កីឡា

កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំក្រុមការងារ អនុវត្តអនុស្សរណៈយោគយល់គ្នា រវាងអាស៊ាន និង FIFA ជំរុញការអភិវឌ្ឍបាល់ទាត់ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់ នៅខេត្តសៀមរាប។

ខេត្តសៀមរាប ៖ ក្រុមការងារអនុវត្តអនុស្សរណៈយោគយល់គ្នារវាងអាស៊ាន និង FIFA ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន លើកទី១៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធានភាគីកម្ពុជា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាប្រធានកិច្ចប្រជុំឧត្តមមន្រ្តីកីឡាអាស៊ាន និងភាគីFIFA  លោកស្រី Celine Zigaul អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ និងកិច្ចការសាធារណៈ អមដោយ លោក ប៉ុន សុខ ជាប្រធានឧត្តមមន្រ្តីកីឡាកម្ពុជា និងប្រតិភូឧត្តមមន្ត្រីកីឡាអាស៊ាន និងស្ថាប័នកីឡាបាល់ទាត់ មកពីបណ្តាប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រែក្លាយចក្ខុវិស័យរួមទៅជាសកម្មភាពជាក់ស្តែង ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់ និងប្រើប្រាស់កីឡាជាឧបករណ៍សម្រាប់ការអភិវឌ្ឍយុវជន បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។

នាឱកាសកិច្ចប្រជុំនេះ កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន បានបង្ហាញការប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តអនុស្សរណៈយោគយល់គ្នា រវាងអាស៊ាន និងFIFA ដែលបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២៣ ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៥ រួមមាន សុចរិតភាពកីឡា ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ការអភិវឌ្ឍបាល់ទាត់ បរិយាបន្ន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ កិច្ចសហប្រតិបត្តិការនេះក៏ស្របជាមួយផែនការការងារអាស៊ានស្តីពីកីឡា និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផងដែរ។​

កិច្ចប្រជុំក៏បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍ FIFA-ASEAN Cup ឆ្នាំ២០២៦ ដោយបានលើកឡើងពីសក្តានុពលនៃព្រឹត្តិការណ៍កីឡាក្នុងការជំរុញសេដ្ឋកិច្ច ទេសចរណ៍ ការបង្កើតឱកាសការងារ និងការលើកកម្ពស់សមត្ថភាពបច្ចេកទេសរបស់មន្ត្រីកីឡាក្នុងតំបន់។ បទពិសោធពីការរៀបចំព្រឹត្តិការណ៍កន្លងមកក៏បានបង្ហាញពីតួនាទីរបស់បាល់ទាត់ក្នុងការពង្រឹងសាមគ្គីភាព និងការផ្សព្វផ្សាយវប្បធម៌របស់ប្រទេសសមាជិកអាស៊ានទៅកាន់ពិភពលោក។

ជាមួយគ្នានេះ FIFA បានធ្វើបទបង្ហាញអំពីកម្មវិធី FIFA Guardians ដោយសង្កត់ធ្ងន់លើការបង្កើតបរិយាកាសកីឡាប្រកបដោយសុវត្ថិភាព និងការការពារកុមារ ស្ត្រី ជនមានពិការភាព និងក្រុមងាយរងគ្រោះពីការរំលោភបំពាន។ កម្មវិធីនេះ ផ្តោតលើការពង្រឹងយន្តការត្រួតពិនិត្យប្រវត្តិរូបគ្រូបង្វឹក ការបង្កើតប្រព័ន្ធទទួលពាក្យបណ្តឹង និងរាយការណ៍ដោយសុវត្ថិភាព ការអប់រំអំពីសិទ្ធិ និងការកសាងវប្បធម៌ហ៊ានរាយការណ៍ពីភាពមិនប្រក្រតីក្នុងវិស័យកីឡា។ បទពិសោធរបស់ប្រទេសសិង្ហបុរី និងទីម័រឡេស្តេ ក៏ត្រូវបានចែករំលែកជាគំរូសម្រាប់ការពង្រឹងក្របខ័ណ្ឌការពារសុវត្ថិភាពក្នុងកីឡាក្នុងប្រទេសសមាជិកផងដែរ។

លើសពីនេះ កិច្ចប្រជុំបានពិភាក្សាអំពីកម្មវិធីគាំទ្ររបស់ FIFA រួមមាន បាល់ទាត់សម្រាប់សាលារៀន (Football for Schools) កម្មវិធីអភិវឌ្ឍទេពកោសល្យ (Talent Development Scheme) កម្មវិធី FIFA Forward ការអភិវឌ្ឍបាល់ទាត់នារី/ស្រ្តី ការប្រឆាំងការរៀបចំមុននូវលទ្ធផលប្រកួត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ខ្នាតតូច។ កម្មវិធីទាំងនេះមានគោលបំណងពង្រឹងមូលដ្ឋានគ្រឹះបាល់ទាត់ បង្កើនឱកាសចូលរួមរបស់យុវជន និងក្មេងស្រី/យុវតី ព្រមទាំងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងបច្ចេកទេសរបស់សហព័ន្ធកីឡាជាតិ។

ចំពោះអាទិភាពរបស់កម្ពុជា តំណាងកម្ពុជាបានបញ្ជាក់ពីការគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ ASEAN-FIFA ជាពិសេសកម្មវិធី Football for Schools ដោយចាត់ទុកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធសាលារដ្ឋ និងសមត្ថភាពគ្រូបង្រៀនក្នុងមូលដ្ឋានជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍកីឡាប្រកបដោយចីរភាព។ កម្ពុជាក៏បានបង្ហាញពីសារសំខាន់នៃការពង្រឹងកិច្ចសហការរវាង FIFA សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរៀបចំផែនការអភិវឌ្ឍន៍រួមដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ជាតិ។

ជាលទ្ធផល កិច្ចប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អាស៊ាន និង FIFA ក្នុងការពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍវិស័យបាល់ទាត់ក្នុងតំបន់ តាមរយៈការកសាងសមត្ថភាព ការការពារសុវត្ថិភាព និងសុចរិតភាពក្នុងកីឡា ការអភិវឌ្ឍធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការរៀបចំផែនការសកម្មភាពជាក់លាក់ ដើម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

Most Popular

To Top