺចំពោះមុខអាជ្ញាធរពន្ធដារថា ទឹកប្រាក់ទាំងនោះគឺដើម្បីធានាថា «គ្មានការសម្រេចចិត្តណាដែលលម្អៀងប្រឆាំងនឹង Barcelona ឡើយ»។ ការទម្លាយនេះបានរុញច្រានឱ្យរដ្ឋអាជ្ញាអេស្ប៉ាញសម្រេចប្តឹងចោទប្រកាន់ក្លឹប Barcelona និងអតីតប្រធានក្លឹបពីបទពុករលួយកីឡា ការកេងបន្លំការគ្រប់គ្រង និងការក្លែងបន្លំឯកសារពាណិជ្ជកម្ម។
ជាការឆ្លើយតប ក្លឹប Barcelona ដឹកនាំដោយលោកប្រធាន Joan Laporta បានចេញមុខច្រានចោលការចោទប្រកាន់ទាំងស្រុង ដោយចាត់ទុកថាជារឿងមិនពិត និងគ្មានមូលដ្ឋាន។ តាមការបកស្រាយរបស់ក្លឹប ការចំណាយនោះគឺសម្រាប់កិច្ចសន្យាជួលទីប្រឹក្សាខាងក្រៅ ដើម្បីរៀបចំ «របាយការណ៍បច្ចេកទេសវាយតម្លៃកីឡាករយុវជន និងអាកប្បកិរិយារបស់អាជ្ញាកណ្តាល» ដែលជាការអនុវត្តទូទៅក្នុងវិស័យកីឡាអាជីពប៉ុណ្ណោះ។
លោក Laporta បានសង្កត់ធ្ងន់ថា Barcelona មិនដែលទិញ ឬមានចេតនាសូកប៉ាន់អាជ្ញាកណ្តាលដើម្បីកែប្រែលទ្ធផលប្រកួតនោះឡើយ ហើយក្លឹបបានត្រៀមខ្លួនចាត់វិធានការច្បាប់ចំពោះការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះស្ថាប័ន។
លោក Javier Tebas ប្រធានគ្រប់គ្រង La Liga បានបញ្ជាក់ថា តាមទិដ្ឋភាពច្បាប់កីឡាក្នុងស្រុក Barcelona នឹងមិនប្រឈមមុខនឹងទណ្ឌកម្មដកពិន្ទុ ឬទម្លាក់លីគឡើយ ដោយសារករណីនេះបានផុតអាជ្ញាយុកាល ៣ ឆ្នាំ ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌនៅតុលាការនៅតែបន្តដំណើរការ។
ដោយឡែក សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ក៏បានបើកការស៊ើបអង្កេតផ្ទាល់ខ្លួនផងដែរ។ ប្រធាន UEFA លោក Aleksandar Ceferin បានចាត់ទុកករណីនេះថាជា «វិបត្តិដ៏ធ្ងន់ធ្ងរបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់» ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា យុត្តាធិការរបស់ UEFA មិនត្រូវបានកំហិតដោយអាជ្ញាយុកាលដូចលីគអេស្ប៉ាញនោះទេ។
កម្តៅជម្លោះបានឈានដល់កម្រិតកំពូល នៅពេលដែល Real Madrid បានសម្រេចចិត្តចូលរួមជាភាគីដើមបណ្តឹងឯកជនក្នុងតុលាការប្រឆាំងនឹង Barcelona។ ចំណាត់ការនេះបានធ្វើឱ្យលោក Joan Laporta វាយបកវិញយ៉ាងចាស់ដៃ ដោយចោទប្រកាន់ Real Madrid ថាជា «ក្រុមដែលធ្លាប់ទទួលបានផលប្រយោជន៍ពីរបបផ្តាច់ការ Franco» ក្នុងប្រវត្តិសាស្ត្រ និងតែងតែទទួលបានការអនុគ្រោះពីអាជ្ញាកណ្តាលជាច្រើនទសវត្សរ៍កន្លងមក។
ជាការឆ្លើយតប Real Madrid បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ដើម្បីរំលេចឡើងវិញនូវប្រវត្តិសាស្ត្រ និងបន្តចាក់ផ្សាយវីដេអូរិះគន់ការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ដែលទង្វើនេះត្រូវបានភាគី Barcelona និងលោក Tebas ចាត់ទុកថាជា «យុទ្ធនាការលាបពណ៌» ដើម្បីដាក់សម្ពាធផ្លូវចិត្តលើមន្ត្រីអាជ្ញាកណ្តាល។
ទោះបីជាដំណើរការក្តីនៅតុលាការមិនទាន់ឈានដល់សាលក្រមចុងក្រោយយ៉ាងណាក្តី ក៏សំណុំរឿង Negreira បានបង្កើតជាស្លាកស្នាមប្រឡាក់យ៉ាងជ្រៅលើកិត្តិនាមនៃបាល់ទាត់អេស្ប៉ាញ។ សម្រាប់អ្នកគាំទ្រ Barcelona នេះជាយុទ្ធនាការរៀបចំឡើងដើម្បីបន្ទាបបន្ថោកសម័យកាលជោគជ័យដ៏ត្រចះត្រចង់របស់ពួកគេ ប៉ុន្តែសម្រាប់ Real Madrid និងក្លឹបដទៃទៀត ការផ្ទេរប្រាក់ទៅកាន់មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការអាជ្ញាកណ្តាល គឺជាការបំផ្លាញនូវភាពសុចរិត (Integrity) នៃការប្រកួតប្រជែង ដែលបន្តធ្វើឱ្យរាល់ការសម្រេចចិត្តលើទីលានក្នុងជំនួប El Clasico ស្ថិតក្រោមការមន្ទិលសង្ស័យជានិច្ច៕
ប្រែសម្រួល៖ គីរី
