កីឡា

លោក ប៉ុន សុខ ដឹកនាំកិច្ចប្រជុំនាយបេសកកម្ម ក្នុងព្រឹត្តិ​ការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦

ភ្នំពេញ៖នា ថ្ងៃទី២៣ ខែតុលា​ ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាតំណាង លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិ ត្ថិកីឡា បានអញ្ជើញចូលរួមកិច្ចប្រជុំនាយបេសកកម្មលើកទី២ និងចាប់ឆ្នោតបែងចែកពូលប្រភេទកីឡាក្រុមក្នុងព្រឹត្តិ​ការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិ ត្ថិកីឡា និងសហព័ន្ធកីឡាជាតិ ទំាង ៣២ ។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិ ត្ថិកីឡា បានប្រាប់ថា ព្រឹត្តិ​ការណ៍កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅ​​រា​ជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង  ខេត្តស្វាយរៀង និងខេត្តកែប លើ ៣២ ប្រភេទកីឡា​មានវិញ្ញាសា ២៥៨ និងលើ១០ប្រភេទកីឡាជនពិការលើវិញ្ញាសា ៤៦  សរុបរួម ៣០៤ វិញ្ញាសា។  កីឡាករ-កីឡាការិនីមកពី ២៥ រាជធានី ខេត្ត និងក្រសួង៣  ប្រតិភូ កីឡាករ កីឡាការិនីប្រមាណ៤ ៤៨៤នាក់ និងប្រតិភូកីឡាជនការចំនួនសរុប ២៨៩នាក់សរុបរួម ៤៧៧៣នាក់។

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ត្រូវ បានរៀបចំឡើងក្រោមបុព្វបទរួម «កីឡាដើម្បីឯកភាពជាតិ» ដោយឈរលើគ្រឹះស្មារតី «កីឡារស់ក្នុងសន្តិភាព» ស្របតាមទិសស្លោកណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត» ព្រមទាំងការប្រកាន់ខ្ជាប់នូវយុទ្ធនាការអប់រំ និងគោលការណ៍គ្រឹះទាំង ៥ យ៉ាងសកម្ម រួមមាន បុព្វបទ «កីឡាដើម្បីឯកភាពជាតិ»៖ កីឡាគឺជាភាសាសកលតែមួយដែលគ្មានព្រំដែន គ្មានការរើសអើងពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយឡើយ។ កីឡាមានថាមពលពិសេសក្នុងការបង្រួបបង្រួមស្មារតី រវាងប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈឱ្យមកជួបជុំគ្នា ដោយសេចក្តីស្រឡាញ់ សាមគ្គីភាព និងមោទនភាពជាតិរួមគ្នា។

លោកអគ្គនាយក នៃអគ្គនាយកដ្ឋានកីឡាបានបន្តថា ទិសស្លោក «យុវជនម្នាក់លេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត»៖ ការបំផុស និងជំរុញចលនានេះ គឺជាយុទ្ធសាស្ត្រក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្សឱ្យមាន សុខភាពមាំមួន ប្រាជ្ញាស្មារតីឈ្លាសវៃ និងវិន័យថ្លៃថ្នូរ ដើម្បីក្លាយជាទំពាំងស្នងឫស្សី ដ៏រឹងមាំ និងជាកម្លាំងចលករក្នុងការអភិវឌ្ឍប្រទេសជាតិ។ ស្មារតី «កីឡារស់ក្នុងសន្តិភាព»៖ ផ្លែផ្កានៃសុខសន្តិភាពពេញលេញ និងស្ថេរភាពនយោបាយ គឺជាបុរេលក្ខខណ្ឌ និងជាគ្រឹះដ៏សំខាន់បំផុត ដែលអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាព និងឱកាសរៀបចំព្រឹត្តិការណ៍កីឡាធំៗថ្នាក់ជាតិ និងអន្តរជាតិ។ សន្តិភាពបានបើកផ្លូវឱ្យអត្តពលិកគ្រប់រូបអាចបញ្ចេញថាមពល សមត្ថភាព និងទេពកោសល្យនៅលើទីលានដោយស្នាមញញឹម កិត្តិយស និងសេចក្តីថ្លៃថ្នូរ។
កីឡាគ្មានគ្រឿងញៀន និងគ្មានផ្សែងបារី ៖ ការបង្កើតបរិស្ថានកីឡាស្អាតស្អំ ដើម្បីបំផុសស្មារតីយុវជន និងសាធារណជនឱ្យជៀសឆ្ងាយពីសារធាតុញៀន និងបារីគ្រប់ប្រភេទ សំដៅលើកកម្ពស់ សុខភាពសាធារណៈ និងអនាគតភ្លឺស្វាងរបស់យុវជន។កីឡាបៃតង និងកីឡាស្អាតស្អំ៖ ការលើកកម្ពស់ការយល់ដឹង អំពីកិច្ចគាំពារបរិស្ថាន អនាម័យ និងការប្រកួតប្រជែង ដោយប្រកាន់ខ្ជាប់នូវស្មារតីលេង ដោយយុត្តិធម៌ (Fair Play) និងការគោរពគ្នា តាមក្រមសីលធម៌ កីឡា ។ កីឡាគ្មានសារធាតុដូប៉ា-ដូពីង (Anti-Doping)៖ ការធានានូវតម្លាភាព សុក្រឹតភាព និងយុត្តិធម៌ក្នុងការប្រកួត ប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់សារធាតុហាមឃាត់ ដើម្បីការពារសុខភាពអត្តពលិក និងធានាថា ការប្រកួតប្រជែងឆ្លុះបញ្ចាំង ពីសមត្ថភាពពិតប្រាកដតាមស្តង់ដារអន្តរជាតិ ។

លោក ប៉ុន សុខ អគ្គនាយក  បានបន្ថែមថា ដោយឡែក សម្រាប់ការរៀបចំការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នាពេលនេះ មិនត្រឹមតែជានិមិត្តរូប នៃព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជា «កញ្ចក់វាស់ស្ទង់សមត្ថភាព» និងជា «ជំហានត្រៀមលក្ខណៈ សម្បត្តិយុទ្ធសាស្ត្រ» យ៉ាងសំខាន់បំផុតរបស់កម្ពុជា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗចំនួន ៣ ជាប្រវត្តិសាស្ត្រខាងមុខ៖ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ (23rd AUG 2028)។ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ (AYPG 2029) និង ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១ (AYG 2031)៕

Most Popular

To Top