បរទេស៖ ខ្សែបម្រើឆ្នើម និង ជាប្រធានក្រុម Manchester United កីឡាករ Bruno Fernandes បានក្លាយជាផ្ទាំងស៊ីបចុងក្រោយគេ នៃអំពើចោរកម្មលើតារាបាល់ទាត់ Premier League បន្ទាប់ពីក្រុមចោរពាក់ម៉ាស់មួយក្រុមបាន សម្រុកចូលគាស់កកាយភូមិគ្រឹះតម្លៃប្រមាណ ៤ លានផោនរបស់លោក ស្ថិតក្នុងតំបន់ Cheshire កាលពីយប់ថ្ងៃពុធ អំឡុងពេលដែលរូបលោកកំពុងបំពេញបេសកកម្មប្រកួតពានរង្វាន់ UEFA Champions League នៅប្រទេសអ៊ីតាលី នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Sun ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៨:៣០ នាទីយប់ នៅភូមិគ្រឹះប្រណីតដែលមានបន្ទប់គេងចំនួន ៦ ក្នុងតំបន់ Nether Alderley។ ក្រុមជនសង្ស័យបានបង្ខំទម្លាយផ្លូវចូលខាងក្នុងផ្ទះ និងបានប្រមូលយកទ្រព្យសម្បត្តិមានតម្លៃខ្ពស់ជាច្រើន រួមទាំងគ្រឿងអលង្ការម៉ាកល្បីៗ (Designer jewellery) មុនពេលគេចខ្លួនបាត់ស្រមោល។ ទោះជាយ៉ាងណា សារព័ត៌មាន Daily Mail បានបញ្ជាក់ថា ក្រុមគ្រួសាររបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះមិនបានស្ថិតនៅក្នុងផ្ទះនោះឡើយនៅពេលកើតហេតុ ដោយមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
អាជ្ញាធរប៉ូលិសប្រចាំតំបន់ Cheshire បានឱ្យដឹងថា អ្នកជិតខាងបានប្រទះឃើញបុរសមិនស្គាល់អត្តសញ្ញាណចំនួន ៣ នាក់ ធ្វើសកម្មភាពគួរឱ្យសង្ស័យនៅសួនច្បារខាងក្រោយផ្ទះរបស់កីឡាករព័រទុយហ្គាល់រូបនេះ ហើយបានរាយការណ៍ជាបន្ទាន់។ ទោះបីជាកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុក្នុងរយៈពេលត្រឹមតែ ១០ នាទីក្រោយទទួលបានដំណឹងក៏ដោយ ក៏ក្រុមជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ។
លោក David Jarvis អធិការរងផ្នែកស៊ើបអង្កេត បានបញ្ជាក់ថា ករណីនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ និងបានអំពាវនាវដល់ពលរដ្ឋក្នុងមូលដ្ឋានដែលបានឃើញហេតុការណ៍ ឬមានតម្រុយគួរឱ្យសង្ស័យ ចូលខ្លួនមកសហការផ្ដល់ព័ត៌មានដល់សមត្ថកិច្ចដើម្បីវែកមុខជនល្មើស។
ឧប្បត្តិហេតុដ៏អកុសលក្រៅទីលាននេះ បានកើតឡើងស្របពេលដែល Bruno Fernandes ទើបតែបង្ហាញខ្លួនបាន ៦៧ នាទីលើទីលាន ក្នុងការប្រកួតដែល Man Utd រងបរាជ័យយ៉ាងធ្ងន់ធ្ងរ ៤-១ ក្រោមថ្វីជើងក្រុម Como មុនពេលលោកត្រូវបានគ្រូបង្វឹក Michael Carrick សម្រេចផ្លាស់ប្តូរចេញ។ ករណីនេះបានដាក់សម្ពាធផ្លូវចិត្តបន្ថែមទៀតលើរូបលោក ខណៈដែលក្រុមបិសាចក្រហមកំពុងជួបវិបត្តិមិនស្គាល់ជ័យជម្នះ ៧ ប្រកួតជាប់ៗគ្នា មុននឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុម Bournemouth ក្នុងក្របខ័ណ្ឌ Premier League នៅចុងសប្តាហ៍។
ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំក្លឹប Manchester United បានប្រកាសផ្ដល់ការគាំទ្រផ្លូវចិត្ត និងផ្នែកផ្សេងៗយ៉ាងពេញទំហឹងដល់ប្រធានក្រុមរបស់ខ្លួន ព្រមទាំងបានអំពាវនាវឱ្យសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយគោរពភាពឯកជនរបស់លោក និងក្រុមគ្រួសារក្នុងកាលៈទេសៈដ៏លំបាកនេះ។
ភូមិគ្រឹះរបស់ Fernandes ស្ថិតក្នុងតំបន់ "Golden Triangle" នៃខោនធី Cheshire ដែលជាទីតាំងប្រណីតសម្បូរទៅដោយកីឡាករបាល់ទាត់លំដាប់កំពូលៗស្នាក់នៅ ប៉ុន្តែក៏បានក្លាយជាផ្ទាំងស៊ីបញឹកញាប់របស់ក្រុមចោរប្លន់ផងដែរ។ កាលពីខែមករាកន្លងទៅ មិត្តរួមក្រុមជម្រើសជាតិព័រទុយហ្គាល់ និងជាខ្សែការពារ Manchester City កីឡាករ Ruben Dias ក៏ធ្លាប់ត្រូវបានចោរគាស់ផ្ទះនៅ Alderley Edge ផងដែរ ខណៈដែលកីឡាករល្បីៗផ្សេងទៀតដូចជា Jack Grealish, Raheem Sterling និង Riyad Mahrez សុទ្ធតែធ្លាប់រងគ្រោះក្នុងឧប្បត្តិហេតុស្រដៀងគ្នានេះកាលពីប៉ុន្មានឆ្នាំចុងក្រោយមកនេះ៕
ប្រែសម្រួល៖ គីរី
