ឡុងដ៍ ៖ អ្នកចាត់ការទូទៅរបស់ក្លិប Everton លោក David Moyes បានចេញមុខកោតសរសើរ និងការពារអតីតកូនក្រុមរបស់លោកគឺលោក Mikel Arteta ពីការរិះគន់កន្លងមករបស់ប្រព័ន្ធផ្សព្វផ្សាយ ស្របពេលដែលក្រុមទាំងពីរត្រូវប្រកួតប្រជែងគ្នាក្នុងក្របខ័ណ្ឌ Premier League នៅកីឡដ្ឋាន Emirates នេះបើយោងតាមការចុះផ្សាយរបស់ Goal.com។
លោក Moyes ធ្លាប់ជាអ្នកចុះកិច្ចសន្យានាំយក Arteta មកកាន់ទឹកដីអង់គ្លេសជាមួយ Everton កាលពីខែមករា ឆ្នាំ២០០៥ មុនពេលខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះផ្លាស់ទៅ Arsenal។ បច្ចុប្បន្ន Arteta បានកសាងអាជីពជាអ្នកចាត់ការទូទៅយ៉ាងលេចធ្លោ ដោយបានឈ្នះពានរង្វាន់ FA Cup ក្នុងឆ្នាំ២០២០ និងបានដឹកនាំកាំភ្លើងធំ Arsenal ឈ្នះពានរង្វាន់ Premier League ជាលើកដំបូងក្នុងរយៈពេល ២២ ឆ្នាំ កាលពីខែឧសភា កន្លងទៅ។
ជុំវិញការវិវត្តនៃទម្រង់ដឹកនាំរបស់ Arteta ក្រោយពីបានធ្វើជាជំនួយការរបស់លោក Pep Guardiola នៅ Manchester City លោក Moyes បានកត់សម្គាល់ពីឥទ្ធិពលរបស់ខ្លួនថា «ខ្ញុំតែងតែគិតថា Mikel ធ្លាប់នៅជាមួយ Pep ចុះតើគាត់បានរៀនអ្វីខ្លះពីខ្ញុំ? ក្រៅពីយុទ្ធសាស្ត្ររបស់ Pep វានៅមានកត្តាសំខាន់ៗជាច្រើនទៀត ដូចជាការកសាងវប្បធម៌ឈ្នះ របៀបប្រាស្រ័យទាក់ទងជាមួយកីឡាករ និងការកំណត់បទដ្ឋានខ្ពស់សម្រាប់ក្រុម។ ខ្ញុំសង្ឃឹមថាគាត់បានដកស្រង់ចំណុចទាំងនោះខ្លះ»។
ទន្ទឹមនឹងនេះ គ្រូបង្វឹកសញ្ជាតិស្កុតឡែនរូបនេះបានច្រានចោលការរិះគន់ពីអតីតកាលមកលើ Arteta ថាជា «រឿងឥតប្រយោជន៍សុទ្ធសាធ (What a load of rubbish)» ដោយរំលឹកថា Arteta បានឈ្នះពានតាំងពីឆ្នាំដំបូង ហើយបច្ចុប្បន្នបានឈានដល់កម្រិតកំពូលរួចទៅហើយ។ លោក Moyes ក៏បានកោតសរសើរភាពលេចធ្លោនៃក្រុមគ្រូបង្វឹកមកពីតំបន់ Basque (ដូចជា Unai Emery, Andoni Iraola និង Xabi Alonso) ព្រមទាំងសង្កត់ធ្ងន់ថា Arteta កំពុងដឹកនាំក្រុមតទល់នឹងក្រុមខ្លាំងៗនៅ Champions League និងឈរក្នុងជួរអ្នកចាត់ការល្អបំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន។
ប្រែសម្រួល៖ គីរី
