ញូវយ៉ក៖ ខ្សែប្រយុទ្ធឆ្នើម Lionel Messi ត្រូវបានព្យាករថានឹងរកចំណូលបានរហូតដល់ ១៤៥ លានដុល្លារអាមេរិកក្នុងរដូវកាល ២០២៦-២០២៧ ដែលជាកម្រិតខ្ពស់បំផុតក្នុងអាជីពរបស់លោក ក៏ប៉ុន្តែតួលេខនេះនៅតែតិចជាងពាក់កណ្តាលនៃប្រាក់ចំណូលដ៏ច្រើនលើសលប់របស់ Cristiano Ronaldo ដែលរកបានរហូតដល់ ៣០០ លានដុល្លារ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមរបាយការណ៍ស្ដីពីកីឡាករបាល់ទាត់ដែលមានចំណូលខ្ពស់បំផុតទាំង ១០ រូបលើពិភពលោក ដែលចេញផ្សាយដោយទស្សនាវដ្តីសេដ្ឋកិច្ច Forbes កាលពីថ្ងៃទី ១៧ តុលា Ronaldo បានបន្តគ្រងតំណែងកំពូលតារាងជាឆ្នាំទី ៤ ជាប់ៗគ្នា ខណៈ Messi ឈរនៅចំណាត់ថ្នាក់លេខ ២។ បច្ចុប្បន្ន ទោះបីជា Ronaldo មានវ័យ ៤១ ឆ្នាំ និង Messi មានវ័យ ៣៩ ឆ្នាំ ហើយអាជីពរបស់ពួកគេកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយក៏ដោយ ក៏កំពូលតារាជើងចាស់ទាំងពីររូបនេះនៅតែរក្សាគម្លាតចំណូលយ៉ាងដាច់ឆ្ងាយពីកីឡាករដទៃទៀត។
ការគណនារបស់ទស្សនាវដ្តី Forbes គឺផ្អែកលើតួលេខមុនពេលកាត់ពន្ធ និងកម្រៃជើងសារភ្នាក់ងារ ដោយរាប់បញ្ចូលទាំងប្រាក់បៀវត្សរ៍ពីក្លឹប ប្រាក់រង្វាន់លើកទឹកចិត្ត កិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្ម និងចំណូលពីអាជីវកម្មផ្ទាល់ខ្លួន។ ចំណូលរួមគ្នារបស់ Ronaldo និង Messi មានទំហំរហូតដល់ ៤៤៥ លានដុល្លារ ដែលស្មើនឹងជិតពាក់កណ្តាលនៃចំណូលសរុប ៩៤២ លានដុល្លារ របស់កីឡាករកំពូលទាំង ១០ រូបក្នុងបញ្ជី។ តួលេខសរុបប្រចាំឆ្នាំនេះមានការធ្លាក់ចុះបន្តិចបន្តួចធៀបនឹង ៩៤៥ លានដុល្លារក្នុងឆ្នាំ ២០២៥ ដោយសារតែកីឡាករ Karim Benzema បានរបូតចេញពីបញ្ជី បន្ទាប់ពីចាកចេញពីក្លឹប Al Hilal ហើយក្លាយជាកីឡាករឥតកិច្ចសន្យាកាលពីរដូវក្តៅកន្លងទៅ។
ចំណូល ៣០០ លានដុល្លាររបស់ Ronaldo រួមមានប្រាក់បៀវត្សរ៍ ២៥០ លានដុល្លារពីក្លឹប Al Nassr នៃលីគអារ៉ាប៊ីសាអូឌីត និង ៥០ លានដុល្លារបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ ទទួលបានប្រភពចំណូលដ៏រឹងមាំពីម៉ាកយីហោផ្ទាល់ខ្លួន «CR7» ដែលគ្របដណ្តប់លើវិស័យម៉ូដ ទឹកអប់ និងសណ្ឋាគារ រួមទាំងការបណ្តាក់ទុនលើក្រុមហ៊ុនបច្ចេកវិទ្យា AI ឈ្មោះ Perplexity និងក្រុមហ៊ុនឧបករណ៍បច្ចេកវិទ្យាសុខភាព WHOOP។
កាលពីដើមឆ្នាំនេះ Ronaldo បានក្លាយជាអត្តពលិកកំពុងប្រកួតប្រជែងដំបូងគេបង្អស់ក្នុងប្រវត្តិសាស្ត្រ ដែលរកចំណូលសរុបក្នុងអាជីព (មុនកាត់ពន្ធ) លើសពី ២ ពាន់លានដុល្លារ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue កាលពីខែសីហា Ronaldo បានបង្ហើបថារដូវកាល ២០២៦-២០២៧ នេះអាចជារដូវកាលចុងក្រោយនៃអាជីពបាល់ទាត់របស់លោក ប៉ុន្តែលោកមិនទាន់បានប្រកាសចូលនិវត្តន៍ជាផ្លូវការនៅឡើយទេ។ បច្ចុប្បន្ន រូបគេរកបាន ៩៨១ គ្រាប់ទាំងក្នុងកម្រិតក្លឹប និងជម្រើសជាតិ ដោយខ្វះតែ ១៩ គ្រាប់ទៀតប៉ុណ្ណោះដើម្បីបំបែកកំណត់ត្រាប្រវត្តិសាស្ត្រ ១,០០០ គ្រាប់។
ចំណែកឯ Messi ត្រូវបានព្យាករថានឹងទទួលបានប្រាក់ឈ្នួល ៧០ លានដុល្លារពីកិច្ចសន្យាជាមួយក្លឹប Inter Miami បូករួមនឹងចំណូលពាណិជ្ជកម្ម និងការវិនិយោគចំនួន ៧៥ លានដុល្លារទៀត។ ក្រៅពីដៃគូសហការយូរអង្វែងដូចជា Mastercard និង Michelob តារាជើងឯកពិភពលោកអាហ្សង់ទីនរូបនេះ បានចុះកិច្ចសន្យាថ្មីជាមួយក្រុមហ៊ុន OpenAI និងក្រុមហ៊ុនថ្មពិល Duracell។ កិច្ចសន្យាបច្ចុប្បន្នរបស់លោកជាមួយ Inter Miami មានសុពលភាពរហូតដល់ឆ្នាំ ២០២៨ ដោយភ្ជាប់មកជាមួយនូវជម្រើសក្នុងការទិញភាគហ៊ុនក្លឹបនៅពេលលោកចូលនិវត្តន៍។
លើសពីនេះ Messi បានពង្រីកឥទ្ធិពលទៅក្នុងវិស័យគ្រប់គ្រងក្លឹបបាល់ទាត់នៅអឺរ៉ុប ដោយទើបតែបានបញ្ចប់ការទិញយកក្លឹប Eldense ក្នុងលីគលំដាប់ទីពីររបស់អេស្ប៉ាញ បន្ទាប់ពីធ្លាប់បានទិញក្លឹបពាក់កណ្តាលអាជីព Cornellà ក្នុងទីក្រុងបាសេឡូណា ដើម្បីត្រៀមខ្លួនបន្តឈរជើងក្នុងវិស័យកីឡានេះក្រោយពេលព្យួរស្បែកជើង។ ទស្សនាវដ្តី Forbes ព្យាករថា Messi នឹងឈានដល់កំណត់ត្រាចំណូលសរុប ២ ពាន់លានដុល្លារដូច Ronaldo នៅឆ្នាំក្រោយ។
ប្រែសម្រួល៖ គីរី
