បាសេឡូណា ៖ ខ្សែបម្រើឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Pedri បានលើកសរសើរអតីតមិត្តរួមក្រុម Lionel Messi ថាជាកីឡាករដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ព្រមទាំងបានអំពាវនាវ ឱ្យក្លិបយក្សកាតាឡាន់មួយនេះ រៀបចំពិធីលាគ្នាជាផ្លូវការមួយដែលស័ក្តិសមនឹងកិត្តិនាម របស់វីរបុរសរូបនេះ នេះបើយោងតាមបទសម្ភាសន៍ជាមួយបណ្តាញសារព័ត៌មាន DSports។
Pedri ដែលបានឡើងមកកាន់ក្រុមធំរបស់ Barca និងបានលេងរួមគ្នាជាមួយ Messi ត្រឹមតែមួយរដូវកាលប៉ុណ្ណោះ មុនពេលខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះត្រូវបង្ខំចិត្តចាកចេញទៅ Paris Saint-Germain កាលពីឆ្នាំ២០២១ ដោយសារវិបត្តិហិរញ្ញវត្ថុរបស់ក្លិប បានបង្ហាញការសោកស្តាយដែលពេលវេលារៀនសូត្រពីកីឡាករជើងចាស់រូបនេះមានរយៈពេលខ្លីពេក។
កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ ២៣ ឆ្នាំរូបនេះបានបញ្ជាក់ថា «សម្រាប់ខ្ញុំ Messi គឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ខ្ញុំដឹងថាមនុស្សមួយចំនួនមានទស្សនៈផ្សេង ប៉ុន្តែផ្អែកលើអ្វីដែលខ្ញុំបានឃើញផ្ទាល់ភ្នែក គឺគ្មាននរណាម្នាក់អាចប្រៀបផ្ទឹមបានឡើយ។ ខ្ញុំមានសំណាងដែលបានលេងក្បែរគាត់មួយឆ្នាំពេញ ប៉ុន្តែមួយឆ្នាំនោះហាក់ខ្លីពេក។ គាត់ពិតជាសមនឹងទទួលបានពិធីលាគ្នាដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យរបស់គាត់នៅ FC Barcelona»។
ទន្ទឹមនឹងនេះ Pedri ក៏បានទម្លាយពីចិត្តស្មោះស្ម័គ្រចំពោះក្រុមជម្រើសជាតិអាហ្សង់ទីន និងក្លិបនៅអាមេរិកខាងត្បូងផងដែរ ដោយសារតែការកោតសរសើរចំពោះ Messi តាំងពីកុមារភាព។ លោកបានបញ្ជាក់ថា រាល់ពេលដែលអេស្ប៉ាញធ្លាក់ចេញពីការប្រកួតពានរង្វាន់អន្តរជាតិ លោកតែងតែងាកមកគាំទ្រក្រុមអាហ្សង់ទីន ហើយនៅលីគអាហ្សង់ទីន លោកក៏គាំទ្រក្លិប Newell’s Old Boys ផងដែរ។
បច្ចុប្បន្ន Messi បានបញ្ចប់អាជីពអន្តរជាតិជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនរួចរាល់ហើយ និងកំពុងផ្តោតលើការប្រកួតក្នុងក្របខ័ណ្ឌ MLS ឱ្យក្លិប Inter Miami ទល់នឹង New York Red Bulls ខណៈដែល Pedri និងមិត្តរួមក្រុម Barcelona កំពុងត្រៀមខ្លួនប្រកួតប្រជែងក្នុងជំនួបដ៏កក្រើក El Clásico ទល់នឹង Real Madrid នៅថ្ងៃអាទិត្យនេះ។
ប្រែសម្រួល៖ គីរី
