ឡុងដ៍ ៖ កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lamine Yamal បានសម្រេចចិត្តជួលយន្តហោះឯកជនមួយគ្រឿង (Private Jet) ដើម្បីដឹកក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់ខ្លួន ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីចូលរួមព្រឹត្តិការណ៍ ប្រគល់ពានរង្វាន់បាល់មាស Ballon d’Or ដែលរៀបចំឡើងយ៉ាងឱឡារិក ព្រមទាំងត្រៀមរៀបចំពិធីជប់លៀង អបអរសាទរជ័យជម្នះជាមុនផងដែរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
យោងតាមការចុះផ្សាយរបស់ស្ថានីយវិទ្យុអេស្ប៉ាញ Cadena COPE តារាបាល់ទាត់វ័យ ១៩ ឆ្នាំរូបនេះ បានរៀបចំដំណើរកម្សាន្តនេះដោយឯករាជ្យផ្ទាល់ខ្លួន ពោលគឺដាច់ដោយឡែកទាំងស្រុងពីការរៀបចំរបស់ក្លឹប Barcelona។ ជើងហោះហើរពិសេសនេះ គ្រោងនឹងចាកចេញនៅព្រឹកថ្ងៃចន្ទ ដើម្បីធានាថា Yamal និងក្រុមគ្រួសារនឹងទៅដល់ទាន់ពេលវេលាសម្រាប់ពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាព ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ៩:០០ យប់ នៅរោងមហោស្រព London Palladium។ លើសពីនេះ ក្រុមការងារផ្ទាល់ខ្លួន របស់គេ ក៏ត្រូវបានគេរាយការណ៍ថា នឹងរៀបចំកម្មវិធីជប់លៀងដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រសិនបើរូបគេត្រូវបានប្រកាសជាម្ចាស់ពាន Ballon d’Or ពិតមែននោះ។
គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានរៀបចំពិធីអបអរសាទរស្រដៀងគ្នានេះនៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ ប៉ុន្តែបានត្រឹមតែការខកចិត្តត្រឡប់មកវិញ បន្ទាប់ពីពានរង្វាន់នេះបានធ្លាក់ទៅលើកីឡាករ Ousmane Dembélé។
Lamine Yamal ត្រូវបានចាត់ទុកជាបេក្ខភាពឈានមុខគេមួយរូបក្នុងការដណ្តើមពានរង្វាន់ Ballon d’Or ឆ្នាំនេះ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ និងជោគជ័យយ៉ាងត្រចះត្រចង់ ទាំងជាមួយក្លឹបអាជីព និងក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនេះ រូបគេក៏ត្រូវបានគេរំពឹងខ្ពស់ថានឹងឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ (Kopa Trophy) ជាលើកទី ៣ ជាប់ៗគ្នាផងដែរ ដោយមានមិត្តរួមក្រុមទាំងនៅ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Pau Cubarsí ជាគូប្រជែងចម្បង។
កន្លងមក Yamal រួមជាមួយមិត្តរួមក្រុម Barcelona បានឈ្នះពានរង្វាន់ជាច្រើននៅកម្រិតក្លឹប ហើយរូបគេក៏ជាចំណែកដ៏សំខាន់ដែលជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ គ្រងជើងឯកពានរង្វាន់ពិភពលោក World Cup ឆ្នាំ ២០២៦ ផងដែរ។
សម្រាប់ព្រឹត្តិការណ៍នៅទីក្រុងឡុងដ៍លើកនេះ ក្លឹបយក្សកាតាឡាន់ Barcelona បានបញ្ជូនគណៈប្រតិភូជាច្រើនរូបចូលរួម ដោយដឹកនាំផ្ទាល់ដោយលោក Joan Laporta ប្រធានក្លឹប។ ក្លឹបមានវត្តមានបេក្ខភាពឈរឈ្មោះយ៉ាងច្រើនលើគ្រប់ប្រភេទពានរង្វាន់ ទាំងបាល់ទាត់បុរស និងនារី រួមមានកីឡាករ Pau Cubarsí, Rodri, Joan García ព្រមទាំងលោក Pere Romeu គ្រូបង្វឹកនៃក្រុមបាល់ទាត់នារីរបស់ Barcelona ផងដែរ៕
ប្រែសម្រួល៖ គីរី
