កីឡា

FIFA បើកយុទ្ធនាការដេញថ្លៃសិទ្ធិផ្សាយ World Cup ឆ្នាំ២០៣០ និង ២០៣៤ នៅលើទីផ្សារសហរដ្ឋអាមេរិកទីក្រុងញូវយ៉ក

បរទេស៖ ទីក្រុងញូវយ៉ក — សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានប្រកាសបើកដំណើរការដេញថ្លៃជាផ្លូវការ សម្រាប់សិទ្ធិផ្សាយ តាមកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធឌីជីថល (Streaming) នៅក្នុងសហរដ្ឋអាមេរិក សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ FIFA World Cup ឆ្នាំ២០៣០។ ស្ថាប័នគ្រប់គ្រងបាល់ទាត់ ពិភពលោកមួយនេះ កំពុងស្វែងរកវិធីសាស្ត្រផ្សាយបែបច្នៃប្រឌិតថ្មីៗ បន្ទាប់ពីតួលេខអ្នកទស្សនា ក្នុងទឹកដីអាមេរិកបានកើន ឡើងយ៉ាងគំហុក ក្នុងអំឡុងពេលនៃការប្រកួតអន្តរជាតិធំៗកន្លងទៅ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៦។

FIFA បានចេញលិខិតអញ្ជើញចូលរួមដេញថ្លៃជាផ្លូវការ ដោយកញ្ចប់សិទ្ធិផ្សាយនេះ គ្របដណ្តប់ទាំងស្រុងលើការចាក់ផ្សាយតាមទូរទស្សន៍ និងវេទិកាអនឡាញទូទាំងសហរដ្ឋអាមេរិក ព្រមទាំងដែនដីព័រតូរីកូ (Puerto Rico)។ លើសពីនេះ បណ្តាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលចូលរួម ក៏ទទួលបានជម្រើសពិសេសក្នុងការដាក់សំណើដេញថ្លៃសម្រាប់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣៤ បន្តទៀតផងដែរ។

ដំណើរការដេញថ្លៃនេះធ្វើឡើងស្របពេលដែលទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយកីឡាសកលកំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ បណ្តាញទូរទស្សន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទាំងអស់ មានឱសានវាទរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីដាក់សំណើជាផ្លូវការទៅកាន់ FIFA។ ថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយធំៗត្រូវបានគេរំពឹងថា នឹងត្រៀមកញ្ចប់ថវិកាយ៉ាងក្រាស់ក្រៃលែងដើម្បីដណ្តើមយកសិទ្ធិលើព្រឹត្តិការណ៍កីឡាដ៏ធំបំផុតលើពិភពលោកមួយនេះ។

FIFA បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការថា ស្ថាប័នបើកចំហទទួលយក «វិធីសាស្ត្រច្នៃប្រឌិតថ្មីៗ» ដើម្បីពង្រីកវិសាលភាពនៃការទស្សនាទៅកាន់ទស្សនិកជនឱ្យកាន់តែទូលំទូលាយ។

ការផ្លាស់ប្តូរនេះឆ្លុះបញ្ចាំងពីនិន្នាការសកល ដែលបណ្តាញផ្សាយឌីជីថល (Streaming platforms) កំពុងវាយលុកទីផ្សារកីឡាបន្តផ្ទាល់។ ជាក់ស្តែង កាលពីដើមសប្តាហ៍កន្លងទៅ ក្រុមហ៊ុនយក្ស Netflix បានប្រកាសជោគជ័យក្នុងការដណ្តើមបានសិទ្ធិផ្សាយ World Cup ឆ្នាំ២០៣០ នៅក្នុងប្រទេសអេស្ប៉ាញ និងអង់ដូរ៉ា។ កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះសបញ្ជាក់ឱ្យឃើញថា FIFA ពិតជាត្រៀមខ្លួនរួចជាស្រេចក្នុងការសម្លឹងមើលហួសពីបណ្តាញទូរទស្សន៍ប្រពៃណី (Linear TV) សម្រាប់ដៃគូសហការនាពេលអនាគត។

ការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០៣០ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំ និងស្មុគស្មាញបំផុតផ្នែកភស្តុភារកម្ម ដោយសារការប្រកួតត្រូវលាតសន្ធឹងលើទ្វីបជាច្រើន។ អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នឹងដើរតួជាសហម្ចាស់ផ្ទះចម្បង ខណៈដែលការប្រកួតបើកឆាកពិសេសចំនួន ៣ នឹងត្រូវរៀបចំឡើងនៅប្រទេសអាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរ៉ាហ្គាយ ដើម្បីអបអរសាទរខួប ១០០ ឆ្នាំនៃប្រវត្តិពានរង្វាន់ World Cup មុនពេលការប្រកួតទាំងស្រុងផ្លាស់ទៅកាន់ទ្វីបអឺរ៉ុប និងអាហ្វ្រិក។ បន្ទាប់ពីព្រឹត្តិការណ៍នេះ អារ៉ាប៊ីសាអូឌីត ត្រូវបានជ្រើសរើសជាម្ចាស់ផ្ទះផ្តាច់មុខសម្រាប់ World Cup ឆ្នាំ២០៣៤។

ការប្រជែងដណ្តើមសិទ្ធិផ្សាយ នៅសហរដ្ឋអាមេរិកត្រូវបានគេព្យាករថានឹងមានភាពតានតឹងខ្លាំង ដោយសារតែការកើនឡើង នូវចំនួនអ្នកគាំទ្របាល់ទាត់នៅក្នុងស្រុក ។ គួររំលឹកផងដែរថា កាលពីព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦ ដែលសហរដ្ឋអាមេរិកធ្វើជា សហម្ចាស់ផ្ទះជាមួយកាណាដា និងម៉ិកស៊ិក បណ្តាញទូរទស្សន៍ Fox ធ្លាប់កាន់កាប់សិទ្ធិផ្សាយផ្តាច់មុខជាភាសាអង់គ្លេស ខណៈដែល Telemundo ទទួលបានសិទ្ធិផ្សាយជាភាសាអេស្ប៉ាញ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top