កីឡា

Lionel Messi មិនផ្តោតលើភាពរុងរឿង នៃពាន Ballon d’Or ដោយទម្លាយពីកេរដំណែល ដែលលោកចង់បន្សល់ទុកក្រោយចូលនិវត្តន៍

អេស្ប៉ាញ ៖ វីរបុរសបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លីអូណែល មេស៊ី (Lionel Messi) បានបង្ហាញទស្សនៈប្រកបដោយភាពរាបសារថា កេរដំណែលពិតប្រាកដក្នុងអាជីពរបស់លោក មិនគួរត្រូវបានកំណត់ត្រឹមតែចំនួនពានរង្វាន់ ដែលតាំងបង្ហាញពេញទូនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GOAL នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន EFE នៅទីក្រុង Oviedo មុនពេលលោកចូលរួមទទួលពានរង្វាន់កីឡា Princess of Asturias Award ឆ្នាំ២០២៦ ។ ការទទួលបានពានរង្វាន់នេះ បានធ្វើឱ្យលោកក្លាយជាកីឡាករបាល់ទាត់ដំបូងគេ បង្អស់ដែលទទួលបានកិត្តិយសខាងលើ ជាលក្ខណៈបុគ្គល ដែលជាការទទួលស្គាល់ទាំងទេពកោសល្យលើទីលាន និងការងារមនុស្សធម៌តាមរយៈមូលនិធិ Leo…

អេស្ប៉ាញ ៖ វីរបុរសបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លីអូណែល មេស៊ី (Lionel Messi) បានបង្ហាញទស្សនៈប្រកបដោយភាពរាបសារថា កេរដំណែលពិតប្រាកដក្នុងអាជីពរបស់លោក មិនគួរត្រូវបានកំណត់ត្រឹមតែចំនួនពានរង្វាន់ ដែលតាំងបង្ហាញពេញទូនោះឡើយ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន GOAL នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ។

ការលើកឡើងនេះបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន EFE នៅទីក្រុង Oviedo មុនពេលលោកចូលរួមទទួលពានរង្វាន់កីឡា Princess of Asturias Award ឆ្នាំ២០២៦ ។ ការទទួលបានពានរង្វាន់នេះ បានធ្វើឱ្យលោកក្លាយជាកីឡាករបាល់ទាត់ដំបូងគេ បង្អស់ដែលទទួលបានកិត្តិយសខាងលើ ជាលក្ខណៈបុគ្គល ដែលជាការទទួលស្គាល់ទាំងទេពកោសល្យលើទីលាន និងការងារមនុស្សធម៌តាមរយៈមូលនិធិ Leo Messi Foundation ក្នុងការជួយដល់កុមារងាយរងគ្រោះ។

នៅពេលសួរនាំអំពីរបៀប ដែលលោកចង់ឱ្យអ្នកគាំទ្រជំនាន់ក្រោយចងចាំរូបលោក មេស៊ី បានងាកចេញពីការជជែកវែកញែកលើទិន្នន័យស្ថិតិ ឬកំណត់ត្រាពានរង្វាន់ Ballon d’Or ទាំង ៨ សម័យកាល ដោយលោកបានសង្កត់ធ្ងន់លើស្មារតីនៃការប្រកួតប្រជែងជាចម្បង៖

«ពេលខ្លះខ្ញុំសម្រេចបាននូវអ្វីដែលខ្ញុំចង់បាន ហើយពេលខ្លះទៀត ក៏មិនបានដូចបំណង… ប៉ុន្តែខ្ញុំមិនដែលឈប់ព្យាយាម ដើម្បីឈ្នះគ្រប់ការប្រកួតដែលនៅ ចំពោះមុខនោះឡើយ។ នៅក្នុងកីឡាបាល់ទាត់ ការឈ្នះគឺពិតជាលំបាកខ្លាំងណាស់ ដូច្នេះយើងត្រូវចេះឱ្យតម្លៃលើដំណើរឆ្លងកាត់ ពីព្រោះមានក្រុមតែមួយគត់ដែលអាចលើកពានបាន»

កំពូលខ្សែប្រយុទ្ធរបស់ក្លិប Inter Miami រូបនេះបានចាត់ទុកថា ស្មារតីតស៊ូជំនះឧបសគ្គគឺជាកម្លាំងចលករដ៏សំខាន់ នៃភាពជោគជ័យយូរអង្វែងរបស់លោក ។ បទពិសោធន៍នៃការខកចិត្តក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៤ និងឆ្នាំ២០២៦ ព្រមទាំងភាពជោគជ័យដ៏ត្រចះត្រចង់នៅ Copa América ២០២១ និង World Cup ២០២២ បានបង្រៀនលោកឱ្យយល់ច្បាស់ពីតម្លៃនៃជ័យជម្នះ និងការបរាជ័យ។

សម្រាប់ មេស៊ី ការចេះទទួលយកកំហុស និងការរៀនសូត្រពីការបរាជ័យ មានតម្លៃស្មើគ្នានឹងជំនាញស៊ុតបញ្ចូលទីយកឈ្នះ ហើយកេរដំណែលពិតប្រាកដដែលលោកចង់បន្សល់ទុក គឺភាពអំណត់ព្យាយាម និងការលះបង់អស់ពីសមត្ថភាពនៅលើទីលាន។

ប្រែសម្រួល៖​ គីរី

Most Popular

To Top