កីឡា

Lamine Yamal ជួលយន្តហោះឯកជន នាំក្រុមគ្រួសារទៅទីក្រុងឡុងដ៍ ត្រៀមអបអរការឈ្នះពាន Ballon d’Or

ឡុងដ៍ ៖ កីឡាករវ័យក្មេងឆ្នើមរបស់ក្លឹប FC Barcelona កីឡាករ Lamine Yamal បានសម្រេចចិត្តជួលយន្តហោះឯកជនមួយគ្រឿង (Private Jet) ដើម្បីដឹកក្រុមគ្រួសារ និង មនុស្សជាទីស្រលាញ់របស់ខ្លួន ធ្វើដំណើរឆ្ពោះទៅកាន់រដ្ឋធានីឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីចូលរួមព្រឹត្តិការណ៍ ប្រគល់ពានរង្វាន់បាល់មាស Ballon d’Or ដែលរៀបចំឡើងយ៉ាងឱឡារិក ព្រមទាំងត្រៀមរៀបចំពិធីជប់លៀង អបអរសាទរជ័យជម្នះជាមុនផងដែរ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន VN Express ថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៦។

យោងតាមការចុះផ្សាយរបស់ស្ថានីយវិទ្យុអេស្ប៉ាញ Cadena COPE តារាបាល់ទាត់វ័យ ១៩ ឆ្នាំរូបនេះ បានរៀបចំដំណើរកម្សាន្តនេះដោយឯករាជ្យផ្ទាល់ខ្លួន ពោលគឺដាច់ដោយឡែកទាំងស្រុងពីការរៀបចំរបស់ក្លឹប Barcelona។ ជើងហោះហើរពិសេសនេះ គ្រោងនឹងចាកចេញនៅព្រឹកថ្ងៃចន្ទ ដើម្បីធានាថា Yamal និងក្រុមគ្រួសារនឹងទៅដល់ទាន់ពេលវេលាសម្រាប់ពិធីប្រគល់ពានរង្វាន់ដ៏មានកិត្យានុភាព ដែលនឹងចាប់ផ្តើមនៅវេលាម៉ោង ៩:០០ យប់ នៅរោងមហោស្រព London Palladium។ លើសពីនេះ ក្រុមការងារផ្ទាល់ខ្លួន របស់គេ ក៏ត្រូវបានគេរាយការណ៍ថា នឹងរៀបចំកម្មវិធីជប់លៀងដ៏ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រសិនបើរូបគេត្រូវបានប្រកាសជាម្ចាស់ពាន Ballon d’Or ពិតមែននោះ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះ ក៏ធ្លាប់បានរៀបចំពិធីអបអរសាទរស្រដៀងគ្នានេះនៅទីក្រុងប៉ារីស ប្រទេសបារាំងផងដែរ ប៉ុន្តែបានត្រឹមតែការខកចិត្តត្រឡប់មកវិញ បន្ទាប់ពីពានរង្វាន់នេះបានធ្លាក់ទៅលើកីឡាករ Ousmane Dembélé។

Lamine Yamal ត្រូវបានចាត់ទុកជាបេក្ខភាពឈានមុខគេមួយរូបក្នុងការដណ្តើមពានរង្វាន់ Ballon d’Or ឆ្នាំនេះ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ និងជោគជ័យយ៉ាងត្រចះត្រចង់ ទាំងជាមួយក្លឹបអាជីព និងក្រុមជម្រើសជាតិ។ ទន្ទឹមនឹងនេះ រូបគេក៏ត្រូវបានគេរំពឹងខ្ពស់ថានឹងឈ្នះពានរង្វាន់កីឡាករវ័យក្មេងឆ្នើមប្រចាំឆ្នាំ (Kopa Trophy) ជាលើកទី ៣ ជាប់ៗគ្នាផងដែរ ដោយមានមិត្តរួមក្រុមទាំងនៅ Barcelona និងក្រុមជម្រើសជាតិអេស្ប៉ាញ Pau Cubarsí ជាគូប្រជែងចម្បង។

កន្លងមក Yamal រួមជាមួយមិត្តរួមក្រុម Barcelona បានឈ្នះពានរង្វាន់ជាច្រើននៅកម្រិតក្លឹប ហើយរូបគេក៏ជាចំណែកដ៏សំខាន់ដែលជួយឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ គ្រងជើងឯកពានរង្វាន់ពិភពលោក World Cup ឆ្នាំ ២០២៦ ផងដែរ។

សម្រាប់ព្រឹត្តិការណ៍នៅទីក្រុងឡុងដ៍លើកនេះ ក្លឹបយក្សកាតាឡាន់ Barcelona បានបញ្ជូនគណៈប្រតិភូជាច្រើនរូបចូលរួម ដោយដឹកនាំផ្ទាល់ដោយលោក Joan Laporta ប្រធានក្លឹប។ ក្លឹបមានវត្តមានបេក្ខភាពឈរឈ្មោះយ៉ាងច្រើនលើគ្រប់ប្រភេទពានរង្វាន់ ទាំងបាល់ទាត់បុរស និងនារី រួមមានកីឡាករ Pau Cubarsí, Rodri, Joan García ព្រមទាំងលោក Pere Romeu គ្រូបង្វឹកនៃក្រុមបាល់ទាត់នារីរបស់ Barcelona ផងដែរ៕

ប្រែសម្រួល៖​ គីរី

Most Popular

To Top