សៀមរាប ៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ានបូកចិន លើកទី៥ ប្រព្រឹត្តទៅ ក្រោមការដឹកនាំដោយសហប្រធានភាគី កម្ពុជា លោកវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន និងភាគីចិន លោកស្រី Zhang Yuedi អគ្គនាយករងនៃផ្នែកទំនាក់ទំនងអន្តរជាតិ នាយកដ្ឋានកិច្ចការបរទេស នៃអគ្គនាយកដ្ឋានរដ្ឋបាលកីឡាចិន អមដោយ ឯកឧត្តម ប៉ុន សុខ ជាប្រធានឧត្តមមន្រ្តីកីឡាកម្ពុជា និងប្រតិភូឧត្តមមន្ត្រីកីឡាអាស៊ានមកពីបណ្តាប្រទេសសមាជិកអាស៊ាន ។

ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំ តំណាងកម្ពុជាបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូទាំងអស់មកកាន់ទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ព្រមទាំងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការសម្របសម្រួលអនុវត្តសកម្មភាពនានា រួមមាន៖ ការលើកកម្ពស់កីឡាប្រពៃណី និងល្បែងប្រជាប្រិយ និងគម្រោងតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន។

អង្គប្រជុំ បានគូស បញ្ជាក់ពីវឌ្ឍនភាព ១. គម្រោងតំបន់ហាត់ប្រាណ និងលេងកីឡាអាស៊ាន ជំហានទី២ ដោយលេខាធិការដ្ឋានអាស៊ាន បានរាយការណ៍ អំពីការរៀបចំ និងការដំឡើងឧបករណ៍កីឡានៅតាមបណ្តាប្រទេសសមាជិករួមមានប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ថៃ និងប្រទេសឡាវ ។ ២. កម្ពុជា ស្នើធ្វើម្ចាស់ផ្ទះ «ព្រឹត្តិការណ៍ក្បាច់គុនចិន-អាស៊ាន ឆ្នាំ២០២៧» នៅខេត្តសៀមរាប ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន លើកទី៩ ដើម្បីបង្ហាញពីកីឡាប្រពៃណៃ នៃប្រទេសបណ្តាសមាជិកអាស៊ាន ចិន ។ ៣. កិច្ចសហការស្រាវជ្រាវលើកាយសម្បទា និងសុខភាព ក្នុងនោះភាគីចិន បានប្រកាសរៀបចំ សន្និសីទអន្តរជាតិអាស៊ាន-ចិន លើកទី៤ ស្តីពីការលើកកម្ពស់ភាពសមស្របនៃរាងកាយ និងសុខភាពចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងChongqing ប្រទេសចិន ដោយមានការចូលរួមពី IOC, WHO និងបណ្តាប្រទេសសមាជិកអាស៊ាន។ ជាមួយគ្នានេះ កម្ពុជា បានបញ្ជាក់ថានឹងបញ្ជូនប្រតិភូ៣ រូប ទៅចូលរួម និងឡើងបង្ហាញបទអន្តរាគមន៍ស្រាវជ្រាវស្តីពី «ផលប៉ះពាល់នៃការអប់រំកាយ លើកាយសម្បទានៅកម្ពុជា» ។

កិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន បូកចិន លើកទី៥ ឆ្នាំ២០២៦ បានបេ្តជ្ញាជំរុញកិច្ចសហការអាស៊ាន‑ចិន ដើម្បីការប្រើប្រាស់វិស័យកីឡា ជាមធ្យោបាយលើកកម្ពស់សុខភាព សាមគ្គីភាព មិត្តភាព និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន ព្រមទាំងរួមចំណែកកសាងសហគមន៍ អាស៊ានប្រកបដោយសុខុមាលភាព បរិយាបន្ន និងចីរភាព ៕









