កីឡា

លោក Jurgen Klopp លើកឡើងពីកីឡាករ Nico Tresoldi បន្ទាប់ពីតាមដានទម្រង់លេង របស់ខ្សែប្រយុទ្ធរូបនេះ

​បរទេស៖ គ្រូបង្វឹកក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក ចឺហ្គិន ក្លុប (Jurgen Klopp) បានទម្លាយឱ្យដឹងថា លោកកំពុងមានទំនាក់ទំនងជាប្រចាំជាមួយខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Club Brugge គឺកីឡាករ នីកូ ត្រេសូលឌី (Nico Tresoldi) បន្ទាប់ពីកីឡាកររូបនេះ បង្ហាញទម្រង់លេងស៊ុតបញ្ចូលទីយ៉ាងគួរឱ្យចាប់អារម្មណ៍។ ថ្លែងបន្ទាប់ពីការប្រកាសបញ្ជី ឈ្មោះកីឡាករទាំង ២៤រូប សម្រាប់ការប្រកួតពានរង្វាន់ Nations League នាពេលខាងមុខទល់នឹងក្រុមជម្រើសជាតិស៊ែប៊ី និងហូឡង់ លោក Klopp បានបញ្ជាក់ថា កីឡាករវ័យក្មេងរូបនេះកំពុងស្ថិតក្នុងក្រសែភ្នែករបស់លោកយ៉ាងពិតប្រាកដ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី៥  ខែវិច្ឆិកា  ឆ្នាំ២០២៦ ។

​អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអាល្លឺម៉ង់ លោក Jurgen Klopp បានបញ្ជាក់បន្ថែមថា ខ្សែប្រយុទ្ធវ័យក្មេង Nico Tresoldi កំពុងស្ថិតក្រោមការពិចារណាយ៉ាងសកម្ម សម្រាប់ការកោះហៅចូលក្រុមជម្រើសជាតិឈុតធំ។ គ្រូបង្វឹកវ័យ ៥៩ឆ្នាំរូបនេះ បានគូសបញ្ជាក់ពីទម្រង់លេងនាពេលថ្មីៗនេះរបស់ខ្សែប្រយុទ្ធរូបនេះ ខណៈពេលដែលលោកកំពុងពន្យល់ពីដំណើរការជ្រើសរើសសម្រាប់បញ្ជីឈ្មោះកីឡាករទាំង ២៤រូបចុងក្រោយ។

​ខ្សែប្រយុទ្ធកើតនៅប្រទេសអ៊ីតាលី ដែលកំពុងលេងឱ្យក្លិប Club Brugge ក្នុងព្រឹត្តិការណ៍ UEFA Champions League រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ពីក្រុមការងាររៀបចំក្រុមជម្រើសជាតិ បន្ទាប់ពីស៊ុតបញ្ចូលទីគ្រាប់បាល់ជ័យជម្នះយ៉ាងអស្ចារ្យ ក្នុងការប្រកួតក្រៅដីទល់នឹងក្រុម Eindhoven។

​ទោះបីជាមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីឈ្មោះក្រុមធំសម្រាប់ការប្រកួត Nations League នាពេលខាងមុខក៏ដោយ ក៏លោក Klopp បានបញ្ជាក់យ៉ាងច្បាស់ថា កីឡាករជម្រើសជាតិអាល្លឺម៉ង់អាយុក្រោម ២១ឆ្នាំ (U21) រូបនេះ នៅតែជាគោលដៅដ៏សំខាន់សម្រាប់តំបន់ប្រយុទ្ធរយៈពេលវែងរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ដដែល។

​ថ្លែងទៅកាន់ទូរទស្សន៍ DFB.TV លោក Klopp បានកោតសរសើរចំពោះគុណភាពលេងភ្លាមៗនៅលើទីលានរបស់ Tresoldi និងបានបញ្ជាក់ពីការទំនាក់ទំនងផ្ទាល់រវាងក្រុមគ្រូបង្វឹក និងកីឡាកររូបនេះ។ លោក Klopp បានថ្លែងថា៖ “សម្រាប់ Nico Tresoldi គឺស្ទើរតែដូចគ្នាទាំងស្រុង។ គេទើបតែបានស៊ុតបញ្ចូលទីមួយគ្រាប់យ៉ាងអស្ចារ្យកាលពីយប់មិញ នៅក្នុងការប្រកួតឈ្នះក្រៅដីមួយផ្សេងទៀតនៅឯកីឡដ្ឋានរបស់ក្រុម Eindhoven”។

ប្រែសម្រួល៖ គីរី

Most Popular

To Top